គ្រាន់តែ​ខឹង​ជាន់​ជើង កាប់​ស្លាប់​មួយ​រំពេច​

3460
ចែករម្លែក
  • 379
    Shares

ដោយ​៖​ឆាយា​នាថ / កំពង់ធំ​៖ គ្រាន់តែ​ខឹង​ដើរ​ជាន់​ជើង សន្សំ​ជា​គំនុំ​លប​កាប់​ស្លាប់​មួយ​រំពេច តែ​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។ ហេតុការណ៍​ឃាតកម្ម​គិតទុក​ជាមុន​នេះ កើតឡើង​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន​។​

​សមត្ថកិច្ច អះអាងថា ជនរងគ្រោះ​ឈ្មោះ យា​ត សុផល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម រីឯ​ជនសង្ស័យ​ដែលជា​ដៃដល់​ឈ្មោះ ចៀន សុខ​ចាន់ ហៅ​ចាន់​រះ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។ អ្នក​ទាំងពីរ​បានមក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅផ្ទះ​ឈ្មោះ តាំង ផេង ភេទ​ប្រុស នៅ​ភូមិ​កំពង់ធំ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មក​ធ្វើការ​ជា​កម្មករ (​រោង​ពុម្ព​)​។​

​មុនពេល​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ អ្នក​ទាំងពីរ បាន​ដេក​ស្នាក់នៅ​ជាមួយ​កម្មករ​៨​នាក់​ទៀត​។ នៅពេល​ក្រោក​ពី​ដេក​ម៉ោង​ប្រហែល​៥​ព្រឹក ជនរងគ្រោះ បាន​ក្រោក​ពី​ដេក ក៏​ដើរ​ជាន់​ដៃ​ជនដៃដល់ ហើយ​បានប្រកែក​គ្នា មួយសន្ទុះ​ក៏​ចប់​ទៅ​។​

​ក្រោយមក ជន​ដែល​ស្លាប់ និង​កម្មករ​៨​នាក់​ទៀត បាននាំគ្នា​ទៅធ្វើ​ការ នៅ​រោង​ពុ​ម្ភ​ផ្សារ​កំពង់ធំ ។ ចំណែក​ជនដៃដល់ ពុំ​ទៅធ្វើ​ការ​ទេ​។ លុះ​ពេល​ល្ងាច​កម្មករ​ទាំងអស់ បានមក​ផ្ទះ​ចំណែក​ជនដៃដល់ ក៏​នៅផ្ទះ​ដែរ ពុំ​ទៅណា​ទេ ហើយក៏​បាន​ដេក​ក្នុង​មុង​ជាមួយគ្នា​ដូច​សព្វមួយដង​។ ពេល​កំពុងតែ​ដេកលក់​ទាំងអស់គ្នា ជនដៃដល់​បាន​យក​កាំបិត​(​កា​កុក​) កាប់​ទៅលើ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ពេលនោះ​ជនដៃដល់​ក៏​រត់​ចេញពីផ្ទះ ក៏ត្រូវ​កម្មករ​ទាំងអស់ ដេញតាម​ចាប់​រហូត មកដល់​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្ដា​ត់​ដំរី​ជាន់ខ្លា ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ ដឹក​ទៅកាន់​លំនៅដ្ឋាន​របស់ខ្លួន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L