គេហទំព័រ «​ទី​ចងចាំ​» ​លើកឡើង​អំពី​ប្រវត្តិសាស្ត្រ ការពិភាក្សា និង​ការផ្សះផ្សា ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើ​ជា​ផ្លូវការ​

641
ចែករម្លែក
  • 17
    Shares

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា និង ផាត ចាន់​សុ​និ​តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញៈ ​ការទទួលបាន​នូវ​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​សង្គម​និង​ការអប់រំ​គឺជា​តម្រូវ​ការចាំបាច់​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​។​ព័ត៌មាន​ថ្មីៗ​ទាំងនេះ​ក៏​ជួយ​ដល់​ផ្នត់គំនិត​និង​ការអភិវឌ្ឍ​សង្គមជាតិ​ដែរ​។​ការផ្ដល់ជូន​នូវ​ព័ត៌មាន​ទៅកាន់​សាធារណជន មាន​មធ្យោបាយ​ច្រើនយ៉ាង ដូចជា ទូរទស្សន៍ វិទ្យុ​កាសែត​និង​ទស្សនាវដ្ដី​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក មួយ​នៃ​ប្រភពព័ត៌មាន​។

​មកដល់​សតវត្សរ៍​ទី​២១​នេះ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាពិសេស​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាម​អ៊ីនធឺណិត​។​បច្ចេកវិទ្យា​ព័ត៌មាន​តាម​អ៊ីនធឺណិត​បានផ្ដល់​សារសំខាន់​និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ដល់​សាធារណជន​ដែល​ចង់​សិក្សា​ស្វែងយល់​អំពី​ហេតុការណ៍​វិវឌ្ឍន៍​របស់​សង្គម​ថ្មីៗ​រួមទាំង​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុងពេល​អតីតកាល​។​ដោយ​យល់ឃើញ​អំពី​សារសំខាន់​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្កើត​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​មួយ​ដែលមាន​ឈ្មោះថា «​ទី​ចងចាំ​» ឬ Mapping Memories Cambodia​។ សាធារណជន និង​អ្នកសិក្សា​ស្រាវជ្រាវ​អាច​ចូល​មើល​គេហទំព័រ​នេះ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​អាច​ទាញយក​កម្មវិធី​នេះ​ពី (App or play store) មក​ដាក់​នៅលើ​ទូរស័ព្ទ​ដើម្បី​អាន​។
​គេហទំព័រ «​ទី​ចងចាំ​» ឬ Mapping Memories Cambodia និង​កម្មវិធី (App or play store) នៅលើ​ទូរស័ព្ទ​ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ការចូលរួម​ជា​គណៈអធិបតី​ពី​លោក សោម រតនា សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, លោក ស្រី ជូ​លា អ៊ី​ស​អ្នកសម្របសម្រួល​កម្មវិធី សន្តិភាព​ស៊ីវិល យុត្តិធម៌ និង​ការផ្សះផ្សា​នៅក្នុង​បរិបទ​នៃ​សាលាក្ដី​ខ្មែរក្រហម​, លោកស្រី សូ ហ្វា​រី​ណា នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ សិស្ស និង​និស្សិត​ប្រមាណ​ជា​២៥០​នាក់​។ កម្មវិធី​ទូរ​សព្ទ​ដៃ និង​គេហទំព័រ «​ទី​ចងចាំ​» បានផ្ដល់​ជូន​នូវ​ភាពងាយស្រួល​ដល់​សាធារណជន សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ រួមទាំង​ភ្ញៀវ​ទេសចរណ៍​អាច​កំណត់​ទីតាំង​ប្រវត្តិសាស្ត្រ​នៅក្នុង​របប​ខ្មែរក្រហម​។ នៅក្នុង​គេហទំព័រ​នេះ​ក៏មាន​វីដេអូ​បង្ហាញ​អំពី​រឿងរ៉ាវ​អតីតកាល​ដែល​ទាក់ទង​នឹង​សកម្មភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន នៅក្នុង​របប​ខ្មែរក្រហម​ពី​សំណាក់​អ្នក​រស់រានមានជីវិត​។​

ពិធីសម្ពោធកម្មវិធីទូរសព្ទ និងគេហទំព័រ

​នៅក្នុង​ឱកាស​នៃ​ការសម្ពោធ​គេហទំព័រ «​ទី​ចងចាំ​» ក៏មាន​ការរៀបចំ​សម្ដែង​របាំ​ផ្កាស្លា ក្រោម​ចំណងជើង​ថា «​អន្លង់​ជីវិត​»​។ របាំ​នេះ​និយាយ​អំពី​ការរៀប​ការ​ដោយ​បង្ខំ​របស់​ប្រជាជន​កម្ពុជា​ដែល​រស់នៅក្នុង​របប​ខ្មែរក្រហម​។ ក្រៅពីនេះ​ក៏មាន​ការដាក់​តាំងពិព័រណ៍​រូបថត​អំពី​ទិដ្ឋភាព​ក្នុង​របប​ខ្មែរក្រហម​និង​គំនូរ​ស្ដីពី​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម​។ បន្ទាប់មក ក្រុមនិស្សិត​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ក៏បាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ខ្លីៗ​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ រួមមាន «​អាង​ត្រពាំងថ្ម​» គឺជា​ខ្សែភាពយន្ត​ឯកសារ​ដែល​បានបង្ហាញ​អំពី​ទុក្ខលំបាក​វេទនា​របស់​ប្រជាជន​កម្ពុជា​ដែល​ត្រូវបាន​ខ្មែរក្រហម​បញ្ជា​ឲ្យ​ធ្វើ​ការងារ​ដោយ​បង្ខំ​ទាំងថ្ងៃទាំងយប់​ដើម្បី​លើក​ទំនប់​ដ៏​ធំ​មួយ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧៦​ដើម្បី​បម្រើ​វិស័យ​កសិកម្ម​។ ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩«​អាង​ត្រ​ព្រាំ​ង​ថ្ម​»​បាន​ក្លាយជា​កន្លែង​ចាប់អារម្មណ៍​សម្រាប់​មើល​ប្រភេទ​សត្វ​បក្សី ជាជាង​ទីកន្លែង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​។ ខ្សែភាពយន្ត​ឯកសារ​បន្ទាប់​មាន​ចំណងជើង​ថា «​កោះតាង​» ដែលជា​អតីត​មូលដ្ឋាន​កងទ័ពជើងទឹក​របស់​កម្ពុជា​។ បន្ទាប់ពី​យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​លើ​កងទ័ព លន់ នល់​នៅក្នុង​ឆ្នាំ​១៩៧៥​ខ្មែរក្រហម​បាន​បញ្ជូន​យោធា​របស់ខ្លួន​ឲ្យ​ទៅ​ឈរជើង​នៅ​កោះតាង​ដើម្បី​យាមល្បាត​ដែនសមុទ្រ​កម្ពុជា​។​អំឡុង​ពេលនោះ​យោធា​ខ្មែរក្រហម​ក៏បាន​ប្រទះឃើញ​កប៉ាល់​ម៉ា​យ៉ា​ហ្គេ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​ទីនោះ ជាហេតុ​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា និង​បណ្តាល​ឲ្យ​យោធា​ទាំងសងខាង​ស្លាប់​រាប់រយ​នាក់​។ ចំណែក​ខ្សែភាពយន្ត​ឯកសារ​មាន​ឈ្មោះថា «​រឭក​» និយាយ​អំពី​បុរស​ម្នាក់​ឈ្មោះ សយ សែន គឺជា​អ្នក​ដែល​រស់រានមានជីវិត​ពី​គុក​ក្រាំង​តា​ចាន់​។ សែន តែង​នឹករឭក​ដល់​បុរស​ម្នាក់​ឈ្មោះ ឆេន គឺជា​អ្នក​ជួយ​ជីវិត​របស់គាត់​ឲ្យ​រួច​ផុតពី​ការសម្លាប់​ពី​សំណាក់​យោធា​ខ្មែរក្រហម​។
​ភាពយន្ត​ឯកសារ​មួយទៀត​មានឈ្មោះ «​សមរភូមិ​ក្នុង​ប្រាសាទ​»​។ ក្រុមនិស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​បាន​លើកយក​ប្រាសាទបេង​មាលា​គឺជា​តំបន់​ប្រយុទ្ធ​ខ្លាំងក្លា​ក្នុងចំណោម​តំបន់​ប្រាសាទ​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប ក្នុងសម័យ​ខ្មែរក្រហម​។ សង្គ្រាម​នេះ​បាន​បន្ត​រហូតដល់​ឆ្នាំ​១៩៩៧ ទើបបាន​បញ្ចប់​ទាំងស្រុង​។ សង្គ្រាម​បាន​បង្ក​ឲ្យ​ប្រាសាទបេង​មាលា​រង​ការ​ខូច​ខាង​យ៉ាងដំណំ គួរ​ជាទី​ស្ដាយស្រណោះ​ក្រៃលែង​។ ចំណែក​ភាពយន្ត​ឯកសារ​ដែល​បាន​ចាក់​បញ្ចាំង​ចុងក្រោយ​នៅក្នុង​ថ្ងៃ​សម្ពោធ​កម្មវិធី​ទូរ​សព្ទ និង​គេហទំព័រ «​ទី​ចងចាំ​» គឺមាន​ឈ្មោះ «​ព្រំដី​ដែល​បាត់ទៅ​»​។ ភាពយន្ត​ឯកសារ​នេះ​បានបង្ហាញ​អំពី​ព្រំប្រទល់​ដី​នៃ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង (​អតីត​មន្ទីរ​សន្តិសុខ​ស​-២១) ដែលមាន​ទំហំ​រួម​តូច​ជាង​ទំហំ​ដី​នៅក្នុង​កម្ពុជា​ប្រជាធិបតេយ្យ​។ ភាពយន្ត​ឯកសារ​ទាំងនេះ​ជា​ស្នាដៃ​ផលិត​របស់​ក្រុមនិស្សិត​នៃ​ដេ​ប៉ា​តឺ​ម៉​ង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ដែល​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ថត​ជា​ខ្សែភាពយន្ត​ឯកសារ​។​

​បើតាម​លោក អ៊ុង ប៊ុន​អ៊ី ប្រធានស្តីទី​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​បាន​ឲ្យ​ដឹងថា ៖ ការខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​តាម​ទូរ​សព្ទ​ដៃ​និង​គេហទំព័រ​«​ទី​ចងចាំ​»​របស់​ក្រុមនិស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​សម្រាប់​សាធារណជន នឹង​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការអាន សិក្សា​ស្រាវជ្រាវ និង​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​កាន់តែ​ចាប់អារម្មណ៍​ទៅលើ​ការសិក្សា​ប្រវត្តិសាស្ត្រ ក្នុង​របប​ខ្មែរក្រហម​។ ប្រធានបទ​ស្តីអំពី​របប​ខ្មែរក្រហម​ត្រូវបាន​ផលិត​យ៉ាង​យកចិត្តទុកដាក់​ហើយ​ត្រូវបាន​បង្ហាញ​ជា​ទម្រង់​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​ប្រើប្រាស់​បាន​នៅក្នុង​វេទិកា​ពីរ​គឺ ៖ កម្មវិធី​ទូរ​សព្ទ​ដៃ និង​គេហទំព័រ​។

​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរក្រហម​គឺជា​ប្រធានបទ​មួយ​ដែល​លេចឡើង​ម្តង​ហើយ​ម្តងទៀត​សម្រាប់​កិច្ចការ​និស្សិត​របស់​យើង ក្នុងអំឡុងពេល​សិក្សា​របស់​ពួកគេ​។​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​គិតថា​ការបន្ត​ការសន្ទនា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​ការសំខាន់​។​

​បញ្ហា​ជាច្រើន​នៅក្នុង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ឫសគល់​ចេញពី​សោកនាដកម្ម​ដែល​បានកើត​ឡើង​នៅ​របប​ខ្មែរក្រហម​។​យុវជន​ជំនាន់​ក្រោយ​ត្រូវ​រៀន​ពី​អតីតកាល​របស់​ប្រទេស​កម្ពុជា​ដើម្បី​យល់ថា​អតីតកាល​មាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ និង​សង្គម​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន​។ ការសន្ទនា​គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ដល់​ការរៀនសូត្រ​របស់​សាធារណជន​និង​ការផ្សះផ្សា​អតីតកាល​ជាមួយ​បច្ចុប្បន្ន​។​យើង​ជឿថា​ការទទួលបាន​ព័ត៌មាន​និង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​យន្តការ​ចម្បង​បំផុត​មួយ​ជំរុញ​ឲ្យ​មាន​ការជជែក​ពិភាក្សាគ្នា​អំពី អតីតកាល​របស់​កម្ពុ​ជា​។ ដើម្បី​ចែករំលែក​ព័ត៌មាន​យើង​បានកត់សម្គាល់​ពី​សារសំខាន់​នៃ​បច្ចេកវិទ្យា​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​សង្គម​នាពេល​បច្ចុប្បន្ន​។​ដោយសារ​ប្រជាជន​កម្ពុជា​ភាគច្រើន​សុទ្ធ​តែមាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត ការផ្សព្វផ្សាយ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ​ដៃ និង​គេហទំព័រ គឺជា​ឧបករណ៍​ដែល​សមស្រប និង​ងាយស្រួល​ប្រើប្រាស់​បំផុត​សម្រាប់​អ្នកប្រើប្រាស់​។​

​តាមរយៈ​ការ​ចងក្រង និង​ការផលិត​សាច់រឿង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែលមាន​ខ្លឹមសារ​ងាយ​យល់ និង​គួរ​ឲ្យ​ចាប់អារម្មណ៍ យើង​សង្ឃឹមថានឹង​អាច​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចាប់ផ្តើម​សិក្សា និង​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ដែល​ប្រទេស​យើង​បាន​ឆ្លងកាត់​។ ការសិក្សា​អំពី​របប​ប្រល័យពូជសាសន៍​នេះ នឹង​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​កសាង​សង្គម​មួយ​ដែលមាន​សន្តិភាព​។​

​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ «​ទី​ចងចាំ​» មិន​ត្រឹមតែ​លាតត្រដាង​អំពី​ប្រវត្តិសាស្ត្រ​ក្នុង​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ជំរុញ​ឲ្យ​មានការ​ពិភាក្សា និង​ការផ្សះផ្សា​ក្នុង​អន្តរ​ជំនាន់ (​ប្រជាជន​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម និង​ប្រជាជន​ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម​) តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដែរ​។​

​បើតាម​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​ដែល​បាន​សហការ គាំទ្រ ប្រឹក្សា​យោបល់​ក្នុងការ​បង្កើត​គម្រោង «​ទី​ចងចាំ​»​បាន​មានប្រសាសន៍ថា​ជួនកាល​វា​អាចមាន​ភាពស្មុគស្មាញ​ដែល​មិនចាំបាច់​មួយ​រវាង​សកម្មភាព​អ្នកស្រុក​អ្នកភូមិ និង​បច្ចេកវិទ្យា​។ សកម្មភាព​អ្នកស្រុក​អ្នកភូមិ​កើតចេញពី​កម្លាំង​របស់​បុគ្គល​ទាំងឡាយ សហគមន៍ ការសម្រេចចិត្ត​មួយ​រួមគ្នា និង​អំណាច​នៅ​ទីនោះ​។ បច្ចេកវិទ្យា​មិនត្រូវ​បាន​ចងភ្ជាប់​ទៅនឹង​វប្បធម៌​ជាក់លាក់​ណាមួយ យុទ្ធសាស្ត្រ​របស់​អង្គការ ឬក៏​ការចាត់ចែង​អំណាច​ណាមួយ​ឡើយ​។​បច្ចេកវិទ្យា​គឺ​មិន​ប្រកាន់​របប​នយោបាយ មិន​គិត​អំពី​កម្រិត​សីលធម៌ មិន​កំណត់ដោយ​និយមន័យ​ហើយ​តែងតែមាន​ការផ្លាស់ប្តូរ​ជានិច្ច​។ មិន​ត្រឹមតែ​បុគ្គល​ម្នាក់ៗ​នោះទេ​ដែលមាន​ភាព​រុញ​រា​ក្នុង​ទទួលយក​ការហូរចូល​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា អង្គការ​ទាំងឡាយណា​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​ក៏​ជួបប្រទះ​រឿង​បែប​នេះដែរ​។ វា​លំបាក​ក្នុងការ​ទទួលយក​បច្ចេក​វិទ្យា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​បរិបទ​សង្គម​មួយ ដែល​ទម្លាប់​ទៅនឹង​កាលៈទេសៈ និង​ចិត្តគំនិត​អភិរក្សនិយម​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​នោះ​។ ប៉ុន្តែ​ទោះបី​ជាមាន​ភាពលំបាក​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​ជឿជាក់​ដែរ​ថា សកម្មភាព​អ្នកស្រុក​អ្នកភូមិ គឺ​ចាំបាច់​ត្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​រីកចម្រើន ហើយ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​នៅ​ទូទាំង​សកលលោក​។​
​បច្ចេកវិទ្យា​គឺជា​ពិភពលោក​ថ្មី​មួយ ដែល​បង្កើតឡើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចេកវិទ្យា​អាចធ្វើ​ឲ្យ​អ្នកស្រុក​អ្នកភូមិ​ទទួលបាន​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​របប​ខ្មែរក្រហម​និង​សំខាន់បំផុត​គឺអាច​ធ្វើ​ឲ្យ​គាត់​មាន​សមត្ថភាព​ក្នុងការ​ងឿងឆ្ងល់​អំពី​កាលៈទេសៈ​នាពេល​បច្ចុប្បន្ន​និង​ធ្វើការ​ប្រៀបធៀប​វា​ជាមួយនឹង​អតីតកាល​របស់គាត់​។​
​គម្រោង​នេះ គឺជា​ជំហាន​ដំបូង​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សាភ្ជាប់​បុគ្គល​ទាំងឡាយ​ក្នុងភូមិ​ស្រុក និង​សហគមន៍​ជាមួយនឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។​គម្រោង​នេះ​គឺ​មិន​ត្រឹមតែ​ជា​ឧបករណ៍​ដ៏​សំខាន់​ក្នុងការ​រៀនសូត្រ​អំពី រឿងរ៉ាវ​របស់​បុគ្គល​និង​ប្រវត្តិសាស្ត្រ​រួមមួយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ឲ្យ​មានការ​ពិភាក្សា​លើ​សំណួរ​សំខាន់ៗ​ដែល​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​សង្គម​ក​ម្ពុ​ជា​ក្រោយពី​ជម្លោះ​។​
•​ ​តើ​ការអត់ឃ្លាន ពលកម្ម​ដោយ​បង្ខំ ឃាតកម្ម និង​អំពើ​សាហាវឃោរឃៅ​បានធ្វើ​ឲ្យ​សង្គម និង​បុគ្គល​ដែល​បាន​រស់រានមានជីវិត​មានការ​ផ្លាស់ប្ដូរ​យ៉ាងដូច​ម្ដេច​ខ្លះ​?
•​ ​តើ​យើង​អាច​រៀនសូត្រ​បាន​អ្វីខ្លះ​ចេញពី​ការបំផ្លិចបំផ្លាញ​ប្រទេសជាតិ សហគមន៍ និង​បុគ្គល​ម្នាក់ៗ​?
•​ ​តើ​អតីតកាល​អាច​បង្ហាញ​អ្វីខ្លះ​អំពី​ការតស៊ូ​របស់​យើង​ជាមួយនឹង​បញ្ហា​នាពេល​បច្ចុប្បន្ននេះ និង​បញ្ហា​ប្រឈម​នាពេល​អនាគត​?
•​ ​តើ​ជនរងគ្រោះ​គួរ​ត្រូវបាន​យើងទាំងអស់គ្នា​ចងចាំ​យ៉ាងដូចម្ដេច ហើយ​តើ​យើង​អាច​ប្រាប់​រឿងរ៉ាវ​របស់​ជនរងគ្រោះ​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ជាច្រើន​នាក់​ដែល​មិន​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ការអត់ឃ្លាន ឬ​អំពើ​ឃោរឃៅ​បាន​ដោយ​របៀប​ណា​?
•​ ​តើ​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ចូលរួម និង​អភិវឌ្ឍន៍​បុគ្គល និង​សហគមន៍​បាន​យ៉ាងដូចម្តេច​?
•​ ​តើ​សង្គម​មួយ​អាចបង្កើត​ឧ​ត្ត​ម​គតិ​ថ្មី​បាន​ដែរឬទេ​បន្ទាប់ពី​មាន​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​សាហាវឃោរឃៅ​?
​គម្រោង​នេះ​គឺជា​ការចាប់ផ្តើម​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ត្រូវការ​ការចូលរួម​ពី​សំណាក់​ប្រជាជន​កម្ពុជា​នៅតាម​ភូមិ​ស្រុក និង​សហគមន៍​អន្តរជាតិ​ដើម្បី​ទទួលបាន​ជោគជ័យ​។ ក្នុងខណៈ​ពេលដែល​តុលាការ​កាត់ទោស​ខ្មែរក្រហម​ចាប់ផ្តើម​បិទ​សំណុំរឿង​ក្ដី​របស់​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ការតស៊ូ​របស់​យើង​ដើម្បី​យល់​និង​រៀនសូត្រ​អំពី​របប​ខ្មែរក្រហម​មិនត្រូវ​បញ្ចប់​ទៅតាម​ដំណើរការ​របស់​តុលាការ​នោះទេ​។​យើង​មានការ​ទទួលខុសត្រូវ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ​។​អនាគត​របស់​យើង​គឺ​អាស្រ័យទៅលើ​ការយល់ដឹង​អំពី​អតីតកាល​របស់ខ្លួន​។ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​ទាំងអស់គ្នា​ឲ្យ​គាំទ្រ​គម្រោង​មួយ​នេះ​តាមរយៈ​ការចូលរួម និង​ចែករំលែក​របស់​អ្នក​។ ការរួបរួម​គ្នា​របស់​យើង​អាចធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ល្អ​បាន​។​
​ ​លោកស្រី ជូ​លា អ៊ី​ស អ្នកសម្របសម្រួល​កម្ម​វិធី​សន្តិភាព​ស៊ីវិល យុត្តិធម៌ និង​ការផ្សះផ្សា​នៅក្នុង​បរិបទ​នៃ​សាលាក្ដី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា ៖ ដូច​លោក ឆាំង យុ បាន​លើកឡើងថា​បច្ចេក​វិទ្យា គឺ “​មិនមាន​លក្ខណៈ​នយោបាយ​, មិន​អសីលធម៌ និង​មានការ​ផ្លាស់ប្តូរ​ជានិច្ច​។ ក្នុងនាម​យើង​ជា​សេវា​សន្តិភាព​ស៊ីវិល​របស់​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ដែល​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​អាល្លឺម៉ង់​ប្រើប្រាស់​បច្ចេកវិទ្យា​សារគមនាគមន៍​នៅពេលដែល​វា​សមស្រប​ដើម្បី​លើកទឹកចិត្ត​ដល់​ការផ្សះផ្សា​។​ការផ្សះផ្សា​អាច​កើតមានឡើង​នៅពេលដែល​ជន​ដែល​បាន​រង​ទុក្ខ​និង​ជន​ដែល​មើលឃើញ​ពី​ទុក្ខវេទនា សាច់ញាតិ​របស់​ពួកគេ​អាច​និយាយ​ចេញ ហើយ​សេចក្តីត្រូវការ​របស់​ពួកគេ​ត្រូវបាន​ដឹងឮ និង​បំពេញ​។​
​បច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​មធ្យោបាយ​ដែល​យើង​ទាក់ទង​គ្នា​ទៅវិញទៅមក​ក្នុងន័យ​ម្យ៉ាង​បច្ចេកវិទ្យា​សារគមនាគមន៍​តាម​អ៊ី​ន​ធឺ​ណែ​ត​បើកទូលាយ​ដល់​មនុស្ស​គ្រប់​ស្រទាប់​នៃ​សង្គម​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ក្នុង​រូបភាព​ក្រៅផ្លូវការ ហើយ​ប្រហែលជា​មិនចាំបាច់​មាន​ភាពស្និទ្ធស្នាល ឬ​ការប្តេជ្ញា​រវាង​គ្នា​នោះឡើយ​។
​ផ្ទុយទៅវិញ​មនុស្ស​ដែល​ចែករំលែក​ការឈឺចាប់​របស់​ពួកគេ​ជាមួយ​អ្នកដទៃ​ដែល​ពួកគេ​ប្រហែលជា​នឹង​មិនដែល​ស្គាល់គ្នា​នោះ សាក​សម​នឹង​ទទួលបាន​ការទទួលស្គាល់ និង​ការគោរព​ពី​យើង​។
​ដើម្បី​ស្វែងរក​តុល្យភាព​ត្រឹមត្រូវ​រវាង​ឱកាស​ថ្មី និង​ឧបសគ្គ​ជាច្រើន ជា​អ្វីដែល​យើង​កំពុង​ធ្វើ​នៅទីនេះ រួមគ្នា​ជាមួយ​ដៃគូ មិត្តភក្តិ និង​សហគមន៍​និម្មិត​របស់​យើង​៕