គំនិត​ផ្តួចផ្តើម ស្តីពី ”​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ចាប់ដៃ​ជាមួយ ទន្លេ​យ៉ាង​សេ ដើម្បី​ចាប់ផ្តើម​ឱកាស​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ ទូទាំង​ពិភពលោក​

263
ចែករម្លែក

តាម​ដំណឹង​ពី​ទីភ្នាក់ងារ​ព័ត៌មាន ស៊ី​ហ្វា កាលពី​ថ្ងៃទី​១៦ ខែមេសា បានឱ្យដឹងថា នៅ​ដើមខែ​មេសា វេទិកា​ចរាចរ​ទំនិញ និង​ទេសចរណ៍ ហុង​គ្រី​-​ចិន លើក​ទី​៣ ដែល​រៀបចំ​ធ្វើឡើង នៅ​ទីក្រុង​សៀង​ហៃ ដែល​ស្ថិតនៅ​កំណាត់​ខាងក្រោម នៃ​ទន្លេ​យ៉ាង​សេ បានចេញ​ដំណឹង ឱ្យដឹងថា ក្រុង​សៀង​ហៃ នឹង​បើក​ជើងហោះហើរ ផ្លូវអាកាស​ថ្មី ដោយ​ហោះហើរ​ត្រង់ ទៅ​ក្រុង​ប៊ុ​យ​ដា​ប៉េ​ស ក្នុង​ឆ្នាំ​២០១៩​នេះ​។ ជើងហោះហើរ​នេះ នឹង​ជំរុញ​ដល់​ពាណិជ្ជកម្ម​ផ្លូវអាកាស និង​ការ​ទៅមក​រកគ្នា រវាង​បុគ្គលិក នៅក្នុង​តំបន់​អឺរ៉ុប​កណ្តាល អឺរ៉ុប​ខាងកើត និង​តំបន់​នៅតាម​បណ្តោយ ទន្លេ​យ៉ាង​សេ ផងដែរ​។​

​លោក Akos Kovacs អគ្គនាយក​ក្រុមហ៊ុន​ចរាចរណ៍​ទំនិញ​អេកូ​ល ប្រចាំ​នៅ​ហុង​គ្រី ដែល​បាន​ចូលរួម ក្នុង​វេទិកា​លើក​នេះ ក៏មាន​សុទិដ្ឋិនិយម ចំពោះ​ការបើក​ជើងហោះហើរ ផ្លូវអាកាស​ថ្មី​នេះ ផងដែរ​។ មុនពេល​ទៅ​ទស្សនា ក្រុង​សៀង​ហៃ លោក​បានធ្វើ​ដំណើរ ជាពិសេស ទៅកាន់​ក្រុង Chongqing ដែល​ស្ថិតនៅ​ភាគ​ខាងលិច ប្រទេស​ចិន ដើម្បី​ទៅពិនិត្យ​អង្កេត​ម្តងទៀត អំពី​កិច្ចសហប្រតិបត្តិការ ផ្នែក​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​ដែក ពី​ក្រុង​ប៊ុ​យ​ដា​ប៉េ​ស ដល់​ក្រុង Chongqing​។​

​លោក Akos Kovacs បាន​ថ្លែងថា “​ទីផ្សារ​នេះ​ធំ​ណាស់ រយៈពេល​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​ដែក ពី​តំបន់​ភាគ​ខាងលិច ប្រទេស​ចិន ទៅកាន់​ទ្វីបអឺរ៉ុប កាន់តែ​ខ្លី និង​មានតម្លៃ​ដើម កាន់តែ​ទាប ហើយ​លក្ខណៈ​នេះ គឺ​ពិត​ជាមាន​កម្លាំង​ទាក់ទាញ​ណាស់​!”​។ លោក​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង Chongqing ចំនួន​បី​លើក ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ដើម្បី​ពិគ្រោះ​ពិភាក្សា ពី​កិច្ច​ការធ្វើ​សហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន​ចរាចរណ៍​ទំនិញ YUXINOU នៅក្នុង​ក្រុង Chongqing ។ ក្រុមហ៊ុន​ចរាចរណ៍​ទំនិញ YUXINOU ក្រុង Chongqing ជា​វេទិកា​ធ្វើ​អាជីវកម្ម​រថភ្លើង សញ្ញា YUXINOU ដែលជា​រថភ្លើង​ទីមួយ ធ្វើដំណើរ​ពី​ចិន​ទៅកាន់​អឺរ៉ុប ។​

​ក្នុងពេល​នេះដែរ លោក Kovacs កំពុងតែ​គ្រោង​ផែនការ ដ៏​អស្ចារ្យ​មួយ គឺ​យក​ក្រុង​ប៊ុ​យ​ដា​ប៉េ​ស សម្រាប់​ជា​ចំណត​ចរាចរណ៍​ទំនិញ ដឹកជញ្ជូន​ផលិតផល ដែលមាន​លក្ខណៈពិសេស ដូចជា កសិផល និង​ស្រា​ជាដើម​របស់​ប្រទេស​ហុង​គ្រី ឆែក និង​អ៊ីតាលី ជាដើម ទៅកាន់​ក្រុង Chongqing តាមរយៈ​រថភ្លើង រវាង​ចិន និង​អឺរ៉ុប​។ ស្របពេល​ជាមួយនឹង​ការ​ហក់​ចូល ក្នុង​ទីផ្សារ​តំបន់​ភាគ​ខាងលិច ប្រទេស​ចិន ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ទន្លេ​យ៉ាង​សេ ទៅកាន់​ទីផ្សារ​តំបន់​កណ្តាល និង​ភាគ​ខាងកើត ក៏មាន​សារៈសំខាន់​ខ្លាំង​ផងដែរ​។​

​លោក Akos Kovacs បាន​ថ្លែងថា “​ក្រុង Chongqing មិន​គ្រាន់តែ​ជា​តំបន់​សំខាន់ នៃ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ប៉ុណ្ណោះ​ទេ ថែមទាំង​ជាទី​ក្រុង​កណ្តាល ដែល​ស្ថិតនៅ​កំណាត់​ខាងលើ ទន្លេ​យ៉ាង​សេ​ផងដែរ​។ នេះ​គឺជា​មូលហេតុ​ដ៏​សំខាន់ ដែល​យើង​បាន​ផ្តោត​សំខាន់ ទៅលើ​ទីក្រុង​នេះ ។​”

កំពង់ផែ Guoyuan នៃ​ក្រុង Chongqing ដែល​ថត​ពីលើ​អាកាស ។​

​សម្រាប់​ប្រទេស​ចិន គំនិត​ផ្តួចផ្តើម ស្តីពី​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ បាន​ត​ភ្ជាប់ រវាង​អន្តរជាតិ ជាមួយនឹង​ទន្លេ​យ៉ាង​សេ ដែលជា​ទន្លេ​មួយ បាន​ផ្តល់កំណើត ដល់​ជនជាតិ​ចិន ហើយ​តំបន់​នៅតាម​បណ្តោយ​ទន្លេ​នេះ ក៏​កំពុង​សម្រេចបាន​នូវ ការអភិវឌ្ឍ​ចុះសម្រុង​គ្នា យ៉ាង​រលូន​ផងដែរ​។ ចាប់តាំងពី​គំនិត​ផ្តួចផ្តើម ស្តីពី​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ត្រូវបាន​លើកឡើង រយៈពេល ៦ ឆ្នាំ​កន្លងមកនេះ គឺ​បានទទួល​នូវ​ការគាំទ្រ និង​ការឆ្លើយតប​មកវិញ ជា​វិជ្ជមាន​ពី​ប្រទេស និង​អង្គការ​អន្តរជាតិ ចំនួន​ជាង ១០០​។ ខ្សែក្រវាត់​សេដ្ឋកិច្ច នៃ​ទន្លេ​យ៉ាង​សេ គឺជា​យុទ្ធសាស្ត្រ​មួយ នៃ​ការអភិវឌ្ឍ​តំបន់ របស់​ប្រទេស​ចិន​។​

​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ បាន​គ្របដណ្តប់​ខេត្ត និង​ទីក្រុង​ចំនួន​១១ នៅតាម​បណ្តោយ​ដង ទន្លេ​យ៉ាង​សេ​នៃ​តំបន់​ភាគ​ខាងកើត កណ្តាល និង​ភាគ​ខាងលិច ដែល​រួមមាន ក្រុង Chongqing ផងដែរ​។ ទំហំ​នៃ​ខ្សែក្រវាត់​សេដ្ឋកិច្ច​នេះ គឺមាន​ប្រហែលជា ២០ ភាគរយ នៃ​ទំហំ​ទឹកដី​ប្រទេស​ចិន និង​មាន​ប្រជាជន​ប្រហែល ៦០០ លាន​នាក់ ហើយ​បរិមាណ​សរុប នៃ​សេដ្ឋកិច្ច គឺ​លើសពី ៤០ ភាគរយ នៅក្នុង​ទូទាំងប្រទេស​ចិន​។ តំបន់​នេះ ជា​តំបន់​ដ៏​សំខាន់​មួយ ដែលមាន​មូលដ្ឋាន នៃ​មុខរបរ​ផលិត មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ តំបន់​ពិសោធន៍ នៃ​ពាណិជ្ជកម្ម​សេរី និង​ទីផ្សារ​កើនឡើង យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ចិន​។​

​លោក Li Jing ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច នៃ​សាកលវិទ្យាល័យ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ក្រុង Chongqing បាន​ថ្លែងថា ការ​ចាប់ដៃគ្នា រវាង​គំនិត​ផ្តួចផ្តើម ស្តីពី​ខ្សែ ក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ បានផ្តល់​កម្លាំងចលក​រ ដ៏​ខ្លាំងក្លា ដល់​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​។ បណ្ដា​ប្រទេស និង​តំបន់ តាម​បណ្តោយ ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ក៏​អាច​ចែករំលែក​ផលប្រយោជន៍ នៃ​ការអភិវឌ្ឍ​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ​ផងដែរ ។​

​ក្រុង Chongqing ជា​ចំណុច​ទ្រទ្រង់​យុទ្ធសាស្ត្រ ដ៏​សំខាន់ នៃ​ការអភិវឌ្ឍ តំបន់​ភាគ​ខាងលិច ។ រីឯ​ផ្លូវ​ចរាចរណ៍​ទំនិញ​អន្តរជាតិ ដែល​អាច​ទៅដល់​គ្រប់​ទីកន្លែង បាន​កកើត​ក្លាយទៅជា​ចំណុច​ត​ភ្ជាប់​មួយ ក្នុង​ទីក្រុង​ដីគោក ដែល​ស្ថិតនៅ​ភាគ​ខាងលិច​នេះ គឺ​ផ្លូវ​ទឹកមាស​ទន្លេ​យ៉ាង​សេ ដែល​បាន​ត​ភ្ជាប់​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ នៅ​ទិសខាងកើត​, រថភ្លើង​ចិន​និង​អឺរ៉ុប​ដែល​ធ្វើដំណើរ​ត្រង់​ទៅ​ទ្វីបអឺរ៉ុប​នៅ​ទិស​ខាងលិច​, ច្រក​ថ្មី​នៃ​ពាណិជ្ជកម្ម​ដីគោក និង​សមុទ្រ​អន្តរជាតិ ដែលជា​កម្មវិធី​ត​ភ្ជាប់​គ្នា ទៅវិញទៅមក រវាង​ចិន និង​សិង្ហ​បុរី ដែល​ឆ្ពោះទៅ​ត្រង់​ប្រទេស​អាស៊ាន ដូចជា​សិង្ហ​បុរី​ជាដើម នៅ​ទិស​ខាងត្បូង​, ព្រមទាំង​រថភ្លើង​ពី​ក្រុង Chongqing ឆ្លងកាត់​ច្រក Manzhouli ទៅកាន់​ក្រុង​ម៉ូស្គូ ដែល​ធ្វើដំណើរ​ត្រង់ ទៅ​ប្រទេស​រុស្ស៊ី នៅ​ទិស​ខាងជើង​។​

​ក្នុងឋានៈ​ជា​កំពង់ផែ​ធំ​ទីមួយ នៅ​ភាគ​ខាងលើ ទន្លេ​យ៉ាង​សេ កំពង់ផែ Guoyuan នៃ​ក្រុង Chongqing បានក្លាយ​ទៅជា​សញ្ញា​គន្លឹះ នៃ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។​
​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ រថភ្លើង​ចិន និង​អឺរ៉ុប បានសម្រេច​ការចេញដំណើ​រ ពី​កំពង់ផែ Guoyuan ជា​លើកដំបូង ដែល​ដឹកជញ្ជូន​ទំនិញ​នៃ​ក្រុង Chongqing និង​តំបន់​តាម ទន្លេ​យ៉ាង​សេ ឆ្ពោះទៅកាន់​ក្រុង Duisburg របស់​ប្រទេស​អាល្លឺម៉ង់​។ នៅពេល​ថ្មីៗ កន្លងទៅនេះ រថភ្លើង​ចិន និង​អឺរ៉ុប ដែល​ចេញពី​កំពង់ផែ Mannheim របស់​ប្រទេស អាល្លឺម៉ង់ បាន​ទៅដល់​កំពង់ផែ Guoyuan ហើយ​ទំនិញ​មួយចំនួន ដូចជា​គ្រឿងបន្លាស់ រថយន្ត​ជាដើម នឹងត្រូវ​ចែកចាយ ទៅដល់​ទីក្រុង​ភាគ​កណ្តាល និង​ភាគ​ខាងក្រោម នៃ​ទន្លេ​យ៉ាង​សេ ដូចជា​ក្រុង Wuhan និង​ក្រុង​សៀង​ហៃ ជាដើម ។​

​នៅ​ឆ្នាំ​២០១៩ នេះ​ផងដែរ ឈរ​នៅលើ​មូលដ្ឋាន នៃ​ការ​បន្ថែមចំនួន រថភ្លើង​ចិន និង​អឺរ៉ុប កំពង់ផែ Guoyuan នឹង​បន្ថែម​រថភ្លើង​ដឹកជញ្ជូន តាមផ្លូវ​ដែក និង​តាម​ផ្លូវទឹក ដែលជា​ច្រក​ថ្មី​លើដី​គោក និង​សមុទ្រ​ទៅកាន់ បណ្ដា​ប្រទេស​អាស៊ាន ។​

​នៅក្នុង​មជ្ឈមណ្ឌល បង្ហាញ និង​លក់​ផលិតផល​ទំនិញ ដែល​ជាប់​កាតព្វកិច្ច នៃ​ក្រុង Chongqing មាន​ទំនិញ​ចំនួន ៤​ម៉ឺន​៥​ពាន់ ប្រភេទ ដែល​នាំចូល​មកពី ប្រទេស​ជាង ៤០ ដូចជា រុស្ស៊ី អ៊ីតាលី បារាំង និង​សិង្ហ​បុរី ជាដើម​។ ទំនិញ​ទាំងអស់នេះ បាន​ត្រូវ​ដឹកជញ្ជូន​ទៅដល់​ក្រុង Chongqing តាម​វិធី​ចរាចរណ៍​ទំនិញ ដូចជា រថភ្លើង​ចិន​និង​អឺរ៉ុប ការដឹកជញ្ជូន​តាម​ទន្លេ និង​សមុទ្រ ការដឹកជញ្ជូន​តាមផ្លូវ​ដែក និង​សមុទ្រ និង​ការដឹកជញ្ជូន តាមផ្លូវ​អាកាស​ជាដើម ។​

អតិថិជន​ កំពុង​ទិញ​ទំនិញ​នាំចូល នៅ​មជ្ឈមណ្ឌល​បង្ហាញ​ និង​លក់ដូរ​ទំនិញ​ ជាប់​កាតព្វកិច្ច​នៃ​ក្រុង Chongqing ។​

​លោក Liu Xiaomin អ្នកទទួលខុសត្រូវ នៃ​បញ្ជរ​ទំនិញ​រុស្ស៊ី បាន​ថ្លែងថា ទំនិញ​ដែល​ពិបាក​រក្សាទុក ដូចជា ត្រសក់​សមុទ្រ ទឹកឃ្មុំ និង​ស្រា Vodka ជាដើម អាច​ជ្រើសរើស​មធ្យោបាយ ដឹកជញ្ជូន​តាម​រថភ្លើង​ចិន និង​អឺរ៉ុប រីឯ​ទំនិញ​ដែល​ងាយស្រួល រក្សាទុក​ដូចជា ប្រេង​ផ្កាឈូករ័ត្ន​ជាដើម អាច​ជ្រើសរើស​ការដឹកជញ្ជូន តាម​ទន្លេ និង​សមុទ្រ គឺ​ដឹកជញ្ជូន​តាម​សមុទ្រ និង​ទន្លេ​យ៉ាង​សេ ទៅដល់​ក្រុង Chongqing​។ តំបន់​នៅតាម​បណ្តោយ ទន្លេ​យ៉ាង​សេ និង​ប្រទេស​តាម​បណ្តោយ ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ កំពុង​ក្លាយ​ពី “​មនុស្ស​មិន​ស្គាល់គ្នា​” ទៅជា​ដៃគូ​កិច្ចសហប្រតិបត្តិការ ដ៏​ជិតស្និទ្ធ​បំផុត​។​

​លោក Kovacs បាន​ថ្លែងថា ប្រទេស​ហុង​គ្រី​ជា​ប្រទេស​ស្ថិតក្នុង​ទ្វីបអឺរ៉ុប​ដែល​បាន​ឆ្លើយតប​មកវិញ​ជា​វិជ្ជមាន​ចំពោះ​គំនិត​ផ្តួចផ្តើម​នៃ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​។ ខ្សែ ក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ គឺជា​ទីផ្សារ​ដ៏​ធំ​សម្បើម ដែលនាំឱ្យ​កិច្ចសហប្រតិបត្តិការ រវាង​ហុង​គ្រី និង​ចិន បន្ថែម​លទ្ធភាព កាន់តែ​ច្រើនឡើង ហើយក៏​នឹង​ជួយ​ដោះស្រាយ នូវ​បញ្ហា​ពិបាក​មួយចំនួន ដែល​កសិផល​លក់​ចេញ របស់​ហុង​គ្រី មានការ​យឺតយ៉ាវ ។​

​ផ្ទុយ​ពី​លោក Kovacs ដែល​កំពុង​គ្រោង​ផែនការ​នោះ អ្នកនាង Ekaterina ដែលជា​ជនជាតិ​រុស្ស៊ី បានទទួល​ផលប្រយោជន៍ យ៉ាងច្រើន ពី​ការអភិវឌ្ឍ ដោយ​ចុះសម្រុង​គ្នា រវាង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ ។ នាង Ekaterina មាន​អាយុ​៣១​ឆ្នាំ មាន​ហាង​លក់ គ្រឿងបន្លាស់​ទូរស័ព្ទដៃ​មួយ នៅ​ក្រុង​មូ​ស្គូ​។ នៅមុន​ឆ្នាំ​២០១៨ នាង​តែងតែ​ទិញ​ទំនិញ របស់​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បរទេស ក្នុង​តំបន់ ប៉ុន្តែ​ដោយសារ​មាន​ពាណិជ្ជករ អន្តរការី​ជាច្រើន ដូច្នេះ ធ្វើឱ្យ​តម្លៃ​ដើម នៃ​ការទិញ​ទំនិញ​ខ្ពស់​ពេក និង​មិនសូវ​ចំណេញ ហើយ​នាង​គ្រាន់តែ​ធ្វើ​អាជីវកម្ម ដោយ​លំបាក ក្នុងការ​ប្រកួតប្រជែង​ដ៏​តឹងតែង ។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ នាង Ekaterina បានឃើញ​មាន​បញ្ជរ​លក់ទំនិញ​ចិន ដែល​បង្កើត​ដោយ ក្រុមហ៊ុន​បណ្តាញ​តា​ឡុង (OSell) ដែលជា​សហគ្រាស ពាណិជ្ជកម្ម អេឡិចត្រូនិក​ឆ្លងដែន របស់​ប្រទេស​ចិន នៅ​ក្រុង​ម៉ូស្គូ​។ បណ្តាញ​តា​ឡុង​(OSell) បាន​ត​ភ្ជាប់​បណ្ដាញ ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ ដែល​ធ្វើឱ្យ​អតិថិជន​បរទេស អាច​ទិញ​ទំនិញ ពី​សហគ្រាស​ចិន​ផ្ទាល់ តាម​វិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។​

សម្ភារៈ​លម្អ​ធ្វើ​ដោយ​ដៃ ​របស់​ប្រទេស​កេ​ន​យ៉ា​ ដែល​ត្រូវ​បង្ហាញ ​និង​ដាក់លក់​ ក្នុង​មជ្ឈមណ្ឌល​បង្ហាញ ​និង​លក់ដូរ​ទំនិញ​ ជាប់​កាតព្វកិច្ច​នៃ​ក្រុង Chongqing ។​

​នាង Ekaterina បានឃើញ​ក្នុង​បញ្ជរ​លក់ទំនិញ ដែលមាន​ផលិតផល​ដូចគ្នា នៃ​សហគ្រាស​ចិន​មួយ មានតម្លៃ​តែ​ពាក់កណ្តាល នៃ​តម្លៃ​ទិញ​ទំនិញ ដែល​នាង​ធ្លាប់​ទិញ​ពីមុន​។ ដូច្នេះ​តាមរយៈ​បណ្តាញ​តា​ឡុង នាង Ekaterina បាន​បង្កើត​បណ្ដាញ​ទំនាក់ទំនង ផ្គត់ផ្គង់​ទំនិញ​ជា​យូរអង្វែង ជាមួយនឹង​សហគ្រាស នៅ​ខេត្ត Jiangxi ប្រទេស​ចិន ដែល​ស្ថិតនៅតាម​បណ្តោយ ទន្លេ​យ៉ាង​សេ​។ ទំនិញ​ត្រូវ​ដឹកជញ្ជូន តាម​ទន្លេ​យ៉ាង​សេ ទៅកាន់​ក្រុង Chongqing បន្ទាប់មក​ត្រូវ​ដឹកជញ្ជូន​ទៅ​ក្រុង​ម៉ូស្គូ តាម​រថភ្លើង​ចិន និង​អឺរ៉ុប​។ ដោយសារ​តម្លៃ​ដើម នៃ​ការទិញ​ទំនិញ កាន់តែ​ទាប និង​ប្រភព​ទំនិញ​កាន់តែ សំបូរ ហាង​របស់​នាង Ekaterina បានទទួល​ផលចំណេញ កាន់តែ​ល្អប្រសើរ​ឡើង ហើយ​បច្ចុប្បន្ននេះ នាង Ekaterina ក៏មាន​ផែនការ​បើកហាង​ថ្មី​ផងដែរ ។​

​បច្ចុប្បន្ន តំបន់​នានា​របស់​ប្រទេស​ចិន កំពុងតែ​សកម្ម​ជំរុញ​ការអភិវឌ្ឍ ដោយ​ចុះសម្រុង​គ្នា នៃ​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ ដូចជា​ខេត្ត Hubei កំពុង​បង្កើត​ចំណុច​ត​ភ្ជាប់ តំបន់​ភាគ​កណ្តាល ទន្លេ​យ៉ាង​សេ និង​ខ្សែ ក្រវាត់​មួយ និង​ផ្លូវ​មួយ ហើយ​ក្រុង​សៀង​ហៃ ក៏​ក្លាយទៅជា​មូលដ្ឋាន ត​ភ្ជាប់​តំបន់ កណ្តាល​នៃ​លំហ​ទន្លេ​យ៉ាង​សេ និង​ទីផ្សារ​អន្តរជាតិ ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​ផងដែរ ។​

​លោក Li jing បាន​ថ្លែងថា យើង​អាច​ព្យាករណ៍​ថា ចំណុច​ត​ភ្ជាប់​គ្នា រវាង​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ និង​ខ្សែក្រវាត់​សេដ្ឋកិច្ច ទន្លេ​យ៉ាង​សេ នឹង​កាន់តែ​ច្រើនឡើងៗ ហើយ​ការអភិវឌ្ឍ​ដោយ​ចុះសម្រុង​គ្នា រវាង​តំបន់​ទាំងពីរ ក៏​នឹង​រីកចម្រើន ទៅមុខ​ឥតឈប់ឈរ​។ កិច្ចការ​នេះ នឹង​ផ្តល់នូវ​លំហ​ថ្មី សម្រាប់​គំនិត​ផ្តួចផ្តើម ស្តីពី​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ដែល​បង្ហាញ​ពី​គោលការណ៍​ពិគ្រោះគ្នា កសាង​ជាមួយគ្នា និង​ចែករំលែក​ជាមួយគ្នា​។​

​នាង Ekaterina បាន​ថ្លែងថា ទាំងអស់នេះ បាន​នាំឱ្យ​ប្រទេស តាម​បណ្តោយ​ខ្សែ ក្រវាត់​មួយ និង​ផ្លូវ​មួយ ទទួលបាន​នូវ​ឱកាស​ថ្មី ព្រមទាំង​មាន​ជំនឿ​ទុកចិត្ត និង​ភាពស្មោះត្រង់​របស់​ចិន ក្នុង​ការកសាង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ឱ្យ​កាន់​តែមាន​ភាព​ស៊ីជម្រៅ ទ្វេ​ឡើង​ថែមទៀត​៕v