គ្មាន​ជំងឺ​រលាក​សួត​ថ្មី​នៅ​ពេទ្យរុស្ស៊ី​-​រដ្ឋមន្ត្រី​សុខាភិបាល​ស្នើសុំ​ចាត់វិធានការ​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​

110
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ​នៅវេលា​ថ្ងៃត្រង់​ទី ២៩ ខែ មករា ឆ្នាំ​២០២០ នេះ លោក​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​និង​អភិបាលខណ្ឌ​បឹង​កេងកង​លោក​ធឹ​ម​សំអាន​បានធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​នៅឯ​មន្ទីរពេទ្យ​នោះ​ដោយ​បញ្ជាក់ថា​“​មិនមាន​ករណី​អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី​ទេ​។​គឺ​មិន​ដូច​ពាក្យ​ចចាមអារ៉ាម​ផ្សាយ​តាម​បណ្តាញ​សង្គម​នោះឡើយ “ ។​

នៅក្នុង​សន្និសីទ​ដ៏​ខ្លី​នោះដែរ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក​ម៉េ​តមាស​ភក្តី​បានបញ្ជាក់​ឱ្យដឹងថា​រហូតមកដល់​ពេលនេះ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ពុំទាន់​រកឃើញ​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី ដូច​ពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​សង្គម​ឡើយ​ហើយ​ចាត់ទុក​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ​គឺជា​ចេតនា​បំពុលសង្គម​ហើយ​បង្កឱ្យមាន​ការភាន់ច្រឡំ​ដល់​ពលរដ្ឋ​កាន់តែខ្លាំង​ឡើង ។​

នៅ​ថ្ងៃទី​២៩​ដដែល​នេះដែរ​លោក​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ច្រានចោល​នូវ​ការចុះ​ផ្សព្វផ្សាយ​ថា​មាន​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី​២​ករណី​នៅលើ​ខ្លួន​ជនជាតិ​ចិន​២​នាក់​នៅ​ខេត្តកោះកុង​។​បានស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើសការពិត​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​កូ​រ៉ូ​ណា​ដែល​ទង្វើ​នេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ដោយនិយាយ​ថា​“​ខ្ញុំ​យល់ថា​គាត់​មាន​ចេតនា​បំភ័យ​ប្រជាជន​ពិតប្រាកដ​ត្រូវ​អាជ្ញា​ធរមាន​វិធានការ​តាមផ្លូវ​ច្បាប់ “ ។​

​ហេតុការណ៍​ទាំងនេះ​កើតឡើង​បន្ទាប់ពី​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​មានការ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា​មាន​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ចាត់វិធានកា​រ​ចំពោះ​អ្នក​អ្នក​ប្រ​ត​ដ្ឋ​ព័ត៌មាន​អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម​ថា ម្តង​នៅ​ខេត្ត​នេះ​ម្តង​នៅ​ខេត្ត​នោះ​បណ្តាលឱ្យ​ការ​ជ្រួលច្របល់​។​

​បើតាម​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​គិត​ត្រឹម​ថ្ងៃទី​២៩​ខែមករា​នេះ​កម្ពុជា​ទើបតែ​រកឃើញ​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា​១​ករណី​តែប៉ុណ្ណោះ​នៅលើ​ខ្លួន​ជនជាតិ​ចិន​ម្នាក់​អាយុ​៦០​ឆ្នាំ​ដែល​ធ្វើដំណើរ​ពី​ក្រុង​អ៊ូ​ហាន​ខេត្ត​ហួ​ប៉ី​ប្រទេស​ចិន​ចូល​មកដល់​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​។​

​រហូតមកទល់​ពេលនេះ​ស្ថានភាព​ជំងឺ​ពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​ហើយ​កំពុង​វិល​ទៅរក​ភាពប្រសើរឡើង​ដែល​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត​លី​សូ​វ៉ាន់​អះអាងថា​ប្រាកដជា​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​១០០​ភាគរយ​ដោយ​លោក​វេជ្ជបណ្ឌិត​លី​សូ​វ៉ាន់​និយាយថា​“​គាត់​លែងមាន​រោគសញ្ញា​អ្វី​ទាំងអស់​គាត់​អាច​ដើរ​និង​និយាយ​ជាមួយ​យើង​បាន​ធម្មតា “៕S/

  • ចំណងជើង​រូបៈ សន្និសីទ​ព័ត៌មាន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​សន្និសីទ​)
  • រូបៈ មេសា​- លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ( ឯកសារ )
  • កម្ពុជា​កំពុង​តាមដាន​ស្ថាន​រក​វត្តមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​យ៉ាង​យកចិត្តទុកដាក់ ( តាមដាន ១, តាមដាន ២ )​