គួរ​បញ្ឈប់​ប្រើពាក្យ “​របប​ក្រុងភ្នំពេញ និង របប ហ៊ុន សែន​”

988
ចែករម្លែក
  • 8
    Shares

រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​រាជរដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត និង​ជា​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​បែរជា​មាន​អ្នកនយោបាយ​រត់ចោលស្រុក​ខ្លះ និង​វិទ្យុ​បរទេសមួយ​ដំបរ​ស្វា បាន​ប្រើពាក្យ​ថា របប​ក្រុងភ្នំពេញ និង​ប្រើពាក្យ​ថា របប ហ៊ុន សែន ទៅវិញ ដែល​ការប្រើ​ពាក្យ​នេះ ហាក់ដូចជា​ការកំណត់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ស្របច្បាប់​។

​អ្វីដែល​ក្រុម​អគតិ​ប្រើពាក្យ​នេះ “​របប​ក្រុងភ្នំពេញ និង​ប្រើពាក្យ​ថា របប ហ៊ុន សែន​” គឺ​វា​បាន រំលោភ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៨៣​ភាគរយ​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ពេញចិត្ត និង​ផ្ទុយ​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។ ពាក្យ​ដែល​ក្រុមប្រឆាំង​និយម​ជ្រុល ប្រើពាក្យ​នេះ គឺមាន​ចរិត​ជាការ​ញុះញង់ ធ្វើ​វិ​ទ្ធ​វង្ស​នា​បំបែកបំបាក់​សាមគ្គី និង​ឯកភាព​ជាតិ របស់​កម្ពុជា ដែល​បាន​នឹង​កំពុង​រស់នៅក្នុង​សុខសន្តិភាព រីកចំរើន និង​ការអភិវឌ្ឍន៍​ក្រោម​ការ ដឹកនាំ​របស់​បុរស​ខ្លាំង គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
​ ​
ក្នុង​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​២ កាលពី​ថ្ងៃទី​១៧ ខែមករា កន្លងទៅ​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានស្នើ​ឱ្យ​អ្នក​ដែល​ប្រើពាក្យ “​របប​ក្រុងភ្នំពេញ និង​របប ហ៊ុន សែន​” ពិចារណា​ឡើង វិញ​ចំពោះ​ការប្រើ​ពាក្យ​បែបនេះ ព្រោះ​វា​មានន័យថា មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ និង​លាប​ពណ៌ ថា ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​។ ដោយ​សម្តេច​បានបញ្ជាក់​ថា “…​មាន​អ្នកខ្លះ​ប្រើពាក្យ​ថា របប​ក្រុងភ្នំពេញ​-​របប ហ៊ុន សែន តាម​ខ្ញុំ​យល់ ខ្ញុំ​គិតថា ការប្រើ​ពាក្យ​បែបនេះ ហាក់បីដូចជា រមៀល​ទៅរក​ការ​កំណត់ថា របប​នេះ រដ្ឋាភិបាល​នេះ គឺ​មិន​ស្របច្បាប់ រដ្ឋាភិបាល​ខុសច្បាប់ បើសិនជា​ទៅជា​ចឹ​ង​មែន អ្នក​ដែល​លើកឡើង​ពាក្យ​នេះ សូម​ឲ្យ​លោក​ពិចារណា​ថា ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បាន​ទៅ​បោះឆ្នោត គ្មាន​អំពើហិង្សា ដោយ​រលូន និង​មាន​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ទោះបីជា​គេ​បានលើកឡើង បញ្ហា​នេះ បញ្ហា​នោះ ក៏ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល ប្រមុខរដ្ឋ​ក៏បាន​សរសេរ​សំបុត្រ​មក​ជូនពរ ស្វាគមន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​និង​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​ជាមួយគ្នា​ទៀត នេះ​មិន​និយាយ​បណ្តា​ប្រទេស​នៅ​អាស៊ាន​ទេ សូម្បី​សហរដ្ឋ​អាម៉េរិក​ក៏​ដូចគ្នា​ចឹ​ង​ដែរ​”​។​

​សម្តេច​ក្រឡាហោម​បាន​សង្ក​ត​ធ្ងន់​ថា យ៉ាងណាក៏ដោយ​ក៏ត្រូវ​គិតពី​តម្លៃ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង ៨៣​ភាគរយ ទៅ​បោះឆ្នោត ហើយ​ការប្រើ​ពាក្យ​របប​ក្រុងភ្នំពេញ និង​របប ហ៊ុ សែន វា​ធ្ងន់​ដែរ និង​មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​។​
​ ​
ចំណែក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​យល់ឃើញថា ការប្រើប្រាស់ ពាក្យ “​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន​” គឺមាន​ចរិត​ជាការ​ញុះញង់ ធ្វើ​វិ​ទ្ធ​វង្ស​នា បំបែកបំបាក់​សាមគ្គី និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា ដែល​បាន​នឹង​កំពុង​រស់នៅ​ក្នុងសង្គម មួយ​ដែលមាន​សុខដុម​នីយកម្ម និង​កំពុងប្រកាន់យក​ការអនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ​យ៉ាង ម៉ឺងម៉ាត់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​។

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ហៅ​ការប្រើប្រាស់​ពាក្យ​“​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន​” ថា បាន​បង្កប់​នូវ​អត្ថន័យ និង​ខ្លឹមសារ​ប្រឆាំងនឹង​សុ​ឆន្ទៈ​ប្រជាជន​កម្ពុជា ដែល​ចង់បាន សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព និង​ការអភិវឌ្ឍ​សង្គម​ក្រុមគ្រួសារ និង​ជាតិខ្មែរ​ទាំងមូល ក្រោម​រាជរដ្ឋាភិបាល​ជាប់ឆ្នោត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

​ជាមួយគ្នានេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​រាល់​ភាគី​ពាក់ព័ន្ធ និង​បណ្តាញ សារព័ត៌មាន​មួយចំនួន បញ្ឈប់​ការប្រើប្រាស់​ពាក្យ​ខាងលើនេះ បើ​ពុំ​ដូច្នេះ​ទេ ការិយាល័យ​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល នឹង​សើរើ​ពិនិត្យ​ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ណា ដែល​មិន​ឆ្លើយតប​ទៅ នឹង​ការអំពាវនាវ​នេះ​។​

​ពិតណាស់​ទាក់ទង​ការប្រើ​ពាក្យ “​របប​ក្រុងភ្នំពេញ និង​ប្រើពាក្យ​ថា របប ហ៊ុន សែន​” ទាំង​អ្នកនយោបាយ​ខ្លះ ,​សារព័ត៌មាន​ខ្លះ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ប្រកាន់​វិជ្ជាជីវៈ ក្រមសីលធម៌​គួរតែ​ពិចារណា​ឡើងវិញ​អំពី​ការប្រើប្រាស់​ពាក្យពេចន៍​នេះ​។ ដើម្បី​ផល ប្រយោជន៍​ខ្លួន និង​បក្ខ​ពួកខ្លួន​មួយ​ក្តាប់​តូច​មិនគួរ​បំផ្លាញ​អ្វីដែល​ជាការ​ខិតខំ​ប្រឹង​ប្រែង របស់​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​។ អ្វីដែល​ក្រុមប្រឆាំង​នៅក្រៅ ស្រុក​បាន​នឹង​កំពុងតែ​ប្រឹង​ស្រែក​តាម​វិទ្យុ​បរទេស​សម្អុយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ឲ្យ​អន្តរជាតិ ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល ជាពិសេស​ឲ្យ​គេ​ផ្តាច់ជំនួយ និង​ចេះ​ត​តែ​ចង់​ទាមទារ​ប្តូរ​របប​នោះ គឺ​វា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះទេ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏បាន​ដឹង​ច្បាស់​ពី​គំនិត របស់​ក្រុមប្រឆាំង​នៅក្រៅ​ស្រុក​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សុខសន្តិភាព គ្មាន​សង្គ្រាម និង​មិន​ចង់​បែកបាក់​ក្រុមគ្រួសារ​តទៅ ទៀត​ទេ​។ អ្វីដែល​រាជរដ្ឋាភិបាល​កំពុងតែ​ខិតខំ​ធ្វើ​តាំងពី​បាតដៃ​ទទេ រហូតមកដល់​បច្ចុប្បន្ន គឺ​ប្រជាពលរដ្ឋ​បានដឹង​កាន់តែច្បាស់​ថា តើ​អ្នកណា​ជា​អ្នកធ្វើ អ្នកណា​ជា​អ្នក​បំផ្លាញ​? ហេតុនេះ អ្វីដែល​ក្រុមមនុស្ស​មួយ​ក្តាប់​តូច​កំពុងតែ​ធ្វើ និង​កំពុងតែ​ខិតខំ​ប្រឹង​ស្រែកថា “​របប​ក្រុងភ្នំពេញ និង​ប្រើពាក្យ​ថា របប ហ៊ុន សែន​” គួរតែបញ្ឈប់​ទៅ ។ ជា​ស្មារតី​ជួយ​ជាតិ​និង​ប្រជាជន​ដោយ ពិតប្រាកដ​គួរ​យកគំនិត​ដែល​ល្អៗ​មកជួយ​រិះគន់​ដើម្បី​ជួយ​ស្ថាបនា​ប្រទេសជាតិ​ឲ្យ​មាន​ការរីក ចម្រើន កាន់តែខ្លាំង​ឡើង​ដូច​ប្រទេសជិតខាង​៕ ដោយ​: មុនី​រ័ត្ន​