គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍វប្បធម៌​រវាង​ប្រជាជាតិ​អាស៊ី និង​ជំរុញ​សន្តិភាព​-​ទំនាក់ទំនង​ប្រជាជន

571
ចែករម្លែក

ដោយ: ​មូល​សម្បត្តិ / ​ភ្នំពេញ​: ថ្លែង​ក្នុង​វេទិកា​នៃ​ការសន្ទនា​ស្ដីពី​អរិយធម៌​អាស៊ី ក្រោម​ប្រធានបទ «​វប្បធម៌ ទេសចរណ៍ និង​ទំនាក់​ទំនាក់​រវាង​ប្រជាជន និង​ប្រជាជន​» ដែល​រៀបចំ​ចាប់ពី​ថ្ងៃទី​១៤-១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​លើកឡើងថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី នឹង​ផ្ដល់ឱកាស​ដល់​ប្រទេស​ទាំងអស់​តាម​វិថី​សូត្រ​រួមគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​។​

​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​នេះ គឺអាច​ធ្វើឡើង​តាមរយៈ​ការបង្កើត​កញ្ចប់​ទស្សន​កិច្ច នៃ​ផលិតផល​ទេសចរណ៍វប្បធម៌​រួមគ្នា ហើយ​ការតភ្ជាប់​នេះ​នឹងចូលរួម​ជំរុញឱ្យមាន​សន្តិភាព ការយោគយល់​គ្នា និង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​នានា​ផងដែរ​។​

​អង្គ​វេទិកា​ខាងលើ​បាន​រំលឹកថា ពិភពលោក​បានចាត់ទុក​ប្រទេស​ចិន​ជា​គោលដៅ​ទេសចរណ៍ និង​ជាទី​ផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ដោយ​ឆ្នាំ​២០១៨ កន្លងទៅ ចិន​បានទទួល​ទេសចរ​ចំនួន ១៤០​លាន​នាក់ ហើយ​ជនជាតិ​ចិន​ចេញ​ទស្សនា​ក្រៅប្រទេស​កើន​ដល់ ១៦០​លាន​នាក់​។​

​ខណៈដែល​ប្រទេស​ទាំងអស់​លើ​ពិភពលោក​សុទ្ធ​តែមាន​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ចែករំលែក​ជូន​អង្គ​វេទិកា​ថា កម្ពុជា​បានរៀបចំ និង​កំពុង​អនុវត្ត​សៀវភៅ​ស​ស្ដីពី China Ready ដែលជា​ឯកសារ​គោល​សម្រាប់​ទាក់ទាញ និង​ផ្ដល់​សេវា​ដល់​ទេសចរ​ជនជាតិ​ចិន ព្រមទាំង​បានរៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន ឆ្នាំ​២០១៦-២០២០​។​

​លើសពីនេះ​ទៀត កម្ពុជា និង​ចិន​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​មួយកម្រិត​ទៀត តាមរយៈ​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន ដែល​បានប្រកាស​ផ្សព្វផ្សាយ​រួមគ្នា​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ រីឯ​កម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​នេះ​នឹង​រៀបចំ​នៅ​ប្រទេស​ចិន​។ កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ចិន​-​កម្ពុជា នឹង​កាន់តែ​ឈានឡើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្រោម​ស្មារតី​នៃ​ការអនុវត្ត​ផែនកា​សកម្មភាព​នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា នាឱកាស​កិច្ចប្រជុំ​កំពូល​ខ្សែក្រវាត់ និង​វិថី នៅ​ទីក្រុង​ប៉េកាំង​នាពេល​កន្លងទៅ​ថ្មីៗ​។​

​សូម​រំលឹកថា ឆ្នាំ​២០១៨ កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​ចំនួន ៦.២​លាន​នាក់ ក្នុង​កំណើន ១១% ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន ២.០២​លាន​នាក់ កើនឡើង ៦៧%​។​

​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បានទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ១.៨​លាន​នាក់ កើនឡើង ៩.៧% ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង ៦៨​ម៉ឺន​នាក់ កើន​ជាង ៣៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨៕ ល​

#