គ្មាន​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទេ​គឺ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ការដាក់​តាំង​ទំនិញ​, ការចត​យានយន្ត​លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ដើម​គរ​

592
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៤​កញ្ញា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​អំពី​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ដើម​គរ និង​ជុំវិញ​ផ្សារ ដែល​ក្រុមអាជីវករ បាន​ទន្ទ្រាន​យក​ចិញ្ចើមផ្លូវ និង​ទ្រូ​វ​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ តាំង​ទំនិញ ការចត​យានយន្ត​លើកដាក់ និង​ទម្លាក់​ទំនិញ ដើម្បី​សម្រួល​ដល់​ការ ធ្វើចរាចរ​ទៅវិញទៅមក​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា​៖​ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ និង​សម្រួល​ដល់​ការធ្វើ​ចរាចរ ឱ្យមាន​ល​លក្ខណៈ ល្អប្រសើរ​ជាង​មុន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ការដាក់​តាំង​ទំនិញ ការចត​យានយន្ត​ដើម្បី​លើកដាក់ និង​ទម្លាក់​ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​មួយចំនួន​ជុំវិញ​ផ្សរ​ដើម​គរ ដូចជា​កំណាត់​មហាវិថី​សម្តេច​មុនី​រ៉េត ផ្លូវ​លេខ​៣៣៦, ២៣១, ២៣៤ និង​ផ្លូវ​លេខ​២៣៩ ជាដើម​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​
​ទន្ទឹមនឹងនេះ ក៏មាន​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ដែលមាន​បង្កចលាចល ដោយបាន​បំភ្លៃ​ការពិត ផ្សព្វផ្សាយ​បំផុសបំផុល​នូវ​ព័ត៌មាន​ពុំ​ពិតប្រាកដ និង​បាន​ចោទប្រកាន់​មកលើ​អាជ្ញាធ​រាជធានី​ភ្នំពេញ​ថា ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​ដើម​គរ​នេះ មិនមាន​បំណង​រៀបចំ​ដោះស្រាយ​បញ្ហា​ចរាចរ​នោះទេ គឺ​គោលបំណង​យក​ទីតាំង​ផ្សារ​ប្រគល់ឱ្យ​ឯកជន ដើម្បី​វិនិយោគ​សាងសង់​ផ្សារ​នេះ​ឡើងវិញ​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់ព័ត៌មាន​ពី​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច​នេះ​ទៅ​សមត្ថកិច្ច​នៅ​ជិត​បំផុត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕