គេចខ្លួន​ជិត​៣​ឆ្នាំ ទីបំផុត​អង្គរក្ស​ដែល​បាញ់សម្លាប់​មនុស្ស​នៅ​ស្រុក​អង្គ​ស្នូល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន អនុវត្ត​ទោស​មួយជីវិត​

1384
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្ដាល​: នគរបាល​ស្រុក​អង្គ​ស្នូល ថ្លែងថា អង្គរក្ស​ម្នាក់​ដែល​បាញ់​១៥​គ្រាប់ បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ ព្រោះ​ទំនាស់​រឿង​ផឹកស៊ី ហើយ​គេចខ្លួន​ជិត​៣​ឆ្នាំ ត្រូវបាន​នគរបាល​ស្រុក​អង្គ​ស្នូល ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តតាកែវ​។

​ជនជាប់ចោទ​ឈ្មោះ ទឹម សារី អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​នគរបាល​អង្គរក្ស ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ផូង វណ្ណ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ប្រព្រឹត្ត​នៅ​ភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន​។

​គួររំលឹកថា លោក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល ធ្លាប់​ថ្លែងថា ជនល្មើស​ឈ្មោះ ទឹម សារី​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស្រី ចាន់​វុទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ​។ លោក​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនល្មើស​បាន​អង្គុយ​ផឹកស្រា​នៅក្នុង​ពិធី​ខួបកំណើត​ចៅ​របស់​ជនរងគ្រោះ ដោយមាន​ភ្ញៀវ​ជា​បងប្អូន​កូនក្មួយ​សាច់ញាតិ​ជិតខាង​ក្នុងភូមិ ចូលរួម​ប្រហែល​៣០​នាក់ ហើយ​កម្មវិធី​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​៥​ល្ងាច​។​

​អធិការ​ដដែល​បញ្ជាក់​ថា ពេល​កំពុង​ហូបចុក​ក៏​ទាស់​ពាក្យសម្តី​គ្នា រហូត​ជនល្មើស​បាន​ទាញ​កាំភ្លើង​មក​បាញ់​ទៅលើ​ជនរងគ្រោះ​រហូត​អស់​មួយ​បង់ ហើយ​មាន​ស្នាម​ធ្លុះ​ចំនួន​១៥​កន្លែង ចំ​ដើមទ្រូង​ចំនួន​១​កន្លែង ចំ​ក្រោម​ក្លៀក​ខាង​ធ្វេ​ង​ចំនួន​២​កន្លែង ចំពោះ​ចំនួន​៤​កន្លែង ចំ​ក្រោម​ដោះ​ខាងស្តាំ​ចំនួន​៣​កន្លែង ចំ​ជង្គង់​ស្តាំ​ចំនួន​៣​កន្លែង និង​ចំ​ជង្គង់​ធ្វេ​ង​ចំនួន​២​កន្លែង បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។ ក្រោយ​ហេតុការណ៍​នេះ ជនល្មើស​បាន​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ មិន​ចាំ​ស្លាក​លេខ រត់គេចខ្លួន​៕ ល​