គ្មាន​មនុស្ស​ឆ្លង​ជំងឺ H5N1 តែ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់

278

(​ភ្នំពេញ​) ៖ ក្រសួងសុខាភិបាល បាន​អះអាងថា ពុំមាន​នរណាម្នាក់​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្ស​នោះឡើយ បន្ទាប់ពី​ករណី​ជំងឺ​ផ្ដាសាយ​បក្ស​បាន​ផ្ទុះ​​ឡើង​នៅក្នុង​ខេត្តកំពង់ចាម កាលពី​សប្ដាហ៍​មុន​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល បានប្រកាស​កាលពី​ថ្ងៃទី​០៩ ខែធ្នូ​ថា ជំងឺផ្ដាសាយបក្សី​ប្រភេទ H5N1​ត្រូវបាន​រក​​ឃើញថា បាន​ផ្ទុះឡើង​នៅក្នុង​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្ថិតក្នុង​ស្រុក​ព្រៃឈរ​។​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃនេះ​ថា ក្រុមមន្ត្រី​សុខាភិបាល បាន​សង្ស័យ​ជំងឺផ្ដាសាយបក្សី H5N1​ឆ្លងទៅ​​លើ​មនុស្ស​១៣​ករណី ប៉ុន្តែ​លោក​ថា ក្រុមមន្ត្រី​ទាំងនោះ ពុំបាន​រកឃើញ​ការឆ្លង​វីរុស​នោះឡើយ បន្ទាប់ពី​ឆ្លងកាត់​ការត្រួតពិនិត្យ​រួចមក​។​
​ ​
​លោក​បញ្ជាក់​បន្ថែមថា​ក្រសួងសុខាភិបាល​នៅតែ​បន្ត​តាមដាន​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ផ្ទុះ​ករណី​ជំងឺផ្តាសាយបក្សី​នេះ​ប្រ​​មាណ ១០​ថ្ងៃ​ទៅមុខទៀត​។​

​ក្នុងពេល​ជាមួយគ្នា​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្រើនរំលឹក​និង​អំពាវនាវ​សារជាថ្មី ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុង​​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការផ្ទុះ​ឡើងជា​ថ្មី នៃ​ជំងឺផ្ដាសាយបក្សី H5N1 ពិសេស​ប្រជាជន ដែល​រស់នៅក្នុង​តំបន់ ដែលមាន​សត្វ​បក្សី​កើត​ជំងឺ​​ផ្កា​សាយ​បក្សី H5N1 ដូច​នៅ​ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ដែល​ក្រសួង​បាន​រកឃើញ ។​

​មន្ត្រី​ក្រសួងសុខាភិបាល ថ្លែងថា ខណៈ​នេះ មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ដ​កំពុង​បន្ដ​តាមដាន​ស្ថាន​ព​​ភាព​ជំងឺ​នេះ យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ជាទីបំផុត ៕​ដោយ​៖​មុនី​រត្ន​-​វិបុល​/sn