គ្រាន់តែ​គេ​មិន​លក់​កោះ​ហ្គ្រី​ន​លែ​ន​អោយ ត្រាំ​លុបចោល​ដំណើរ​ទស្សនកិច្ច​ភ្លាម​

1823
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​២០​សីហា​បាន​ប្រកាសថា លោក​ពន្យារ​ជំនួប​តាម​គំរោង​មួយ​ជាមួយ នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក ដោយសារតែ​លោក​​ស្រី​មិន​ចង់​លក់​កោះ​ហ្គ្រី​ន​លែ​ន​អោយ​អាម៉េរិក​។​

​ការសំរេចចិត្ត​របស់​ត្រាំ បង្ហាញ​អំពី​បំណង​ដែល​លោក​ចង់​បាន​កោះ​ធំ​បំផុត​ក្នុង​លោក​នៅ​តំបន់​អាកទិ​កនេះ ជា​គំនិត​ដែល​ពី​ដំបូង​មនុស្ស​មួយចំនួន​គិតថា​ជា​រឿង​លេងសើច​​តែ ក្រោយមក​សេត​វិមាន​របស់​អាម៉េរិក​បាន​អះអាងថា វា​ជា​បំណង​ជាក់លាក់​មួយ ដោយសារ​តែ​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ទឹកដី​នេះ​។​

​ត្រាំ​បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ថា​« ផ្អែក​លើ​សម្តី​របស់​នាយ​ក​រដ្ឋមន្ត្រី មេ​ត​តេ ហ្វ្រេ​ដឺ​រិ​កសិន ដែល​ថា​លោកស្រី​មិន​ចាប់​អារម្មណ៍​នឹង​ការពិភាក្សា​អំពី​ការលក់​ហ្គ្រី​ន​​លែ​ន ខ្ញុំ​នឹង​ពន្យារ​ជំនួប​របស់​យើង​ដែល​គ្រោង​ធ្វើ​នៅ​២​សប្តាហ៍​ខាង​មុខ​ទៅកាន់​ពេលវេលា​មួយទៀត​»​។​

ប្រធានាធិបតី​អាម៉េរិក និង​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក ដែល​បដិសេធ​បំណង​របស់​អាម៉េរិក​ក្នុងការ​ទិញ​យក​កោះ​ហ្គ្រី​ន​លែ​ន​

​ចំណែក​អ្នកនាំពាក្យ​សេត​វិមាន​បាន​អះអាងថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​ដា​ណឺ​ម៉ាក ត្រូវ​លុបចោល​»​។​

​កាសែត​The Wall Street Journal​បាន​រាយការណ៍​មុនគេ​ថា លោក​ត្រាំ​ចាប់អារម្មណ៍​នឹង​ផ្នែក​នៃ​ដា​ណឺ​ម៉ាក ដែល​គ្រប​ដោយ​ទឹកកក​ភាគច្រើន និង​បាន​សួរ​បណ្តា​ទីប្រឹក្សា​ថា​តើ​​អាម៉េរិក​អាច​ទទួលបាន​ទឹក​ដី​នោះ​ដែរ​ឬទេ​។​

​កាសែត​បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក ដែល​ជា​អតីត​សេដ្ឋី​អចលនទ្រព្យ សម្លឹង​ឃើញ​ប្រភព​ធនធានធម្មជាតិ​និង​សារសំខាន់​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​តំបន់​នោះ​។​

​កាលពី​ថ្ងៃអាទិត្យ ត្រាំ​បាន​អះអាងថា លោក​ចាប់អារម្មណ៍​ពិតប្រាកដ​ក្នុងការ​ទិញ​យក​កោះ​ហ្គ្រី​ន​លែ​ន តែ​ថា​វា​មិន​ជា​អាទិភាព​មួយ​សំរាប់​រដ្ឋបាល​របស់​លោក​ទេ និង​ថា​ដំណើរ​ទស្សន​​កិច្ច​នៅ​ដា​ណឺ​ម៉ាក ក៏​មិន​សំរាប់តែ​កោះ​នេះ​ទាំងស្រុង​ដែរ​។​

​សូម​រំលឹក​ថា ដា​ណឺ​ម៉ាក​បាន​ធ្វើ​អាណានិគម​កោះ​ទំហំ​២​លាន​គីឡូម៉ែត្រ​ការ៉េ​នេះ​នៅ​សតវត្សរ៍​ទ​១៨ ។​វា​មាន​ប្រជាជន​រស់នៅ​តែ​ប្រមាណ​៥៧.០០០​នាក់ ភាគច្រើន​ជា​សមាជិក​នៃ​សហ​​គ​មន៍​ជនជាតិដើម​Inuit ។​

​ក្រសួងការបរទេសរ​បស់​ហ្គ្រី​ន​លែ​ន កាលពី​សប្តាហ៍​មុន​បាន​និយាយថា កោះ​នេះ​ត្រៀម​ខ្លួន​ពិភាក្សា​អំពី​ការធ្វើ​ជំនួញ មិន​សំរាប់​លក់​ទេ​៕​ដោយ​៖​វាសនា​

#