គ្រប់​ទីរួមស្រុក​នឹងមាន​ភ្លើង​បំភ្លឺ​ផ្លូវ​នា​អំឡុងពេល​មួយខែ​ទៀត​

721
ចែករម្លែក

ដោយ​: បូកគោ / កំពត​: នា​អំឡុង​មួយខែ​ខាងមុខ គ្រប់​បណ្តា​ទីរួមស្រុក​ចំណុះឱ្យ​ខេត្តកំពត​នឹងមាន​ភ្លើង​បំភ្លឺ​ផ្លូវ សម្រាប់​ពេល​រាត្រី​ក្នុង​រង្វង់​បរិវេណ​មួយ​គីឡូម៉ែត្រ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកដំណើ​រទូ​ទៅ​។ នេះ​ជាការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​បំណង​ធ្វើឱ្យ​ខេត្ត​ទេសចរណ៍​ភាគ​នីរ​តី​កាន់​តែមាន​ភាព​ទាក់ទាញ​។​

​នា​ពិធី​ប្រគល់​កុំព្យូទ័រ​ជាង​៥០​គ្រឿង​សម្រាប់​បម្រើ​ការងារ​ជូន​ដល់​មន្ទីរ អង្គភាព ការិយាល័យ​ក្នុង​ខេត្ត និង​ក្រុង​ស្រុក​ទាំង​ប្រាំបី កាលពី​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា​នា​អំឡុង​មួយខែ​ខាងមុខ​បណ្តា​ទីរួមស្រុក​ទាំង​ប្រាំពីរ​នឹងមាន​ភ្លើង​បំភ្លឺ​ផ្លូវ​សម្រាប់​ពេល​រាត្រី​ក្នុង​រង្វង់​បរិវេណ​មួយ​គីឡូម៉ែត្រ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកដំណើ​រទូ​ទៅ​។
​ឈ្មោះថា​ខេត្ត​ទេសចរណ៍​មិន​អាចមាន​ភាពរស់រវើក ឬ​ប្រើ​វិធី​ទាក់ទាញ​ភ្ញៀវ​តែ​ក្នុង​ទី​រួម​ខេត្ត​នោះទេ ពោលគឺ​សកម្មភាព​ទាំងនេះ​ត្រូវ​កើតមានឡើង​នៅ​គ្រប់​បណ្តា​ទីរួមស្រុក​ចំណុះឱ្យ​ខេត្ត​ទាំងមូល​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ការបំពាក់​ភ្លើង​បំភ្លឺ​តាម​បណ្តា​ទីរួមស្រុក​នេះ​ជាការ​រួមចំណែក​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ដែល​មក​កម្សាន្ត​ឱ្យ​សម្រាក​បានយូរ​ថ្ងៃ និង​កាន់តែ​យល់ច្បាស់​ពី​ភាព​រីកចម្រើន​នៃ​ខេត្តកំពត​។
​បន្ថែម​លើ​សក្តានុពល​កំពុងមាន​ស្រាប់ នាពេល​ដ៏​ខ្លី​ខាងមុខ ខេត្តកំពត​នឹង​ទទួល​កំណើន​ភ្ញៀវ​ទ្វេដង ព្រោះ​រដ្ឋបាលខេត្ត​បាន​បង្កើត​ឆ្នេរសមុទ្រ​កម្សាន្ត​ដែល​ពីមុន​មិន​ធ្លាប់មាន​។ លើសពីនោះ ការលេចចេញ​នូវ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​គឺជា​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​ចូលមក​ស្នាក់អាស្រ័យ​។ ដូច្នេះ ជាការ​អំពាវនាវ សូម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អភិវឌ្ឍ​ខេត្តកំពត​ដោយ​ទឹកចិត្ត​ស្មោះសរ​តាមរយៈ​ការសម្អាត​អនាម័យ បរិស្ថាន និង​បង្កើន​សោភ័ណភាព​ក្នុង​ខេត្ត​ទាំងមូល​៕ ល​