គ្មានអ្វី​ថ្លៃថ្លា​ជាង​ការជួយ​គ្នា នៅ​គ្រា​មាន​អាសន្ន !

107
ចែករម្លែក

កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចម៉ែ សម្តេចព្រះ​វរមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ផ្សេងគ្នា សរុប​ចំនួន ៣០​ម៉ឺន​ដុល្លារ​អាម៉េរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​រ៉ូ​ណា ឬ​កូ​វីដ​១៩ ដែល​កំពុង រាលដាល​ក្នុងពេល​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​បន្តបន្ទាប់ ក៏មាន​សប្បុរសជន​អ្នកឧកញ៉ា ឧកញ៉ា អ្នកមាន​ទ្រព្យធន​ជាច្រើនរូប បាន​ចូលរួម​វិភាគទាន​រាប់សិប​ម៉ឺន​ដុល្លារ​អា​ម៉​រិ​ក ជូន​រាជរដ្ឋាភិបាល សម្រាប់​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ផងដែរ​។​

​សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏បាន​ប្រសិទ្ធពរ​ដ៏​ល្អ​បវរ ជូន​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​សមាជិក សមាជិកា​ទាំងអស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​នូវ​មហា ជោគជ័យ ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ជូន​ជាតិ​មាតុភូមិ​។​

​ចំណែក​ព្រះមហាក្សត្រ​កម្ពុជា​ក៏បាន​ជូនពរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមទាំង​សមាជិក សមាជិកា​ទាំងអស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​ជូន ប្រជាជាតិ​កម្ពុជា​។​

​ក្នុង​លិខិត​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ដែល​បាន​ចូលរួម​វិភាគទាន ជូន​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា គ្មានអ្វី​ថ្លៃថ្លា​ជាង​ការជួយ​គ្នា នៅ​គ្រា​មាន​អាសន្ន​ទេ ហើយក៏​បង្ហាញឱ្យឃើញ​នូវ​ស្មារតី​ខ្មែរ ជួយ​ខ្មែរ​ដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា កាយវិការ​ដ៏​សប្បុរស​របស់​អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជន ដែល​បាន​ផ្តល់នូវ​វិភាគទាន​ជា​ទឹកប្រាក់ សំរាប់​ការប្រយុទ្ធ​ទប់ទល់​នឹង​គ្រោះ មហន្តរាយ ដែល​បង្កដោយ​ជំងឺ​កូ​វីដ ១៩ ( Covid-19 ) នៅពេលនេះ នឹងត្រូវ​បាន​ចងចាំ ដោយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

​ដោយឡែក​ក្នុង​សារលិខិត​ជូន​ជនរួមជាតិ​ជាទី​ស្នេហា កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា នៅក្នុងពេល​បច្ចុប្បន្ន ប្រទេស កម្ពុជា​យើង កំពុងតែជួបប្រទះ​នឹង​គ្រោះភ័យ ដែល​បង្កឡើង​ដោយ​ជំងឺ​រីក​រាលដាល កូ​វីដ​១៩ ដែល​រាជរដ្ឋាភិបាល កំពុងតែ​ចាត់វិធានការ​មួយចំនួន ដើម្បី​ទប់ទល់​នឹង​ជំងឺ​ដ៏​កាច​សាហាវ មួយ​នេះ​។​

​សម្តេច​តេ​ជោ​បន្តថា ព្រះករុណា ព្រះមហាក្សត្រ ជាទី​សក្ការៈ​នៃ​យើង​និង​សម្តេចព្រះ​វររាជ​មាតា ជាតិខ្មែរ ដែល​ទ្រង់​តែងតែ​យក​ព្រះរាជហឫទ័យ​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន​ជា​កូន ចៅ ចៅទួត​របស់​ព្រះអង្គ ទ្រង់​បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជ​ប្រទាន​ដោយ​ព​ព្រះ រាជទ្រព្យ​ផ្ទាល់​ជា​ថវិកា​សរុប​ចំនួន ៣០​ម៉ឺន​ដុល្លារ ជា​ព្រះរាជ​គំរូ​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ជួយ​ដល់ រាជរដ្ឋាភិបាល ក្នុង​ការបំពេញ​កាតព្វកិច្ច​ខាងលើ​។ ម្យ៉ាងទៀត ក៏មាន​សប្បុរសជន​មួយចំនួន ដែល​បានផ្តល់​ជា​ជំនួយ​ជា​ថវិកា​មួយចំនួនធំ​រួចមកហើយ​ផងដែរ​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ក្នុងនាម​រាជរដ្ឋាភិបាល បាន​ថ្លែង​នូវ​អំណរគុណ​ទុកជាមុន ចំពោះ​សប្បុរសជន​ទាំងឡាយណា ដែល​នឹង​បន្ត​ផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាល​ហើយ​ដើម្បី ជា​កិច្ច​សម្រួល​ដល់​ការទទួល​ជំនួយ​ទាំងឡាយ​នោះ រាជរដ្ឋាភិបាល បានកំណត់​ទីតាំង ចំនួន​ពីរ​កន្លែង សម្រាប់​ទទួល​ស្វាគមន៍​ជំនួយ​សប្បុរស រួមមាន កន្លែង​ទីមួយ​. គឺ​គណៈកម្មការ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែលមាន​សម្តេច​តេ​ជោ ជា​ប្រធាន ហើយ​អាសយដ្ឋាន​នៅ​ក្រសួង សុខាភិបាល និង​មានឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ អ្នក​ចាំ​ទទួល​។ កន្លែង​ទី​ពីរ​. គឺ​ខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ដែលមាន​ឯក​ត្ត​ម សេង ទៀង នាយករង​ខុទ្ទកាល័យ មាន​លេខ​ទូរស័ព្ទ ០១២ ៩៦១ ៩៧១​និង​មន្ត្រី​មួយចំនួនទៀត ជា​អ្នក​រង់ចាំ​ទទួល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ដោយបាន​ជំនួយ ដែល​ត្រូវ​បានផ្តល់​រាជ​រដ្ឋា ភិ​បាល នឹង​ខិតខំ​ធ្វើ​អ្វីៗ គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​របស់​ប្រជាជន កម្ពុជា​នៃ​យើង​។​

​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង Covid-19 សម្តេច ហ៊ុន សែន បានប្រកាសថា រាជ​រដ្ឋា ភិ​បាល បាន​ត្រៀម​កញ្ចប់​ថវិកា​ពី ៨០០ ទៅ ២០០០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ទប់​ទល់ នឹង​វិបត្តិ ដែល​កើតចេញពី​ជំងឺឆ្លង Covid-19 នៅក្នុង​ផែនការ​រយៈពេល​ប្រាំ​មួយខែ និង​ផែនការ រយៈពេល​មួយឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​។​

​គេ​នៅ​ចាំបាន​ថា អំឡុងពេល​មាន​ឧបទ្ទវហេតុ បាក់​រលំ​អគារ​សង្កត់​មនុស្ស​ស្លាប់ នៅ​ខេត្ត ព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ រួមទាំង​ហេតុការណ៍ បាក់​រលំ​អគារ​ការដ្ឋាន នៅ​ខេត្ត​កែប កាល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ ក៏មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម វិភាគទាន​សរុប​រាប់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ជួយ​ដល់​ជន រងគ្រោះ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ផងដែរ​។​

​ក្នុងនោះ អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ តាមរយៈ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត និង​សាងសង់​អគារ​ថ្មី នៅ​មន្ទីរពេទ្យ​រដ្ឋ​ដ៏​ធំ​នៅក្នុង រាជធានី​ភ្នំពេញ​នេះ ក៏មាន​សប្បុរស​ជនជាតិ​-​អន្តរជាតិ​បាន​ចូលរួម​វិភាគទាន​យ៉ាងហោច ណាស់​ប្រមាណ ១០០​លាន​ដុល្លារ ផងដែរ​។​

​ជាមួយគ្នា​នោះ គេ​ក៏​មិន​ភ្លេច​ដែរ នូវ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​សប្បុរស​ជន​ខ្មែរ​យើង​ដែល​តែង តែ​ផ្តល់​វិភាគទាន​ជួយ​ប្រចាំឆ្នាំ​ដល់​កាកបាទក្រហមកម្ពុជា និង​សាខា​កាកបាទក្រហម តាម​រាជធានី​ខេត្ត សម្រាប់​ប្រើប្រាស់​ជួយ​ដល់​ប្រជាពលរដ្ឋ​យើង ដែល​ជួបប្រទះ​គ្រោះថ្នាក់ ដោយសារ​គ្រោះមហន្តរាយ​នានា​។​

​ជា​ការពិតហើយ ការចែករំលែក​នូ​វធ​ន​ធាន​តាម​លទ្ធភាព ទោះ​តិចក្តី ច្រើនក្តី ក្នុងពេល​ជួប​ការ លំបាក គឺជា​ទឹកចិត្ត​ដ៏​សប្បុរស ដូចដែល​សម្តេច​តេ​ជោ លើកឡើង​ហើយ​ថា «​គ្មានអ្វី​ថ្លៃថ្លា ជាង​ការជួយ​គ្នា នៅ​គ្រា​មាន​អាសន្ន​ទេ ហើយក៏​បង្ហាញឱ្យឃើញ​នូវ​ស្មារតី​ខ្មែរ ជួយ​ខ្មែរ​ដែរ​»​។ យើង​នឹង​ឆ្លង​ផុត​ការលំបាក​ដោយសារតែ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​តាមរយៈ​ការខិតខំ ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​បាន ប្រកាស​រួចហើយ​ថា នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​របស់ ប្រជាជន​កម្ពុជា​នៃ​យើង​៕ ដោយ​: ម៉េង​ឆៃ​