គោលនយោបាយ​ដំឡូង​មី នឹងធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផ្គត់ផ្គង់​ដំឡូង​មី​ទៅ​ទីផ្សារ​ពិភពលោក​

998
ចែករម្លែក

ដោយ : ពៅ និមល​/ ភ្នំពេញ : មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បានបង្ហាញ​ជំនឿ​ថា ឯកសារ​គោលនយោបាយ​ដំឡូង​មី​នឹង​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ទីតាំង​ឧស្សាហកម្ម​កែច្នៃ និង​ផ្គត់ផ្គង់​ដំឡូង​មី​សម្រាប់​ទីផ្សារ​ពិភពលោក គ្រា​ដែល​ឯកសារ​នេះ​ផ្តល់នូវ​ចក្ខុវិស័យ​ច្បាស់លាស់ និង​វិធីសាស្ត្រ​រៀបចំ​ខ្សែសង្វាក់​តម្លៃ​សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​នេះ​ទទួលបាន​ទិន្នផល​ច្រើន និង​មានតម្លៃ​ខ្ពស់ អាចឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​បាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​

​មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នក​សារ​ព័ត​មាន​ក្រោយ​ពិធី​ប្រគល់ និង​ទទួល​ឯកសារ​គោលនយោបាយ​ដំឡូង​មី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ការដាក់​បង្ហាញ​ឯកសារ​គោលនយោបាយ​ដំឡូង​មីនា​ពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​អភិវឌ្ឍន៍ ហើយ​ឯកសារ​នេះ​ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​សម្រាប់​វិស័យ​ឯកជន​នៅ​កម្ពុជា ពិសេស​ប្រជាកសិករ ផលិតករ និង​ពាណិជ្ជករ​ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ​ដែលមាន​មុខរបរ​ពឹង​ផ្អែកលើ​ទិន្នផល​ដំណាំ ដំឡូង​មីនេះ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួងពាណិជ្ជកម្ម បាន​កំពុង​ប្រឹងប្រែង​ជំរុញ​ការនាំចេញ​ផលិតផល​ដំឡូង​មី​ទៅកាន់​ប្រទេស​ចិន ដោយសារតែ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ភូតគាម​អនាម័យ​និង​អនាម័យ ហើយ​បាន​កំពុង​សិក្សា​ពី​លទ្ធភាព​កែច្នៃ​ពី​ដំឡូង​មី​និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត រី​ឆាត ម៉ា​ស្ហ​ល (Richard Colin Marshall) សេដ្ឋវិទូ​នៃ​អង្គការសហប្រជាជាតិ យូ​អ៊ិន​ឌី​ភី (UNDP) ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា គោលនយោបាយ​ខាងលើ នឹង​ប្រែក្លាយ​ដំឡូង​មី​ទៅជា​ដំណាំ​ដែល​ផ្តល់​ទិន្នផល​និង​ប្រាក់ចំណូល​ខ្ពស់ សម្រាប់​ប្រជាកសិករ​ក្រីក្រ​និង​ជា​ផលិតផល​ដែល​បម្រើ ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ រចនាសម្ព័ន្ធ​អភិបាលកិច្ច ត្រូវបាន​បង្កើតឡើង​ហើយ​ខ្សែសង្វាក់​តម្លៃ​ដំឡូង​មី ត្រូវបាន​បែងចែក​ជា​ផ្នែកៗ​ដើម្បី​ត​ភ្ជាប់​ជាមួយ​វិស័យ​អទិភាព​ផ្សេងទៀត​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៨ ក្នុងចំណោម​ប្រទេស​ផលិត​ដំឡូង​មី​ធំៗ​ទាំង​១០​នៅលើ​ពិភពលោក​។ ចាប់តាំងពី​ឆ្នាំ​២០១១ ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី ត្រូវបាន​ពង្រីក​ពី​៤០០​ពាន់​ហិកតា ដល់​៥៧៤​ពាន់​ហិកតា ក្នុង​ឆ្នាំ​២០១៥ ហើយ​បានផ្តល់​ទិន្នផល​សរុប​ជាង ១៣​លាន​តោន​។ កន្លងមក យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) បានដាក់​បញ្ចូល​ដំណាំ​ដំឡូង​មី ទៅជា​ផលិតផល​អទិភាព​មួយ ដើម្បី​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​៕B