គំនរ​ឈើ​ម្រេញ​ជាច្រើន​ដុំ​របស់​ឈ្មួញ​ត្រូវបាន​នគរបាល​ជំនាញ​បង្ក្រាប​

700
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​:
កម្លាំង​ជំនាញ​បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​គំនរ​ឈើ ដែល​ឈ្មួញ​យក​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ ប្រជាពលរដ្ឋ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ឈើ​នេះ ធ្វើឡើង​ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ទើប​មន្ត្រី​ជំនាញ​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​និង​ដកហូត​ឈើ​សរុប​(៥៤)​ដុំ ស្មើនឹង ១២.៥៣៨ ម៉ែត្រ​គីប ដែល មានមុខ​កាត់ ៣០​ជុំ​ទៅ​៤០​ជុំ ជា​ប្រភេទ​ឈើ​ម្រេញ និង​ស​សេក​។​

​ប្រភព​បន្តថា បច្ចុប្បន្ន​ឈើ​ទាំងអស់​ត្រូវបាន​យកទៅ​ប្រគល់ជូន​ខាង​មន្ត្រី​ជំនាញ​បរិស្ថាន ស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​ចំពោះ​ប្រជាព​រដ្ឋ​បាន​និយាយថា ពួកគាត់​មិនសូវ​សប្បាយចិត្ត​នោះទេ ព្រោះថា​មន្ត្រី​ជំនាញ​បង្ក្រាប​តែ​ឈ្មួញ​តូចតាច ដែល​មិនបាន​បង់ប្រាក់​ឲ្យ​ដូច​ឈ្មួញ​ធំៗ ដូចជា លោក ស៊ី ស (​ឱ្យ​មនុស្ស​ស្រី​រត់ការ​) លោក ណុប ឌី (​រត់ការ​ខ្លួនឯង​) លោក ភ​ក្ក័ ហៅ ម៉ៅ ជា​មន្ត្រី​ប៉េអឹម​ស្រុក (​ប្អូន​ជា​អ្នក​ចេញមុខ​រត់ការ​)​។ ចំណែក ឈ្មួញ​ធំៗ​នៅ​ខេត្ត​ពោ​សា​ធិ​សាត់ បាន​បង្វែរ​ទិស​ចេញ​ឈើ​មក​ស្រុក​ឱ​រ៉ា​ល់​វិញ​តាមរយៈ​ការរត់​ការ​ពី​លោក ណុប ឌី ព្រោះ​ងាយស្រួល​ធ្វើ​សកម្មភាព ចាយលុយ​តិចជាង​ចេញ​ឈើ​តាមផ្លូវ​ផ្សេងៗ​។ ដូច្នេះ ទើប​ពួកគេ​ចេញ​ឈើ​តាម​ច្រក​អូរ​ត្រាវ និង​ច្រក​មួយទៀត​ទើបនឹង​ឈូស​ផ្លូវ​ហើយ​គឺ​ច្រក (​អូ​រកា​វៀក​) ដែល​ក្រុម​លោក ណុប ឌី ជា​អ្នក​ធ្វើឡើង ដោយ​មួយ​យប់ៗ​ឡាន​អា​រ៉េវ​ដឹក​ចេញពី​ខេត្តពោធិសាត់​ឆ្លងកាត់​ច្រក​ខាងលើ​មិនតិចជាង​៧​គ្រឿង នេះ​សម្រាប់តែ​ក្រុម​លោក​ឌី នឹង​នៅមាន​ក្រុម​ផ្សេងទៀត​ចេញ​តាម​ច្រក​ជាំ ច្រក​សំរោង ច្រក​ស្រែ​កិន​ជាដើម​។​ហើយ​អ្វីដែល​កាន់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ច្រក​អូរ​ត្រាវ និង​ច្រក​អូ​រកា​វៀក មាន​កម្លាំង​ស្ថាប័ន​ចម្រុះ ពី​ស្រុក​ដល់​ខេត្ត រួមទាំង​ក្រុម​អ្នក​សារ​ព័​ត៌មាន​មួយចំនួន ជាន់ក​គ្នា​ដាក់​កុងត្រូលជជុះ ដើម្បី​យកលុយ​ពី​ឈ្មួញ​ធំៗ​៕ ល​