គំនិត​ផ្តួចផ្តើម​ប្រកបដោយ​គុណប្រយោជន៍​

588
ចែករម្លែក

​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ នៅ​តំបន់​ព្រំដែន​គោក​រួមគ្នា និង​ការងារ​មនុស្សធម៌​ឆ្នាំ​២០២០ រវាង​កងទ័ព​កម្ពុជា និង​វៀតណាម បានធ្វើ​ឡើង នៅ​ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្ត ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិ​ច្ស រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម​។​

​ការធ្វើ​លំ​ហាត់​យោធា​នេះ គឺ​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​រួមគ្នា និង​ផ្តល់នូវ​ផលប្រយោជន៍ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ នៅពេល​ដែលមាន​គ្រោះ មហន្តរាយ​កើតឡើង ដូចជា​គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ ឬ​គ្រោះធម្មជាតិ​ផ្សេងៗដែល​កើតឡើង​ជាយ​ថា ហេតុ​ព្រម​ជាមួយនឹង​ការចូលរួមចំណែក​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅ តាម​តំបន់​ព្រំដែន​។​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ព្រឹត្តិការណ៍​នេះ​កើតឡើង​ក្រោម គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ក្នុង​គោល បំណង​ត្រៀម​សហការ​ជួយ​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ក្នុងករណី មាន​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​តាមពិតទៅ​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​នៅ​តំបន់​ព្រំដែន​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី ១៨ ខែធ្នូ ដោយ​កម្លាំង​ចូលរួម​ភាគី​វៀតណាម ២៦៥​នាក់ ភាគី​កម្ពុជា ៤៧១​នាក់ រួម​នឹង​កម្លាំងចូលរួម ១.១៤៣ នាក់​។​

​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ ដែល​បានធ្វើ​រួមគ្នា​រវាង​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា និង​វៀតណាម​នាពេលនេះ​មាន​លំ​ហាត់​ចំនួន​បួន រួមមាន​៖​លំ​ហា​ត់ទី​១.​ការជួយ​សង្គ្រោះ ប្រជាជន​នៅពេល​មាន​ទឹកជំនន់​ជន់​លិច ដោយមាន​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​សម្រាប់​ហោះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​លិច​ទឹក និង​ដឹក​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព​។ លំ​ហា​ត់ទី​២.​គឺជា​លំ​ហាត់ ទាក់ទង​ការ​បន្សាប​សារធាតុ​គីមី នាយ​ទា​ហន​ជំនាញ​គីមី​សាស្ត្រ​ធ្វើ​សកម្មភាព​បន្សាប​សារធាតុ គីមី នៅពេល​មានការ​សាយភាយ​ជាតិគីមី​ចេញពី​រោងចក្រ​និង​កាកសំណល់​សង្គ្រាម​។ លំ​ហា​ត់ទី​៣. សកម្មភាព​របស់​កម្លាំង​កងពល​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ កម្លាំង​កងពលតូច​លេខ ៧០ និង​កម្លាំង​កងទ័ពជើងទឹក ដែល​បានធ្វើ​ការរុករក និង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ មកកាន់​ទីទួល​សុវត្ថិភាព ដែលមាន​ការកសាង​រោង​សម្រាប់​ដាក់​ប្រជាជន​រងគ្រោះ​និង​ការធានា ជីវភាព​រស់នៅក្នុងរ​យៈ​ពេល​ខ្លី​មួយ ។​

​ចំណែក​លំ​ហា​ត់ទី​៤. គឺជា​សកម្មភាព ដឹកជញ្ជូន​ប្រជាជន​ទៅ​មណ្ឌល​សុខភាព​នៅពេល​ប្រជាពលរដ្ឋ​មាន​ជំងឺ​ផ្សេងៗ ឱ្យបាន​ទាន់ពេលវេលា​។​

​លំ​ហាត់​សង្គ្រោះ​គ្រោះមហន្តរាយ​នេះ​គឺជា​លើក​ទី​១ ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បានធ្វើ​រួមគ្នា ដើម្បី​ត្រៀមកម្លាំង​រួមគ្នា​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ប្រសិនបើ​ពួកគេ​ជួប​គ្រោះធម្មជាតិ ឬ​គ្រោះមហន្តរាយ​ដោយ​យថាហេតុ ណាមួយ​កើតឡើង​។​

​ក្រោយពី​ការធ្វើ​លំ​ហាត់​សមយុទ្ធ​សង្គ្រោះ​គ្រោះមហន្តរាយ រវាង​កម្ពុជា និង​វៀតណាម​ដោយ ជោគជ័យ​នេះ ក្រសួងការពារជាតិ​ក​ម្ពុ​ជានឹងធ្វើ​លំ​ហាត់​របៀបនេះ ជា​បន្តបន្ទាប់​ជាមួយនឹងប្រទេសជិតខាង រួមមាន ថៃ និង​ឡាវ នៅពេល​ខាងមុខ​។​

គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១១ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​លំ​ហាត់​សមយុទ្ធ​បែបសង្គ្រោះ​របៀបនេះ រវាង​សហរដ្ឋ​អាម៉េរិក ប្រទេស​អូស្ត្រាលី និង​កម្ពុជា​ក្នុង​លំ​ហាត់​សមយុទ្ធ ហ្វឹកហ្វឺន​រួមគ្នា​ក្នុងការ​ឆ្លើយតប​នឹង​វិបត្តិ ដែលមាន​ឈ្មោះថា “Ellipse Charlie” ដែល​បាន​ធ្វើឡើង នៅ​ជិត​រាជធានី​ភ្នំពេញ និង​នៅ​ក្រុងព្រះសីហនុ​។​
​ ​
ដោយឡែក កងទ័ពជើងគោក និង​កងទ័ពជើងទឹក​កម្ពុជា​ក៏បាន​ចូលរួម​ធ្វើ​លំ​ហាត់​សមយុទ្ធ បែប​មនុស្សធម៌​នេះ ច្រើនលើក ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាម៉េរិក​។​
​ ​
ក្នុងនោះ កងទ័ព​កម្ពុជា បាន​ចូលរួម​ធ្វើ​លំ​ហាត់​យោធា យ៉ាងហោចណាស់ ៦​លើក​ជាមួយ​កងទ័ពសហរដ្ឋអាម៉េរិក គិត​ត្រឹម​ឆ្នាំ​២០១៧ ដែលមាន​ឈ្មោះថា «​ឆ្មាំ​អង្គរ​» ក្នុង​គោលដៅ​ផ្លាស់ប្ដូរ បទពិសោធន៍​លើ​កិច្ចការ​មនុស្សធម៌ ជួយសង្គ្រោះ​គ្រោះ មហន្តរាយ និង​ប្រឆាំង​ភេរវកម្ម ជាដើម​។​។​

​ជាមួយគ្នា​នោះ កងទ័ពជើងទឹក​សហ​រដ្ឋ​អាម៉េរិក និង​កងទ័ពជើងទឹក​កម្ពុជា ក៏បាន​រួមគ្នា​ធ្វើ លំ​ហាត់​សមយុទ្ធ យ៉ាងហោចណាស់ ៦​ឆ្នាំ​ជាប់ៗ​គ្នា ស្តីពី ការហ្វឹកហ្វឺន និង​ការ​សហប្រតិបត្តិ ការត្រៀម​ជាស្រេច​លើ​ផ្ទៃ​ទឹក ដែល​ហៅ​កាត់​ថា CARAT នៅ​មូលដ្ឋាន​ជើង​ទឹក​រាម​ក្នុង​ខេត្ត ព្រះសីហនុ​។​

លំ​ហាត់​សមយុទ្ធ​ទ្វេភាគី CARAT នៅ​កម្ពុជា រវាង​កងទ័ពជើងទឹក​កម្ពុជា និង​អាម៉េរិក​ត្រូវបានធ្វើឡើង ក្នុង​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​លើ​លំហ​សមុទ្រ រវាង​ប្រទេស​ទាំងពីរ​។
​ ​
ក្រៅពី​លំ​ហាត់​សមយុទ្ធ ជាមួយ​កងទ័ព​សហរ​ដ្ឋ​អាម៉េរិក និង​អូស្ត្រាលី ជាដើម​ក្នុង​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ កងទ័ព​កម្ពុជា ក៏បាន​ធ្វើ​លំ​ហាត់​សមយុទ្ធ​ជាមួយ​កងទ័ព​ចិន ចំនួនបី​លើក ជាប់ៗ​គ្នា នៅ​ឆ្នាំ​២០១៦ ឆ្នាំ​២០១៨ និង​នៅ​ឆ្នាំ​២០១៩ ដែលមាន​ឈ្មោះថា «​សមយុទ្ធ​នាគ​មាស​»​។​
​ ​
សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុ​ជា​-​ចិន មានការ​ប្រើប្រាស់​អាវុធ​យុទ្ធភណ្ឌ​បម្រើឱ្យ​សមយុទ្ធ រួមមាន រថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ កាំភ្លើង​ធំ កាំភ្លើងត្បាល់​បរិក្ខា​រឈ្ល​បយកការណ៍ និង​យុទ្ធុបករណ៍​ទប់ទល់​នឹង​អាវុធ​គីមី​ជីវសាស្ត្រ​ផងដែរ​។

​លំ​ហាត់​សមយុទ្ធ​នាគ​មាស មាន​គោលដៅ កសាង​សមត្ថភាព និង​ជួយ​ឱ្យ​យោធិន​នៃ​ប្រទេស ទាំងពីរ កម្ពុជា​-​ចិន រក្សា​ចំណេះដឹង​ទាន់សភាពការណ៍​នៃ​ដំណើ​រវិ​វឌ្ឍចុងក្រោយ​នៃ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មី ដើម្បី​គោលបំណង​បន្ស៊ាំ​កងកម្លាំង​ទៅនឹង​ការងារ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម វិស្វកម្ម​យោធា និង​កិច្ចការងារ​មនុស្សធម៌​។ ពោលគឺ​ក្រៅពី​បាញ់​គ្រាប់​ពិត កងទ័ព​កម្ពុជា និង​កងទ័ព​ចិន ក៏បាន​ធ្វើ​ការងារ​សាងសង់​សាលា រៀន មន្ទីរពេទ្យ និង​ការជួយ​សង្គ្រោះ​ប្រជា ពលរដ្ឋ នៅ​គ្រា​មាន​គ្រោះមហន្តរាយ ផងដែរ​។​

សមយុទ្ធ​នាគ​មាស កម្ពុជា និង​ចិន បាន​បំពេញតម្រូវការ​ផលប្រយោជន៍​សន្ដិសុខ​ឱ្យ​គ្នា​ទៅវិញទៅមក និង​មិនមែនជា​ការបញ្ចេញ​សាច់ដុំ ដាក់​ប្រទេស​ណា​នោះទេ​។​

សរុបមក ទោះបីជា​កងទ័ព​កម្ពុជា ធ្វើ​លំ​ហាត់​សមយុទ្ធ​ជាមួយ​វៀតណាម អាម៉េរិក អូស្ត្រាលី និង​កងទ័ព​ចិន​ក៏ដោយ ហើយ​បើទោះបី​ជាមាន​ទាំង​ការបាញ់​គ្រាប់​ពិត​ក៏ ដោយចុះ​ក៏​រាល់​លំ​ហាត់សមយុទ្ធ​ទ្វេភាគី និង​ពហុភាគី ក៏មាន​ការហ្វឹកហ្វឺន​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​គ្រា​មាន គ្រោះមហន្តរាយ ធម្មជាតិ និង​ឧបទ្ទវហេតុ​នានា​។ នេះ​ជា​កិច្ចសហការ​ល្អ​រវាង​ក​ម្ពុ​ជា និង​បណ្តា ប្រទេស​ជា​មិត្ត ដែល​ប្រទេស​នានា​លើ​ពិភពលោក ក៏បាន​ធ្វើ​លំ​ហាត់​សមយុទ្ធ​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​ដូច​កម្ពុជា​ដូច្នេះ​ដែរ​។ កម្ពុជា ក៏​មិនបាន​យក​ប្រទេស​ណាមួយ​ជាស​ត្រូវ​នោះឡើយ​៕ ដោយៈ​ម៉េង​ឆៃ​/Ha