គួរ​អាណិត​សា​ឡង់​ជាប់​គឿង​ឬ​អាសូរ​ស្ពាន​ព្រែ​កតា​មាក់​តម្លៃ​រាប់សិប​លាន​ដុល្លារ​?

120
ចែករម្លែក

សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង ចំណុះ​ប្រមាណ ៨០០ តោន បាន​បុក​គាប​ជាប់​នឹង​សសរ ស្ពាន​ព្រែ​កតា​មាក់ នៅ​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា កន្លងទៅ​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​នេះ បើកបរ​ដោយ​ឈ្មោះ ភា រម្យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន ធ្វើដំណើរ​តាម​បណ្តោយ​ខ្សែទឹក​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​សសរស្ពាន​ទី​៨ នៃ​ស្ពាន ព្រែក​តា​មាក់ ទើរ​ជាប់​នឹង​សសរ (​ស្ថិតនៅ​ចន្លោះ​សសរស្ពាន​សម្រាប់ធ្វើ​នាវាចរណ៍​) ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយគ្រឿង​ទៀត​មាន​ផ្ទុក​មនុស្ស​ច្រើន​បើក​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ទូក​នេសាទ​របស់ បងប្អូន​ខ្មែរ​អ៊ីស្លាម​។​

​នៅ​រសៀល​ថ្ងៃទី​៩ ខែកញ្ញា បន្ត​ដល់​ថ្ងៃទី​១០​ខែកញ្ញា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជិះ​កាណូត ពិនិត្យ​ផ្ទាល់ និង​ដឹកនាំ​កម្លាំង​ជំនាញ ទាញ​សា​ឡង់​នោះ តែ​នៅតែ​មិនអាច​រក​វិធី​ទាញ​ចេញពី​សសរ ស្ពាន​បានឡើយ​។ មូលហេតុ ត្រូវបាន​មន្ត្រី​ជំនាញ​ថា មកពី​ទឹក​ហូរ​បុក​ខ្លាំង​។​

​ក្នុងនោះ​ក្រុមការងារ​បច្ចេកទេស​ជួយសង្គ្រោះ​របស់​ក្រសួង​រួម​ជាមួយនឹង​អាជ្ញាធរខេត្ត កណ្តាល និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រជុំពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ទាញ រំដោះ​យកសា​ឡង់​នោះ​ចេញពី​ជើង​សសរស្ពាន ដោយ​ប្រើ​នាវា​សណ្តោង​បី​គ្រឿង ក្នុងនោះ​៖ នាវា​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ចំនួន​ពីរ​គ្រឿង និង​នាវា​ក្រុមហ៊ុន Sovereign ចំនួន​មួយគ្រឿង រួមជាមួយ​នាវា​បូម​ខ្សាច់​មួយគ្រឿង​ទៀត ដើម្បី​សម្រាល​បន្ទុក​នាវា ប៉ុន្តែ​ដោយសារ​សា​ឡង់​ដឹក​ខ្សាច់​នោះ មាន​ទម្ងន់​ធ្ងន់​ពេក រួម​ជាមួយនឹង​កម្លាំង​ទឹក ហូរ​គួច​ខ្លាំង ប្រតិបត្តិការ​ធ្វើឡើង​នៅពេល​យប់ និង​ស្ថាន​ភាពមិន​អំណោយផល​ផង ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ មិនអាច​ទាញ​រំដោះ​យកសា​ឡង់​ដឹក​ខ្សាច់​នោះ​ចេញ បានទេ​ហើយ​ប្រតិបត្តិការ​នេះ នៅ​បន្ត​ឈានដល់​ថ្ងៃទី​១០​កញ្ញា​នេះ​។​
​ ​
​សា​ឡង់​ដឹក​ខ្សាច់​នោះ ពាក់​ស្លាក​លេខ ភព​៦. ៨២៦៣ សម្បក​ដែក ម៉ាស៊ីន​ម៉ាក Mitsubishi មាន​បណ្តោយ ប្រវែង ៤៣,៣០​ម៉ែត្រ ទទឹង ៨,០៥ ម៉ែត្រ ជម្រៅ​ផ្ទុក​ខ្សាច់ ពេញ ២,៥០​ម៉ែត្រ ។​តាម​ការប៉ាន់ស្មាន​មាន​ទម្ងន់ សរុប​ប្រហែល ៨០០​តោន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូ​វ ចាន់ណា បាន​ចុះបញ្ជី​ការ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១០​។​

​ដោយឡែក ស្ពាន​ព្រែ​កតា​មាក់ ជា​ជំនួយ​របស់​ចិន ចំណាយ​ថវិកា​ប្រមាណ ៤៣,៥ លាន​ដុល្លារ​អាម៉េរិក​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​២០១០​។ ស្ពាន​នេះ ឆ្លងកាត់ ទន្លេមេគង្គ នៅ​ស្រុក​បី គឺ​ស្រុក​ពញាឮ ស្រុក​មុខកំពូល និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​
​ ​
​មន្ត្រី​ជំនាញ​កម្ពុជា​ពីរ​ថ្ងៃ​ហើយ គឺ​នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែកញ្ញា​បាន​ប្រឹងប្រែង​ស្ទើរតែ អស់​លទ្ធភាព​ហើយ នៅតែ​មិនអាច​អូសទាញ យកសា​ឡង់​នោះបានទេ​។​

​មហាជន​លើក​ជា​ចម្ងល់​ថា សា​ឡង់​ដឹក​ខ្សាច់ គឿង​ជាប់​សសរស្ពាន​ព្រែក​តា​មាក់ ដឹក​តែ​ខ្សាច់ ហេតុអ្វី​បានជា​មិនអាច​កាយ​បូម​ខ្សាច់​នោះ​ចេញ​ពីសា​ឡង់​? ឬក៏​សា​ឡង់ នោះ មាន​បង្កប់​ក្បូន​អ្វី​នៅក្រោម​សា​ឡង់ ទើបបានជា​ជាប់គាំង​នឹង​សសរស្ពាន​ទាញ មិន​ចេញ​ដូច្នេះ​? មហាជន​ក៏​លើក​ជា​ដំណោះស្រាយ​ថា បើ​សា​ឡង់​ដឹក​តែ​ខ្សាច់​មែន គឺអាច​បូម​ខ្សាច់ ចេញ​បន្តិច​ម្តងៗ​បានដែរ​។

​ក្នុងនោះ​អ្នកជំនាញ​សា​ធាណ​ការ​ក៏​អា​ចរក​អ្នកជំនាញ​វៀតណាម ចិន​ដែល​ជំនាញ​ខាង ជើង​ទឹក និង​ធ្វើ​ស្ពាន ចូលរួម​ប្រតិបត្តិ​ការអូសទាញ ឬក៏​ត្រូវ​កាត់​សា​ឡង់​នោះ ព្រោះថា បើ​នៅតែ​បន្ត​ទុក​សា​ឡង់​នៅ​សសរស្ពាន​ដូច្នេះ​យូរថ្ងៃ អាច​ប៉ះពាល់​ដល់​ស្ពាន​ដែល​អ្នក ជំនាញការ​ចិន បាន​សាងសង់​ប្រើពេល​យូរ​ឆ្នាំ ទម្រាំ​រួចរាល់​នៅ​ឆ្នាំ​២០១០​។​

​បើសិនជា​ដោះស្រាយ យកសា​ឡង់​ដឹក​ខ្សាច់​នេះ​ចេញ​បាន​ហើយ អាជ្ញាធរ​សមត្ថកិច្ច គួរតែ​ពិន័យ​ម្ចាស់​សា​ឡង់ ហើយក៏​គួរតែ​ពិនិត្យ​ពិ​ច្ច័​យ​ឲ្យ​ច្បាស់​ថា​ពិតជា​សា​ឡង់​ដឹក ខ្សាច់​មែន​ដោយ​មិនមាន​បង្កប់​អ្វី​ផ្សេង​នៅ​ខាងក្រោម​ក្នុង​រដូវ​ទឹក​ឡើង​ដូច​អ្វីដែល​ធ្លាប់ កើតមាន​សម្រាប់​អ្នក​ស្រុកលើ ដែល​តែងតែ​បណ្តែត​ក្បូនឈើ​នៅ​រដូវ​ទឹក​ឡើង នោះទេ​។ វិធានការ​បន្ថែម ត្រូវ​រឹតបន្តឹង ព្រោះថា ករណី​សា​ឡង់ និង​កាណូត​ដឹកទំនិញ ដឹក​ខ្សាច់ បើក​បុក​សសរស្ពាន ក៏បាន​កើតមាន​ជា​ញឹកញាប់ នៅ​ស្ពាន​គី​ហ្ស៊ូ​ណា ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា ស្ពាន​ត្សឹ​បា​សា អ្នក​លឿង ក្នុង​ខេត្តព្រៃវែង ផងដែរ​។​

​ពេលនេះ​តើ​គួរ​អាណិត​សា​ឡង់​ជាប់​គឿង​ឬ​អាសូរ​ស្ពាន​សមិទ្ធិ​សម័យ​តេ​ជោ​តម្លៃ​រាប់សិប​លាន​ដុល្លារ​?៕ ដោយ​:​ម៉េង​ឆៃ​

#