គួរ​ប្រយ័ត្ន​! រកឃើញ​សារធាតុ​គីមី​នៅក្នុង​ផ្កា​គូឆាយ ដែល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ

3198
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមមន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ត្រួត​ពិនិត្យមើល​ចំណី អាហារ និង​បន្លែ ប្រមាណ​ជាង​៦០​មុខ នៅក្នុង​ផ្សារ​អូរ​ឫ​ស្សីកាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ ដោយបាន​រកឃើញ​សារធាតុ​គីមី នៅក្នុង​ផ្កា​គូ​ឆាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល​ខ្លាំង​ដល់​សុខភាព​អ្នក​បរិភោគ​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ នៅ​ផ្សារ​នោះ លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុមការងារ​របស់លោក ចុះ​ត្រួតពិនិត្យ​ទំនិញ​ស្រាវជ្រាវ​ទប់ស្កាត់​នូវ​ទំនិញ​ខូចគុណភាព ដែល​ជនខិលខូច​មួយចំនួន​លួច បញ្ចេញ​មក​លក់​ចែកចាយ​លើ​ទីផ្សារ បានធ្វើ​តេស្ត​បម​ឋ និង​យក​គំរូ​ចំនួន​៦៤​មុខ ដែល​សង្ស័យ​មាន​ហានិភ័យ​ខ្ពស់​ដូចជា សរសៃ​មី​លឿង ប្រហិត​សាច់គោ មឹក បង្គារ ត្រីងៀត ត្រី​ហើម សាច់ក្រក​បាញ់​កាញ់ លត គុយទាវ​សរសៃ​ធំ គុយទាវ​សរសៃ​តូច គ្រឿង​សមុទ្រ ផ្លែឈើ​គ្រប់មុខ បន្លែ​គ្រប់មុខ​បញ្ជូនមក​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​។ ក្រោយ​ការពិនិត្យ​បាន​រកឃើញ​សារធាតុ​គីមី ដែល​ហាមឃាត់​នៅក្នុង​ផ្កា​គួរ​ឆាយ​។ ហើយ​បន្ទាប់ពី​រកឃើញ​ក្រុមការងារ​របស់លោក​បាន​ដកហូត​ភ្លាមៗ ផងដែរ​។​

​អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់ អ្នក​ចែកចាយ​លក់ដុំ លក់រាយ អ្នក​ផលិត នាំចូល​ចែកចាយ ត្រូវតែមាន​ប្រភព​ច្បាស់លាស់​សិន មុននឹង​ទទួល​លក់ ហើយ​បញ្ចប់​ការ​លាយ​បន្ថែម​នូវ​សារ​ធាតុគីមី ទៅលើ​ផលិតផល​ម្ហូបអាហារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​៕ ល​