គ្រាន់តែឮថាមានគ្រាប់បែក អ្នកដំណើរ​នាំគ្នា​លោត​ចុះ​ពី​យន្តហោះ​បណ្តាលអោយ​របួស​១១​នាក់​

3781
ចែករម្លែក

​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​Lion Air​មួយ​ដែល​ប្រុង​ចេញដំណើរ​ពី​អាកាសយានដ្ឋាន Supadio International Airport​នៅ​កាលី​ម៉ាន់​តាន់​ខាងលិច​ក្នុង​ប្រ​​ទេស ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ឧសភា​បាន​បណ្តេញ​អ្នកដំណើរ​ម្នាក់​ចេញ​ដោយសារតែ​ការនិយាយ​លេង​អំពី​គ្រាប់បែក​បណ្តាលអោយ​អ្នករួមដំណើរ​ឯទៀត​ភិត​​ភ័យ​និង​នាំគ្នា​លោត​ចេញពី​យន្តហោះ​។​

​វា​ជា​លើក​ទី​២​ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បណ្តេញ​អ្នកដំណើរ​ចេញ​ដោយសារតែ​ការនិយាយ​បង្អើល​លេង​អំពី​គ្រាប់បែក​។​កាល​​ពីថ្ងៃ​២៧​ឧសភា ក៏មាន​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នៅលើ​យន្តហោះ​មួយ​ប្រុង​ចេញដំណើរ​ពី​ក្រុង​ហ្សា​ការ​តា​ទៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​។​

​អ្នកដំណើរ​ឈ្មោះ FS​បាន​និយាយ​លេងសើច​អំពី​ការ​មាន​គ្រាប់បែក​នៅលើ​យន្តហោះ ដោយសារតែ​ខ្លួន​ខឹង​នឹង​អ្នកបំរើ​លើ​យន្តហោះ រើ​ថង់​អីវ៉ាន់​របស់ខ្លួន​ចេញពី​បន្ទប់​​ដាក់​អីវ៉ាន់​អ្នកដំណើរ​។​

​ការនិយាយ​លេង​របស់​FS​នាំ​អោយឮ​ដល់​អ្នកដំណើរ​ជាច្រើន​នាក់​និង​បណ្តាលអោយមាន​ការភិតភ័យ​នាំគ្នា​លោត​ចេញ​តាម​បង្អួច​គ្រាអាសន្ន​របស់​យន្តហោះ​។​ជា​លទ្ធផល អ្នកដំណើរ​១១​នាក់​បាន​រងរបួស​។​

​អ្នកចាត់ការ​អាកាសយា​ន​ដ្ឋា​ន បាន​អះអាងថា មានការ​បណ្តេញ​អ្នកដំណើរ​ម្នា​ក់នៅ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ចន្ទ ក្រោយ​ឧបទ្ទវហេតុ​។​តែ​អ្នកបំរើ​លើ​យន្តហោះ​បាន​ប្រាប់​​អាកាសយានិក​វិញ​ថា​វា​ជាការ​លេងសើច​ទេ​ហើយ​បាន​ប្រាប់​អ្នកដំណើរ​អោយ​ចាក​ចេញពី​យន្តហោះ​តាម​សម្រួល​។​

​តែ​ទោះជា​យ៉ាងណា អ្នកដំណើរ​ដែល​ភ័យ​ស្លន់ស្លោ បាន​ខំ​បើកទ្វារ​គ្រាអាសន្ន​និង​លោត​ចេញ​ដោយ​មិន​គិតពី​គ្រោះថ្នាក់​៕​ដោយ​៖​វាសនា​

អ្នកដំណើរ​ឈ្មោះ FS​បាន​និយាយ​លេងសើច​អំពី​ការ​មាន​គ្រាប់បែក​នៅលើ​យន្តហោះត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ប៉ូលិស