គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​

2787
ចែករម្លែក
  • 183
    Shares

​ដោយ​: សុផល / ភ្នំពេញ​: គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដែល​ដាក់ចេញ​ដំបូង​នៅ​ឆ្នាំ​២០១៣ ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ក្នុង​គោលបំណង​ផ្តោតជាសំខាន់​លើ​ការតភ្ជាប់ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ក្នុង​តំបន់​អឺរ៉ុប​និង​អាស៊ី​។​

​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ បាន​ទាក់ទាញ​វិនិយោគិន​ចិន​ជាច្រើន​មក​បណ្តាក់ទុន​នៅ​កម្ពុជា ដែលជា​កត្តា​លី​ករ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​បង្កើត​ការងារ​កាន់តែច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​គំនិត​ផ្តួចផ្តើម​នេះ ក៏បានផ្តល់​មក​កម្ពុជា​នូវ​ជំនួយ​ហិរញ្ញប្បទាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន​ក្នុង​ការស្តារ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ជាច្រើន​ទៀត​។​

​នៅក្នុង​បទ​បង្ហាញ ស្តីពី «​កម្ពុជា​-​ចិន នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លួ​វ​មួយ​» ទៅដល់ និស្សិត​សាលា​ច្បាប់​ប្រមាណ​ជាង​១០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក លោក អ៊ឹង រចនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍ថា​៖ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។ ហិរញ្ញប្បទាន​ឥត​សំណង​របស់​ចិន​ចំពោះ​កម្ពុជា​ពី​ឆ្នាំ​២០១៦​ដល់​២០១៨ មាន​ចំនួន​៣៦០០​លាន​យ័ន​។ យើង​អាច​សាងសង់​ស្ពាន​បាន​ចំនួន​៧ និង​កំពុង​សាងសង់​ស្ពាន​ស្ទឹងត្រង់ ក្រូចឆ្មារ មួយទៀត កសាង​ផ្លូវថ្នល់​បាន​ជាង​២០០០​គីឡូម៉ែត្រ​និង យើង​កំពុង​ពង្រីក​ការសាងសង់​ជា​បន្តបន្ទាប់​ទៀត​។ ចិន​បានធ្វើ​ទំនប់​វា​រី​អគ្គិសនី​ចំនួន ៧ មាន​ទំហំ​ទឹកប្រាក់​រហូតដល់ ១០០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ចែកចាយ​ថាមពល​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត​/​ក្រុង​។​

​លោក អ៊ឹង រចនា បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​ចិន​-​កម្ពុ​ជាមាន​ចំនួន ៥០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន បាន​ឯកភាពគ្នា​ថា នឹង​ខិតខំ​ឱ្យបាន​ដល់ ៦.០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ តាមរយៈ​ការទាក់ទាញ​វិនិយោគ​ចិន​ឱ្យបាន​ច្រើន​មក​ស្រុក​ខ្មែរ ហើយ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​របស់​ចិន​។ ឆ្នាំ​២០១៥-២០១៦-២០១៧ ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២​សែន​តោន​ហើយ ឆ្នាំ​២០១៨​នេះ​ចិន​គ្រោង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៣​សែន​តោន​ដើម្បី​ជួយ​កម្ពុជា​ដែល​ពិបាក​រក​ទីផ្សារ​នាំចេញ ។ ចំពោះ​កសិផល​ផ្សេងៗ​ដូចជា​ដំឡូង​មី គ្រាប់ស្វាយចន្ទី ក្រសួងកសិកម្ម​កម្ពុជា​កំពុង​ចរចា​បំពេញ​ល​ក្ខ័​ខណ្ឌ​ជាមួយ​ចិន ដើម្បី​នាំចេញ​កសិផល​ទៅ​ចិន​ទៀត​។ នៅក្នុង​ការវិនិយោគ​ឆ្នាំ​២០១៧​កន្លងទៅនេះ​យើង​មាន​គម្រោង​ពីរ​ធំៗ ដែល​គម្រោង​នេះ​ឋិត​ក្នុង​ក្របខ័ណ្ឌ​BOT គឺ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​ដែល​មិន​ងាយ​នឹង​រក​អ្នកវិនិយោគ​ដែល​ហាន​បោះទុន​មក​ធ្វើ​ផ្លូវ​នេះ​។

​លោក​បាន​បញ្ជាក់ថា​សហ​ប្រតិបត្តិការ​កម្ពុជា​-​ចិន​គ្រប់​ជ្រុងជ្រោយ​នៅមាន​ច្រើន​ទៀត តាំងពី​ការជួយ​លើ​វិស័យ​អប់រំ ដែលជា​រៀងរាល់ឆ្នាំ​យើង​បានទទួល​អាហារូបករណ៍ ២០០​នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ហើយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ជា​អ្នកចាត់ចែង​ជ្រើសរើស​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ហើយ​កម្ពុជា​បានផ្តល់​អាហា​រូ​ករ​ណ៍​ឱ្យ​ចិន​វិញ​តែ​ចំនួន ជាង​១០​នាក់​ទេ ក្នុង​មួយឆ្នាំ​មក​សិក្សា​ភាសា​ខ្មែរ​។ វិស័យ​ទេសចរណ៍​វិញ ចិន​ឈរ​នៅ​លំដាប់​លេខ​១​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១៧​ទេសចរ​ចិន​មាន​ចំនួន ១​លាន ២​សែន​នាក់ ជួយ​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ការងា​រ​ធ្វើ​ក៏​ច្រើន​ផងដែរ ជាពិសេស​នៅ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និង​តាម​បណ្តា​ខេត្ត​មួយចំនួន​។ លើ​វិស័យ​អាកាសចរណ៍ ចិន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ១៥​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ ហើយ​ក្នុង​មួយ​សប្តាហ៍​មាន ១៥០​ជើង ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​រក​វិនិយោគទុន​មក​ពង្រីក​ព្រលានយន្តហោះ​ថ្មី​នៅ​សៀមរាប​ទៀត​ក្នុងទិសដៅ​ទទួល​ទេសចរ​មក​ស្រុក​ខ្មែរ​ឱ្យបាន​ច្រើន​ទៀត​ក្នុងពេល​ខាងមុខ ហើយពី​ខែមករា មក​ខែមេសា ដើមឆ្នាំ​២០១៨​នេះ យើង​បានទទួល​ជាង ៦​សែន​នាក់​ហើយ​។ ទិសដៅ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍​ដែរ ធ្វើ​ម៉េច​ទាក់ទាញ​ទេសចរ​ចិន​ឱ្យបាន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ យើង​បាន​បង្កើត​ទីក្រុង​សម្ព័ន្ធភាព​កម្ពុជា​-​ចិន មាន​ខណ្ឌ​-​ខេត្ត​សម្ព័ន្ធមេត្រីភាព​កម្ពុជា​-​ចិន ដើម្បី​ផ្លាស់ប្តូរ​ទៅវិញទៅមក​ធ្វើឱ្យ​យើង​ស្គាល់គ្នា​កាន់តែ​ជិតស្និទ្ធ កាន់តែ​ស៊ីជម្រៅ យល់​គ្នា​កាន់តែច្រើន ដែល​ទាំងនេះ​ជា​ចំណុច​សំខាន់​។ ក្រៅពីនេះ​កម្ពុជា និង​ចិន​មានការ​ផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក ជាពិសេស​ក្នុង​ឆ្នាំ​២០១៨​គម្រប់​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​អបអរ​សារ​ទរ​ខួប ៦០​ឆ្នាំ​កម្ពុជា​-​ចិន​។ នៅក្នុង​ក្របខណ្ឌ​អន្តរជាតិ​យើង​បាន​គាំទ្រ​បេក្ខភាព​ខាង​ចិន​ជាច្រើន ហើយ​ឆ្នាំ​២០១៧​មកនេះ យើង​បាន​គាំទ្រ​ពី​ចិន​មកវិញ​នៅក្នុង​ការចូល​ជា​សមាជិក​អេកូ​សុក (ECOSOK) និង​បាន​ជាប់​ជា​អនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៨-២០១៩ នេះ​ជា​មោទនភាព​ធំ​ណាស់​។ កម្ពុជា​បានទទួល​ផលប្រយោជន៍​ជាច្រើន​ទៀត​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នៅក្នុង​វេទិកា​តំបន់ ដូចជា​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅក្នុង​វេទិកា​អាស៊ាន​-​ចិន អាស៊ាន​-​សាំង​ហ្គា​ពួរ នៅក្នុង​វេទិកា​មហា​អនុតំបន់​ទន្លេមេគង្គ និង​អង្គការ​តំបន់​ផ្សេងៗ​ទៀត​ជាដើម​។​

​គួរ​ជម្រាប​ថា​៖​បទ​បង្ហាញ ស្តីពី «​កម្ពុជា​-​ចិន នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លួ​វ​មួយ​» នៅ​សាកល​វិទ្យា​ភូមិន្ទ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សហការ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់ ការស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​។​

​កញ្ញា ទ​ន សុគន្ធា នាយិកា​កម្មវិធី​ត្រាស់ដឹង​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានឱ្យដឹងថាៈ គោលបំណង​រៀបចំ​បទ​បង្ហាញ ស្តីពី «​កម្ពុជា​-​ចិន នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លួ​វ​មួយ​» គឺ​ចង់បង្ហាញ​និង​ផ្សព្វផ្សាយ​នូវ​សាវតា និង​និយមន័យ​នៃ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លួ​វ​មួយ​ឱ្យបាន​ច្បាស់លាស់​និង​បង្ហាញឱ្យឃើញ​ពី​ផលប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​គំ​និង​ផ្តួចផ្តើម​នេះ​។​

​គួរ​ជម្រាប​ផងដែរ​ថា លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល កម្ពុជា សម្រាប់​ការស្រាវជ្រាវ ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានធ្វើ​បទ​បង្ហាញ​ពី​សាវតា​និង​តួនាទី នៃ​គំនិត​ផ្តួចផ្តើម ផ្លូវ​ក្រវាត់ និង​ផ្លូវ​សូត្រ និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ការកសាង​គំនិត​ផ្តួចផ្តើម​ផ្លូវ​ក្រវាត់​និង​ផ្លូវ​សូត្រ​៕ ល​