គំនរ​ផេះផង់​នៃ​ផ្សារ​ច្បារអំពៅ​រាប់រយ​តូច ក្រោយ​អគ្គិភ័យ​ឆាបឆេះ​

2152
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ គំនរ​ផេះផង់​នៃ​តូប​ផ្សារ​ច្បារអំពៅ​ជាច្រើន​រយ​តូប ក្រោយ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា នេះ ដែល​អាជ្ញាធរ​បាន​ផ្អាក​ការលក់​របស់​ក្រុមអាជីវករ​ជា​បណ្តោះអាសន្ន ដោយសារ​ខ្លាច​មាន​បាក់ស្រុត​ជញ្ជាំង និង​មុត​ចំរឹង​ដែក​នាំឱ្យមាន​គ្រោះថ្នាក់​។

​ផ្សារ​ច្បារអំពៅ​រាប់រយ​តូប ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង ដែលមាន​រយៈពេល​ជាង​១០​ម៉ោង ទើប​គ្រោះ​ចង្រៃ​មួយ​នេះ ត្រូវបាន​រលត់​ទាំងស្រុង​។ អគ្គិភ័យ​ចាប់ផ្ដើម​ឆេះ នៅ​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៥ ខែមីនា ហើយ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦ ខែមីនា ទើប​អគ្គិភ័យ​នេះ រលត់​ទាំងស្រុង​។ ក្រុមអាជីវករ​សម្តែង​ការសោកស្ដាយ​ជា​ពន់ពេក ដែល​អ្នកខ្លះ​ថែមទាំង​ស្រែកយំ​ថែមទៀត​ផង​។

​អាជ្ញាធរ​អះអាងថា អគ្គិភ័យ​នេះ អាច​បណ្តាល​មក​ឆ្លង​ចរន្តអគ្គិសនី ម្តុំ​តូប​ឈាង​ខាងកើត​ផ្សារ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​តូប​ត​គ្នាៗ ឡើង​យ៉ាង​សន្ធោសន្ធៅ​តែម្ដង​។​

​នៅពេល​កើតហេតុ​នោះ គេ​សង្កេតឃើញ​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចេញទៅ​ជួយ​អន្តរាគមន៍​ផ្ទាល់​ផងដែរ​។​

​ប្រជាពលរដ្ឋ បានលឺ​សូរសម្លេង​ផ្ទុះ​ហ្គាស និង​មាន​មនុស្ស​ជាប់​នៅក្នុង​របង​ផងដែរ ប៉ុន្តែ​ត្រូវបាន​បាញ់​ទឹក​ជួយសង្គ្រោះ​ឱ្យ​ចាក​ចេញពី​ខាងក្នុង​ទាន់ពេល​។

​ពាក់ព័ន្ធ​ករណីនេះ លោក ព្រហ្ម យ៉​ន នាយការិយាល័យ​ពន្លត់​អគ្គិភ័យ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៦ ខែមីនា ថា កិច្ច​អន្តរាគមន៍​នៃ​ការ​ពន្លត់​គ្រោះ​អគ្គិភ័យ​នេះ ប្រើ​រថយន្ត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៣៨​គ្រឿង រថយន្ត​អាវុធហត្ថ​រាជធានី​ភ្នំពេញ​៥​គ្រឿង រថយន្ត​ខាង​ជ្រោយចង្វា​៥​គ្រឿង រថយន្ត​ក្រសួងមហាផ្ទៃ ២​គ្រឿង រថយន្ត​ស្នងការ​ខេត្តកណ្តាល​២​គ្រឿង និង​រថយន្ត​ស្រា​បៀរ​កម្ពុជា​មួយគ្រឿង សរុប​រថយន្ត​ប្រើប្រាស់ ២៣៥​គ្រឿង​។ អគ្គិភ័យ ឆេះ​បំផ្លាញ​តូប អស់​ចំនួន ៦៥៨​តូប​ក្នុងចំណោម ១៤៤៧​តូប​។​

​ទាំង​នៅពេល​ឆេះ​និង​ពេល​រលត់ គេ​សង្កេតឃើញ​ក្រុមអាជីវករ​ជា​ច្រៀង​នាក់ សម្តែង​ការសោកស្ដាយ និង ស្រែកយំ ថែម​ទៀតផង ព្រោះ​ផ្សារ​នេះ​ពួកគេ​លក់ដូរ​ជា​យូរណាស់​មកហើយ ថែម​ជា​ឆ្នាំងបាយ​របស់​ពួកគេ​ទៀតផង​៕L​