គួរ​បញ្ចប់​វប្បធម៌​អន្តរាគមន៍ និង​រត់ការ​!

257
ចែករម្លែក

ប៉ូលិស​បីនាក់ ក្នុងនោះ​ម្នាក់​មាន​ឋានៈ​ជា​អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​បក្ខពួក​ចំនួន​ពីរ​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​រត់​ការយកលុយ​បួន​ម៉ឺន​ដុល្លារទៅ​សូក​ស្នងការ​នគរបាលខេត្តកំពង់ស្ពឺ ដើម្បី​ដោះលែង​ក្រុម​ជនជាតិចិនចំនួន ១៨​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

​ប៉ូលិស​ទាំង ៣​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ រួមមាន​៖ ១. ឈ្មោះ សឿ ស៊ីថា ភេទ​ប្រុស អនុប្រធាននាយកដ្ឋាន​មួយ នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ២. ឈ្មោះ រ​ត្ឋ័ ពិន ភេទ​ប្រុស​មន្ត្រី​ការិយាល័យ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋានអត្តសញ្ញាណ​កម្ម និង​៣. ឈ្មោះ វណ្ណ សុភាព មន្ត្រី​ការិយាល័យ​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​
​ ​
​មន្ត្រីនគរបាល​ទាំងបី​នាក់​ខាងលើ បាន​រត់ការ យកលុយ​ចំនួន​បួន​ម៉ឺន​ដុល្លារ​ទៅ​សូកស្នងការ​នគរបាលខេត្តកំពង់ស្ពឺ ដើម្បី​ដោះលែង​ជនជាតិ​ចិន ទាំង ១៨​នាក់​។ ជនជាតិ ចិន​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ដី​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ចារ ឃុំ​ស្វាយច​ចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​
​ ​
​ក៏ប៉ុន្តែ​ករណី​រត់ការ ដើម្បី​ដោះលែង​ជន​ជាតិចិន​ទាំងនេះ មិនបាន​សម្រេច ​ហើយ​ប៉ូលិសទាំង​៣​នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចូលរួម​ស៊ើបអង្កេត ស្រាវជ្រាវ​រក​បណ្តាញ​នៃ​ករណី​អន្តរាគមន៍ និង​រត់ការ​នេះ​។​
​ ​
​ជាការ​ពិត មិនមែន​មានតែ​ករណី​ប៉ូលិស​បីនាក់ដែល​ទើប​ចាប់ខ្លួន​នេះ​ទេ ដែល​ចេះ​ចេញមុខ​អន្តរាគមន៍ និង​រត់ការ​នោះ គឺ​កន្លងមក មិន​ថាក្នុង​ជួរ​ប៉ូលិស មន្ត្រីរាជការ​ក្រសួង មន្ទីរ​ស្ថាប័នរដ្ឋ និង​នៅ​ស្ថាប័ន​តុលាការ​នោះទេ​។ នៅពេល​មានរឿង​អ្វី​កើតឡើង​ មន្ត្រីប៉ូលិស​មួយចំនួន មន្ត្រីរាជការ​មួយចំនួន និង​មន្ត្រី​នៅ​តុលាការ​មួយចំនួន​រាប់ទាំង​មន្ត្រីថ្នាក់ភូមិ ឃុំ​សង្កាត់ ស្រុក​ខណ្ឌ​ក្រុង ថ្នាក់​ខេត្ត​រាជធានី រហូតដល់​ថ្នាក់​ក្រសួង​មន្ទីរ​ សុទ្ធតែចេះ​អន្តរាគមន៍ និង​រត់ការ​ដើម្បី​បាន​លុយ​ពី​អ្នក​ពឹង​ទាំងអស់​។​
​ ​
​នៅ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​សង្កាត់​ក៏​មិន​ខុសគ្នា​ដែរ​។ ពេល​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ចង់​ធ្វើសៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​នានា នៅ​ឃុំ​សង្កាត់ ជាដើម គឺមាន​មន្ត្រី​សាលាឃុំ​សង្កាត់ និង​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សង្កាត់​មួយចំនួនមាន​ជំនាញ ចាំ​រត់ការដើម្បី​យក​ថ្លៃ​សេវា​។ ចំ​អ្នកមាន​លុយ មិន​អី​ទេ តែបើ​ចំ​ប្រជាពលរដ្ឋ ទីទ័លក្រ គឺ​លំបាក​បន្តិច​។​
​ ​
​ជា​បទពិសោធន៍​ជាក់ស្តែង ប្រជាពលរដ្ឋដែល​ទៅរក​សេវាសាធារណៈ នៅ​សាលាឃុំ សង្កាត់ ឬ​នៅ​ប៉ុស្តិ៍​ប៉ូលិស តែងតែ​ជួប​បញ្ហា និង​ស្មុគស្មាញ​មួយចំនួន បើសិនជា​មិន​ឲ្យមន្ត្រី​ភូមិ​ឃុំ​សង្កាត់ ឬក៏​ប៉ូលិស​ប៉ុស្តិ៍ រត់ការ​ឯកសារ​អ្វី​ឲ្យ​ទេនោះ​។ បញ្ហា​មួយចំនួន​នោះ ដូចជា ខុស​ឯកសារ​នេះ ខុស​ឯកសារ​នោះ ឬក៏​រកម​ន្ត្រី ដែល​ត្រូវ​បញ្ជាក់​លើ​លិខិតស្នាម​នោះ រក​មិន​ជួប មិន​នៅ​កន្លែង ជាដើម​។​
​ ​
នៅ​ស្ថាប័ន​តុលាការ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះទេ​។ ជា​រើ​យៗ មាន​សេចក្តី​រាយការណ៍ ពី​អ្នក​រត់ការ លើ​សំណុំរឿងនៅ​តុលាការ​។ អ្នក​រត់ការ​ទាំងនោះ ជា​មន្ត្រី​តុលាការ​មួយចំនួន ក្រឡាបញ្ជី​មួយចំនួន​។​
​ ​
​យ៉ាងណាក៏ដោយ នៅពេល​មាន​ករណី​ចាប់ខ្លួន​ប៉ូលិស​បីនាក់ ដែល​បាន​ស្វះស្វែង​រត់ការមិន​សម្រេច ដើម្បី​ដោះលែង​ជនជាតិ​ចិននៅ​ខេត្តកំពង់ស្ពឺ​នេះ គេ​ជឿថា សកម្មភាព​អ្នករត់ការ រួមទាំង​អ្នក​អន្តរាគមន៍ នឹងត្រូវ​ស្ងប់ស្ងាត់ ហើយ​ក្រុម​អ្នក​រត់ការ និង​អ្នក​អន្តរាគមន៍ ក៏​គួរតែ​មើល​ផង កុំ​ចេះតែ​ហ៊ាន​គ្រប់​រឿង​។ មើល​ផង​ថា តើ​រឿង​ណាដែល​អាច​រត់ការ ឬ​អន្តរាគមន៍​បាន បើ​រឿងរ​សើបៗ គួរតែ​កុំ​លូកដៃ ដែល​អាច​នឹង​នាំ​ឲ្យ​មិន​សម្រេច ហើយ​ថែមទាំង​មានរឿង​ដល់​ខ្លួន​ថែម​ទៀតផង​។ ចូរ​កុំភ្លេចថា នៅ​សម័យ​តេ​ជោ​នេះទៅហើយ មិនអាច​បន្ត​វប្បធម៌​អន្តរាគមន៍​ពី​អ្នកធំ ឬក៏​វប្បធម៌​រត់ការ សូកប៉ាន់​ប៉ូលិស តុលាការ​ដោយ​ខុសច្បាប់​បាន​ទៀត​ទេ ព្រោះ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​បំបាត់អំពើពុករលួយ សូកប៉ាន់​គ្រប់​រូបភាព​៕ ដោយ​: ម៉េង​ឆៃ​/Ha