គោលនយោបាយ​ច្របូកច្របល់​របស់​ត្រាំ​អំពី​សមុទ្រ​ចិន​ខាងត្បូង ធ្វើឱ្យ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ព្រួយបារម្ភ​

2324
ចែករម្លែក

​ប្រទេស​កូរ៉េខាងត្បូង​ចង់​ពិភាក្សា​អំពី​ភាពមិន​ស្រួល​ចិត្ត​នៃ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​អាមេរិក​នៅលើ​ទឹកដី​រប​ស់​ខ្លួន​។ ចំណែកឯ​តៃវ៉ាន់​វិញ​កំពុង​ចង់​ទិញ​អាវុធ​ជាខ្លាំង​។ ហើយ​ប្រទេស​ហ្វីលីពីន​វិញ​សង្ឃឹមថានឹង​ស្វែងរក​មើលថា​តើ​សហរដ្ឋអាមេរិក​គ្រោង​នឹង​ប្រកួតប្រជែង​ជាមួយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឬ​យ៉ាងណា​។​

​មេដឹកនាំ​នៅ​ទូទាំង​ទ្វីបអាស៊ី​កំពុង​សម្លឹង​មើលទៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​សុំ​ការណែនាំ​អំពី​បញ្ហា​ការទូត​ដែលមាន​ភាពរឹងមាំ​មួយ​។​

​ប៉ុន្តែ​វិធីសាស្ត្រ​ខុសឆ្គង​របស់​ប្រធានាធិបតី​ត្រាំ​ចំពោះ​ការបង្កើត​គោលនយោបាយ​និង​ការ​ផ្តោតលើ​បញ្ហា​មួយ​របស់គាត់ គឺ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង កំពុង​បង្កើត​ក្តីបារម្ភ​និង​ការយល់ច្រឡំ​នៅក្នុង​តំបន់​។​

​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក​ត្រាំ​បានធ្វើឱ្យ​សាធារណជន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការលើកឡើង​ជាច្រើន​រប​ស់​គាត់​ដែល​ក្នុងនោះ​មាន​សំណើ​របស់លោក​ដើម្បីឱ្យ​កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​អស់​ជាង ៦ ទសវត្សរ៍​នោះ ចេញថ្លៃ​ចំណាយ​សម្រាប់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​អាមេរិក​ដើម្បី​បង្អាក់​កូរ៉េខាងជើង​។ លោក មូ​ន ចែ​អ៊ី​ន ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ​ទី​១​សីហា​បាន​ប្តេជ្ញា​ថា​នឹង​ស្វែងរក​ដំណោះស្រាយ​សម្របសម្រួល​មួយ​ជាមួយ​កូរ៉េខាងជើង ជាហេតុ​នាំឱ្យ​មានការ​ប្រេះស្រាំ​ដែល​អាច​កើតឡើង​ណាមួយ​ជាមួយនឹង​គោលនយោបាយ​របស់​អាមេរិក​។​

​នៅក្នុង​តំបន់​ផ្សេងទៀត​នៃ​ទ្វីបអាស៊ី​រួមមាន​ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម ការប្តេជ្ញាចិត្ត​របស់លោក​ត្រាំ​ក្នុង​ការបត់បែន​ទៅរក​ចិន​កំពុងតែ​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ថា​សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​ការព្យាយាម​ទប់​ទល់នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​តំបន់​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គឺជា​អ្នក​រិះគន់​ខ្លាំងក្លា​ជាងគេ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ចិន​ក្នុង​ការកសាង​បន្ទាយ​នៅលើ​ថ្ម​ប៉ប្រះ​ទឹក កោះ​ថ្ម​និង​កោះ​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​រដ្ឋបាល​ត្រាំ ដែល​ទំនងជា​ប្រុងប្រយ័ត្ន​ចំពោះ​ការធ្វើឱ្យ​ទីក្រុង​ប៉េកាំង​ខឹង​នោះ ថ្មីៗ​នេះ​បាន​សម្រេចចិត្ត​ផ្អាក​ការ​ល្បាត​នៅតាម​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ដែល​ចិន​អះអាង​កាន់កាប់​។ លោក ខា​លី​ឡេ អេ ថៃ​យើ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​បាន​និយាយថា “​សមុទ្រ​ចិន​ខាងត្បូង​គឺជា​បឹង​របស់​ចិន​”​។​

​ក្រុមអ្នកវិភាគ​និង​ក្រុម​អ្នកការទូត​បាន​និយាយថា ភាពជឿជាក់​របស់លោក​ត្រាំ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​អាស៊ី​ឥឡូវនេះ​កំពុង​ប្រឈម​បញ្ហា​។ ពួកគេ​និយាយថា​គាត់​អាច​នឹង​ធ្វើឱ្យ​ខូចខាត​ដល់​សម្ព័ន្ធភាព​សេដ្ឋកិច្ច​និង​សន្តិសុខ​យូរអង្វែង​ប្រសិនបើ​គាត់​មិន​បង្ហាញ​ឆន្ទៈ​សម្លឹងមើល​ឱ្យ​ឆ្ងាយ​ក្រៅពី​ប្រទេស​កូរ៉េខាងជើង​។​

​លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​កំពុង​ប្រឈម​ក្នុងការ​រុញ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ឱ្យ​កាន់តែ​ខិតជិត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ​ប្រសិនបើ​លោក​មិន​បង្ហាញថា​សហរដ្ឋអាមេរិក​មានបំណង​ប្រឈម​ខ្លាំងក្លា​ចំពោះ​ការទាមទារ​ទឹកដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ទេនោះ​។​

​ក្រុម​អ្នកគាំទ្រ​របស់លោក​ត្រាំ​និយាយថា​ស្ទីល​និង​ឆន្ទៈ​មិនអាច​ទាយ​ទុកជាមុន​បាន​របស់លោក​ត្រាំ​ក្នុង​ការគិត​ឡើងវិញ​អំពី​គោលនយោបាយ​ដែល​អាច​ទទួលយកបាន​រាប់​ទសវត្សរ៍​មក​នោះ អាចជា​លក្ខណៈសម្បត្តិ​សំខាន់​មួយ ជាពិសេស​ក្នុងការ​ដោះស្រាយ​ជាមួយ​មេដឹកនាំ​ពិបាកៗ​ដូចជា គីម ជុង​អ៊ុន របស់​កូរ៉េខាងជើង​ជាដើម​។ ប៉ុន្តែ​កង្វះខាត​ក្នុង​ការធានា​ការពារ​របស់គាត់​ចំពោះ​សម្ព័ន្ធមិត្ត​អាស៊ី​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ដើម្បី​ផ្គាប់ចិត្ត​ចិន បាន​បង្កើត​រូបរាង​គោលនយោបាយ​ការបរទេស​អាមេរិក​មួ​យ ដែល​អាច​ចរចា​បាន​តទៅទៀត​។​

​លោក អង់​តូ​នី​ញ៉ូ ធី កា​ព្រី​យ៉ូ ចៅក្រម​តុលាការ​យុត្តិធម៌​នៅ​ហ្វីលីពីន​និង​ជា​អ្នក​រិះគន់​ចិន​បាន​និយាយថា​លោក​យល់​អំពី​ការយកចិត្តទុកដាក់រ​បស់​លោក​ត្រាំ​ទៅលើ​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក​បាន​និយាយថា លោក​ព្រួយបារម្ភ​អំពី “​ការធ្វើសម្បទាន​អចិន្ត្រៃយ៍​ដែល​ប្រទេស​ចិន​អាច​ទាញយក​ពី​សហរដ្ឋអាមេរិក​”​។​

​លោក​បាន​សរសេរ​ក្នុង​អ៊ីមែល​មួយ​ថា “​គោលនយោបាយ​ការបរទេស​ប្រតិ​ប​តិ្ត​ការ​របស់​ត្រាំ​មិន​ធានា​បានទេ​”​។​

​ប្រទេស​កូរ៉េខាងត្បូង​តំណាងឱ្យ​ការបែកបាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​លោក​ត្រាំ​នឹង​ប្រឈម​។ លោក​មូ​ន​បាន​ឡើងកាន់​អំណាច​ដោយ​សន្យាថា​នឹងមាន​ដំណោះស្រាយ​សម្របសម្រួល​ជាមួយ​កូរ៉េខាងជើង ដោយ​និយាយថា​កិច្ចប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃទៀត​ដើម្បី​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង បាន​ស្រុតចុះ​ហើយ​។ លោក​ត្រាំ​ផ្តល់​អនុសាសន៍​ដាក់​សម្ពាធ​អតិបរិមា​លើ​រដ្ឋាភិបាល​របស់លោក​គីម ជុង​អ៊ុន​។​

​នៅ​តៃវ៉ាន់​ឯណោះ​វិញ ក្រុមមន្ត្រី​បារម្ភ​ថា​រដ្ឋបាល​ត្រាំ​អាច​ពន្យារពេល​លក់​អាវុធ​រួមទាំង​យន្ដហោះ​ចម្បាំង​បំបាំងកាយ F-35 ព្រោះ​ខ្លាច​ធ្វើឱ្យមាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​។ ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ខ្លួន​ហើយ​ចិន​បាន​ព្រមាន​សហរដ្ឋអាមេរិក​ម្តង​ហើយ​ម្តងទៀត​ប្រឆាំងនឹង​ការលក់​អាវុធ​ឱ្យទៅ​កោះ​នេះ​។​

​លោក​ត្រាំ​បានបង្ហាញ​ពី​ឆន្ទៈ​រួចទៅហើយ​ក្នុងការ​ប្រើ​កោះ​តៃវ៉ាន់​ជា​ឧបករណ៍​ចរចា​ជាមួយ​ចិន​។ មុនពេល​ចូលកាន់​តំណែង លោក​បាន​ចោទសួរ​ជា​សាធារណៈ​ថា​តើ​សហរដ្ឋអាមេរិក​គួរតែ​គាំទ្រ​គោលនយោបាយ “​ចិន​តែមួយ​” ឬ​អត់ ។ ប៉ុន្តែ​ក្រោយមក​លោក​បាន​ដកថយ​វិញ ដែល​ទំនង​គឺ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ការពេញចិត្ត​ពី​លោក​ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​។​

​ចិន​បាន​ប្រើប្រាស់​ការចូល​កាន់តំណែង​របស់លោក​ត្រាំ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ដំបូង​ដើម្បី​ពង្រឹង​ជំហរ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ផ្លូវទឹក​ដ៏​ធំ​មួយ​នៃ​ការឆ្លងកាត់​ពាណិជ្ជកម្ម​ជាង ៥ លាន​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​។ ចិន​និយាយថា​ផែនទី​ប្រវត្តិសាស្ត្រ​បង្ហាញថា​ចិន​ជា​ម្ចាស់​ស្ទើរតែ​ទាំង​អស់នៃ​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​មានការ​អះអាង​ត្រួតស៊ីគ្នា​ពី​បណ្តា​ប្រទេស​តូចៗ​មួយចំនួន​ដូចជា​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម​ក៏ដោយ​។​

​យោងតាម​រូបភាព​ផ្កាយរណប​ដែល​ត្រូវបាន​ផ្តល់​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្ដរជាតិ​នៅ​ក្រុង​វ៉ាស៊ីនតោន ចិន​ឥឡូវនេះ​មាន​សមត្ថភាព​ដាក់ពង្រាយ​យន្តហោះ​ចម្បាំង​និង​ជើង​ទម្រ​បាញ់​កាំជ្រួច​មី​ស៊ី​ល​ចល័ត​នៅលើ​កោះ​ជាច្រើន​។ ហើយ​ថ្មីៗ​នេះ​ចិន​ទើបតែ​បានបញ្ចប់​នូវ​ការសាងសង់​ឃ្លាំង​យន្តហោះ​និង​ការដាក់​ប្រព័ន្ធ​រ៉ា​ដា​។​

​រដ្ឋបាល​វ័យក្មេង​រប​ស់លោក​ត្រាំ​បាន​ផ្ញើ​សញ្ញា​លាយឡំ​អំពី​របៀប​ដែល​វា​នឹង​ឈានទៅដល់​ជម្លោះ​។ ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក​ត្រាំ​បាន​រិះគន់​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល​ល័​រ​សុន បានស្នើ​ឡើង​ថា កុំឱ្យ​ប្រទេស​ចិន​ចូលទៅ​កាន់​កោះ​ដែល​ចិន​ខ្លួនឯងបាន​សាងសង់​ឱ្យសោះ​។​

​ប៉ុន្តែ​កាសែត The New York Times បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា​មន្ត្រី​មន្ទីរ​បញ្ច​កោណ​កំពូលៗ បាន​បដិសេធ​សំណើ​សុំឱ្យ​នាវា​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ចេញដំណើរ​ក្នុង​ចម្ងាយ ២២ គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ស្កា​បូ​រ៉ូ ដែល​អះអាង​ទាមទារ​ដោយ​ហ្វីលីពីន​និង​ចិន​។​

​លោក​ត្រាំ​បាន​និយាយថា​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ការធ្វើ​តេស្ត​មី​ស៊ី​ល​និង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​ដែល​ខ្លួន​ចាំបាច់​ទាមទារ​ដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​ជាមួយ​ប្រទេស​ចិន​ជា​បណ្តោះអាសន្ន ជា​ថ្នូរ​នឹង​ការផ្លាស់ប្តូរ​ចំពោះ​ការដាក់​សម្ពាធ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅលើ​ព្យុងយ៉ាង​។​

​លោក ចេង ស៊ា​វ​ហឺ សាស្ត្រាចារ្យ​រង​នៃ​ការសិក្សា​អន្តរជាតិ​នៅ​សកល​វិទ្យាល័យ​យេន​មីន​ក្នុង​ក្រុង​ប៉េកាំង​បាន​និយាយថា​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​ត្រាំ​ដើម្បី​បញ្ឈប់​ការ​ល្បាត នឹង​បញ្ជូន​សារ​មួយ​ថា “​ការអះអាង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​គួរតែ​ត្រូវបាន​គោរព​ហើយ​សហរដ្ឋអាមេរិក​នឹងមិន​ឈ្លោះប្រកែក​ឡើយ​” ។​

​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​អះអាង​កាន់កាប់​ទឹកដី​នៅ​សមុទ្រ​ដែរនោះ នឹងមិន​ឯកភាព​ឡើយ​។ មនុស្ស​ជាច្រើន​មើលឃើញថា​វា​ជា​បេសកកម្ម​ស្នេហា​ជាតិ​ដើម្បី​ការពារ​ទឹកដី​នៅ​ទីនោះ​ប្រឆាំងនឹង​ប្រទេស​ចិន​ហើយ​ពួកគេ​មានការ​ខឹងសម្បារ​ចំពោះ​ការប្រឈមមុខគ្នា​ជា​ញឹកញាប់​ជាមួយ​នាវា​ចិន​។​

​អ្នកការទូត​នៅក្នុង​តំបន់​បាន​ក្តីសង្ឃឹម​ច្រើន​ចំពោះ​ការនិយាយ​របស់លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​អំពី​ការបញ្ជូន​ធនធាន​យោធា​និង​សេដ្ឋកិច្ច​អាមេរិក​បន្ថែមទៀត​មក​អាស៊ី​។ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ខកចិត្ត​នៅពេលដែល​គម្រោង​សាងសង់​របស់​ចិន​នៅតែ​បន្ត​គ្មាន​ការរំខាន​។​

​ការពិភាក្សា​ដ៏​តឹងតែង​របស់លោក​ត្រាំ​អំពី​ប្រទេស​ចិន​ពី​គ្រា​ដំបូង​បាន​នាំឱ្យមាន​ក្តី​សង្ឃឹមថានឹង​មានការ​ចាប់ផ្តើម​ជាថ្មី​។ លោក​ធី​ល​ល័​រ​សុន​បាន​និយាយ​ក្នុងអំឡុង​ថ្ងៃ​ឡើងកាន់តំណែង​របស់លោក​ថា​ការកសាង​កោះ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ស្រដៀង​នឹង “​ការយក​តំបន់​គ្រី​មេ​ពី​សំណាក់​ប្រទេស​រុស្ស៊ី​” ហើយ​បាន​សន្យា​រារាំង​មិនឱ្យ​ចិន​ចូលដល់​កោះ​ទាំង​នោះទេ​។​

​ប៉ុន្តែ​រដ្ឋបាល​មិនទាន់បាន​អនុវត្តតាម​ទេ​។ ហើយ​ឥទ្ធិពល​មហាអំណាច​រប​ស់​អាមេរិក​ត្រូវបាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ជាមួយ​ប្រទេស​ហ្វីលីពីន​ដែល​ធ្លាប់តែ​ជា​សម្ព័ន្ធមិត្ត​រឹងមាំ​បំផុត​របស់​អាមេរិក​នៅ​ក្នុង​តំបន់ បានប្រកាស​ឃ្លាតឆ្ងាយ​ពី​សហរដ្ឋអាមេរិក​ជា​សាធារណៈ រួច​ងាក​ទៅ​ឱបក្រសោប​ចិន​វិញ​។​

​ភាពជឿជាក់​របស់លោក​ត្រាំ​នៅក្នុង​តំបន់​ក៏​រង​ផលប៉ះពាល់​ដែរ​ដោយសារ​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​បោះបង់ចោល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​អត្ថប្រយោជន៍​យ៉ាងសំខាន់​សម្រាប់​អាស៊ីអាគ្នេយ៍​។​

​ផ្ទុយទៅវិញ ប្រទេស​ចិន​បាន​សន្យាថា​នឹង​បង្កើន​ការវិនិយោគ​ទ្វេដង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក អា​ឡិច​សង់​ឌ័​រ អែល វូ​វី​ង សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Daniel K. Inouye ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង Honolulu នៃ​រដ្ឋ​ហា​វ៉ៃ បាន​និយាយថា “​ប្រទេស​ចិន​មើលឃើញ​នូវ​ឱកាស​មាស​ដើម្បី​ឈាន​ជើង​ចូលក្នុង​ភាព​គ្មាន​ការដឹកនាំ​នៅក្នុង​តំបន់​”​។​

​លោក​ត្រាំ​បាន​និយាយ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ជាមួយ​មេដឹកនាំ​ហ្វីលីពីន សិង្ហបូរី និង​ថៃ ដោយ​អញ្ជើញ​ពួកគេ​នីមួយៗ​ទៅ​សេត​វិមាន​។ លោក​ធី​ល​ល័​រ​សុន​បាន​ព្យាយាម​ធានា​ដល់​សម្ព័ន្ធមិត្ត​ថា​ការ​ល្បាត​ដើម្បី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នឹង​នៅតែ​បន្ត​។​

​លោក​ធី​ទីណា​ន់ ពង់​ស៊ូ​ឌី​រៈ សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ទីក្រុង​បាងកក​បាន​និយាយថា​លោក​ត្រាំ​ហាក់ដូចជា​បង្ហាញ​ចំណាប់អារម្មណ៍​ពិតប្រាកដ​ក្នុង​ការកសាង​បណ្តាញ​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​។ លោក​បាន​និយាយថា លោក​ត្រាំ មាន​ប្រាជ្ញា​ក្នុងការ​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​លើ​សិទ្ធិមនុស្ស​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​ថៃ​និង​ហ្វីលីពីន​។ បើ​មិន​ដូច្នេះ​ទេវា​នឹង “​រុញច្រាន​ប្រទេស​ទាំងពីរ​និង​តំបន់​ផ្សេងៗ​ទៀត​ចូលទៅក្នុង​គន្លង​របស់​ប្រទេស​ចិន​ជាមិនខាន​”​។​

​លោក​បាន​បន្ថែមថា “​នៅពេលដែល​សហរដ្ឋអាមេរិក​ទទួលបាន​នូវ​ទម្ងន់​និង​ភាពជឿ​ទុកចិត្ត​មួយចំនួន​នៅក្នុង​តំបន់​នោះ អាមេរិក​អាចធ្វើ​ឱ្យមាន​តុល្យភាព​ឡើងវិញ ហើយ​ពិចារណា​លើ​ផលប្រយោជន៍​និង​តម្លៃ​របស់ខ្លួន​ឡើងវិញ​”៕ ដោយ៖ កញ្ញាដាលីស

​ដកស្រង់​ពី​កាសែត​ញូ​វ​យក​ថែម​ស៍

កោះ​ហ្វើ​រី​ក្រោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង