គំរូ​សេដ្ឋកិច្ច​វិលជុំ​នៅ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដើម្បី​កាត់បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក​

417
ចែករម្លែក
គំរូ​សេដ្ឋកិច្ច​វិលជុំ​នៅ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដើម្បី​កាត់បន្ថយ​កាកសំណល់​ប្លា​ស្ទិ​ក​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គំរូ​សេដ្ឋកិច្ច​វិលជុំ (Circular Economy)​កំពុង​ត្រូវបាន​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក កំពុង​ចាប់ផ្ដើម​អនុវត្ត​កាន់តែ​ផុសផុល​ឡើង​តាមរយៈ​ការប្រើប្រាស់​នូវ​ធនធាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម ការប្រើប្រាស់ និង​ការកែច្នៃ​សំណល់​សម្រាប់​ការ​ប្រាស់​ឡើងវិញ​។ ក្នុងនោះ អ្នកជំនាញ​ក្នុង​តំបន់​បាន​មើលឃើញថា ការអនុវត្ត​នូវ​គំរូ​សេដ្ឋកិច្ច​វិលជុំ​នេះ កាន់តែច្រើន នោះ​កាកសំណល់ ពិសេស​ប្លា​ស្ទិ​ក នឹង​ត្រូវបាន​កាត់បន្ថយ​បាន​កាត់​តែ​ច្រើន​។
​បច្ចុប្បន្ននេះ បញ្ហា​កាកសំណល់​ប្លា​ស្ទិ​ក ត្រូវបាន​គេ​មើលឃើញថា គឺជា​បញ្ហា​ចម្បង​មួយ រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​វា​មិនមែន​តែ​ជា​បញ្ហា​របស់​ប្រទេសមួយៗ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​បញ្ហា​របស់​ពិភពលោក​ទាំងមូល​តែម្ដង​។ ជាក់ស្ដែង កាលពីពេល​ថ្មី​នេះ នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់​មួយ នៅ​ប្រទេស​ថៃ ដែល​ផ្ដោតលើ​ការពិភាក្សា​អំពី ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំ ដែលមាន​ស្ថាប័ន ក្រុមហ៊ុន និង​ដៃគូ​ជាង​ចំនួន ៤៤ ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក បាន​ប្រជុំ​ពិភាក្សាគ្នា​យ៉ាង​ផុសផុល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព ចំពោះ​បញ្ហា​កាកសំណល់​ប្លា​ស្ទិ​ក​ដែល​កំពុង​កើនឡើង​ខ្លាំង​នេះ​។​


​តាមរយៈ​ការអនុវត្ត​គំរូ​សេដ្ឋកិច្ច​វិលជុំ ឬ​ហៅថា Circular Economy នេះ គឺ​ផ្ដោតទៅលើ​ការប្រើប្រាស់ ធនធាន​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ការញែក​សំណល់ និង​ការ​ចោល​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ប្រសិទ្ធ​ផល​នៃ​ធនធាន នៅក្នុង​អំឡុង​វដ្ដ​ផលិតកម្ម និង​ការប្រើប្រាស់​ទាំងមូល ។​
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ថៃ SCG ដែលជា​ក្រុមហ៊ុន​មួយ​ផ្ដួចផ្ដើម និង​គាំទ្រ​លើ គំរូ​សេដ្ឋកិច្ច​វិលជុំ​នេះ បាន​លើកឡើងថា «​ដោយសារ​កំណើនប្រជាជន​ឥតឈប់ឈរ នៅត្រឹម​ឆ្នាំ​២០៥០ គេ​រំពឹងថា​ពិភពលោក​នឹងមាន​ប្រជាជន​ប្រហែល​ជិត​១០​ប៊ី​លាន​នាក់​ដែល​កំណើនប្រជាជន​នេះ​នឹង​នាំ​ឲ្យ​កើនឡើង​នូវ​តម្រូវការ​នៃ​ការប្រើប្រាស់ ទោះបី​ធនធាន​មានកំណត់​ក្ដី ។
​ជាក់ស្ដែង បើ​យើង​មើលទៅ​ល​របាយការណ៍ ពី​រដ្ឋាភិបាល​ថៃ បង្ហាញថា ប្រជាជន​ថៃ​ផលិត​សំរាម​ជា​មធ្យម​ក្នុង​ម្នាក់ៗ គឺ ១,១៥​គីឡូក្រាម ហើយ​អត្រា​នៃ​ការបង្កើត​សំរាម​នេះ​កំពុងតែ​កើនឡើង ។ តួយ៉ាង គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៨ ប្រទេស​ថៃ​ផលិត​សំណល់​ប្រមាណ ២៨​លាន​តោន ។
​ដូច្នេះហើយ ទើប​គោល​គំនិត​នៃ​សេដ្ឋកិច្ច​វិលជុំ (Circular Economy) ត្រូវបាន​គេ​មើលឃើញថា គឺជា​ដំណោះស្រាយ​មួយ ដើម្បី​ជួយ​សម្រាល​បញ្ហា​ទាំងនេះ ពីព្រោះ​គោល​គំនិត​នេះ​ជំរុញ​នូវ​គោលការណ៍ ផលិត​-​ប្រើប្រាស់​-​កែច្នៃ​ប្រើប្រាស់​ឡើងវិញ ។ តែ​យ៉ាងណា ដើម្បី​អនុវត្ត​សេដ្ឋកិច្ច វិលជុំ ទទួលបាន​ជោគជ័យ គឺ​ទាមទារ​ជា​ចាំបាច់​បំផុត​នូវ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន រួមទាំង​អ្នកប្រើប្រាស់​ខ្លួនឯង​ផងដែរ​។
​នៅក្នុង​ឆ្នាំ​២០១៨ SCG បាន​បំ​លែង​សំណល់​ឧស្សាហកម្ម​ប្រមាណ ៣១៣.០០០ តោន ក្នុង​មួយឆ្នាំ ទៅជា​វត្ថុធាតុដើម​ដែល​អាច​កកើត​ឡើងវិញ​បាន និង​បា​នប​ម្លែ​ង​សំណល់​ឧស្សាហកម្ម ១៣១.០០០​តោន ក្នុង​មួយឆ្នាំ ទៅជា​ថាមពលជំនួស​ឥន្ធនៈ ។ នៅ​ឆ្នាំ​២០១៩​នេះ SCG បាន​បន្ត​សមាហរណកម្ម​គោលការណ៍​’​សេដ្ឋកិច្ច​វិលជុំ ទៅក្នុង​ខ្សែសង្វាក់​ផលិត​របស់ខ្លួន និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​កាត់បន្ថយ​ការផលិត​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​ម្ដង ពី ៤៦%​មក​នៅត្រឹម​២០%​នៅត្រឹម​ឆ្នាំ​២០២៥​និង​បង្កើន​អត្រា​នៃ​ការផលិត​ផ្លា​ស្ទិ​ក​ដែល​អាច​ច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន អាច​ច្រើនដង និង​ដែល​អាច​រលាយ​ដោយ​មិន​ប៉ះពាល់​បរិស្ថាន ឲ្យ​បាន​ដល់ ១០០% ត្រឹម​ឆ្នាំ​២០២៥ ។​
​លោក Jim Seward តំណាង សម្ព័ន្ធ​ដើម្បី​លុបបំបាត់​សំណល់​ប្លា​ស្ទិ​ក (AEPW) បានលើកឡើង​ដែរ​ថា ជា​ការពិត​កាកសំណល់​វា​ជា​បញ្ហា ប៉ុន្ដែ កាកសំណល់​ក៏មាន​តម្លៃ​របស់​វា​ដែរ បើ​យើង​មានការ​កែច្នៃ​វា​សម្រាប់​ការប្រើប្រាស់​ឡើងវិញ​។​
​លោក Jim បញ្ជាក់ថា ជាក់ស្ដែង សម្រាប់​សំណល់​ប្លា​ស្ទិ​ក គេ​អាច​កែច្នៃ​វា​ដើម្បី​ក្រាលផ្លូវ​ថ្នល់​ក៏បាន​។ ប៉ុន្ដែ ដើម្បី​អាច​ទាញ​នូវ​ប្រយោជន៍​ពី​កាកសំណល់​ទាំងនេះ​បាន គឺ​ទាមទារ​នូវ​កិច្ចសហប្រតិបត្តិការ និង​កិច្ចប្រឹងប្រែង​ដែលមាន​ការសម្របសម្រួល​មួយ មកពី​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​សម្រេចបាន​លទ្ធផល​និង​ជោគជ័យ​ដែលមាន​និរន្តរភាព​។​
​គួរ​បញ្ជាក់ថា ដើម្បី​ឈានទៅរក​គោលដៅ កាត់បន្ថយ​សំណល់​ផ្លា​ស្ទិ​ក​នេះដែរ ស្ថាប័ន​សម្ព័ន្ធ​ដើម្បី​លុប បំបាត់​សំណល់​ផ្លា​ស្ទិ​ក AEPW ក៏មាន​កញ្ចប់​ថវិកា​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​ផ្ដល់ជូន​គម្រោង​កាត់បន្ថយ​សំណល់​ផ្លា​ស្ទិ​ក នៅក្នុង​ប្រទេស​ថៃ និង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ ខណៈដែល​ប្រទេស​ក្នុង​តំបន់​នេះ កំពុងមាន​បញ្ហា​កាកសំណល់​ប្លា​ស្ទិ​ក​ខ្លាំង​៕ សរន