គោយន្ត​កន្ត្រៃ​បុក​ជាមួយ​ម៉ូតូ​ធំ​ជនជាតិ​ថៃ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល

673
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: បុរស​និង​នារី​ជនជាតិ​ថៃ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ម៉ូតូ​ធំ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​។​

​សមត្ថកិច្ច​មូល​ដ្ឋា​ន្ច​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៧ – ២៨ ស្ថិតក្នុង​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ គ្រោះថ្នាក់​នេះ​បង្កឡើង រវាង​គោយន្ត​កន្ត្រៃ និង​ម៉ូតូ​ធំ​មិន​ស្គាល់​ម៉ាក របស់​ជនជាតិ​ថៃ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​មនុស្ស​២​នាក់ បានទទួល​រងរបួស​ធ្ងន់​និង​ស្រាល​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ពេលមកដល់​ចំណុចកើតហេតុ ម៉ូតូ​ធំ​របស់​ជនជាតិ​ថៃ បាន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ ចំ​កង់​ក្រោយ​ផ្នែក ខាងឆ្វេង​។ អ្នកបើកបរ​គោយន្ត​កន្ត្រៃ​យ៍ ម៉ាក Kubota មានឈ្មោះ តា​យ ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​ព្រះ​ភ្នំ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប មិនមាន​របួស​ទេ​។ រីឯ​អ្នកបើកបរ​ម៉ូតូ​ធំ មានឈ្មោះ សូ​ផុន សា​ឡាក់​ខាំ ( So Phon salakkham ) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ​ខេត្ត​អ៊ុក​ប៊ុន​រាជធានី (Ubon Rat chathani) ប្រទេស​ថៃ បានទទួល​រងរបួស​ធ្ងន់ និង អ្នករួមដំណើរ​ជាមួយ ឈ្មោះ សុទ្ធិ​ដា វិ​ឈាន (Sut Thida Wichian ) ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​បានទទួល​របួសស្រាល​។​

​ចំពោះ​ជនជាតិ​ថៃ​ទាំង​២​នាក់ ដែល​ទទួលរង​របួស​នោះ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​វិញ ដោយឡែក​ចំពោះ គោយន្ត​កន្ត្រៃ និង​ម៉ូតូ​ធំ ១​គ្រឿង ដែល​មិនអាច​បើកបរ​កើត ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​