គ្រាន់តែ​រ៉ូ​ណា​ល់​ដូ​បង្ហាញមុខ​នៅ​លី​ក​កំពូល​អ៊ីតាលី​លើកដំបូង បណ្តាលឱ្យ​អ្នកចាំទី​គូប្រជែង​ដេកពេទ្យ​

984
ចែករម្លែក

​ការបង្ហាញ​មុខ​លើកដំបូង​របស់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ នៅក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A មិន​ត្រឹមតែ​កត់សម្គាល់​ដោយ​គ្រាប់​បាល់​ស៊ុត​ចូល​ទី​១​គ្រាប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្តាលឱ្យ​អ្នកចាំទី​គូប្រជែង​ដេកពេទ្យ​ទៀតផង​។​

​ជាមួយ​លទ្ធផល​នៅ​ត្រឹង ២-២ ក្នុងការ​ប្រកួត​របស់ Juventus នៅ​ទឹកដី Chievo Verona រ៉ូ​ណា​ល់​ដូ​បាន​ប៉ះទង្គិច​ជាមួយនឹង​អ្នកចាំទី ស្តេ​ហ្វា​ណូ សូ​រិ​នទី​ណូ ក្នុង​តំបន់​ប៉េ​ណា​ល់​ទី​ដ៏​ច្របូកច្របល់​។​

​ស្តេ​ហ្វា​ណូ​បាន​សន្លប់​មួយ​ភ្លែត ហើយ​មានការ​ព្រួយបារម្ភ​ប៉ុន្មាន​នាទី​ខណៈពេលដែល​អ្នកចាំទី​រូបនេះ​កំពុង​ទទួល​ការព្យាបាល​លើ​ទីលាន មុនពេល​ប្តូរ​ចេញ​។​

​អ្នកចាំទី​វ័យ ៣៩ ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ សីហា ជាមួយនឹង​របួស​បាក់ក្តោង​ច្រមុះ ​ជាំ​លើ​ស្មា​ខាងឆ្វេង និង​ជាំ​កញ្ចឹងក​។​

​សូ​រិ​នទី​ណូ​នៅ​អាច​និយាយ​កំប្លែង​អំពី​ឧបទ្ទវ​ហេតុនេះ​បាន​ទៀត ដោយ​បង្ហោះ​រូបភាព​នៅលើ Twitter ជាមួយ​ចំណងជើង​សរសេរថា “​សូម​អរគុណ​សម្រាប់​សារ​គាំទ្រ ការស្រឡាញ់ និង​ការគោរព​របស់​អ្នក​ទាំងអស់គ្នា​។ យើង​គឺជា​ក្រុម​ដ៏​អស្ចារ្យ​ហើយ​កាលពី​ម្សិលមិញ​យើង​ប៊ិះ​តែ​នឹង​សម្រេចបាន​នូវ​ជ័យជម្នះ​ទៅហើយ កុំ​តែ CR7 មក​ព្រលះ​ខ្ញុំ​មួយ​ទំហឹង​!”​។​

​ក្រោយមក​គាត់​ក៏បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នេះ​ថា រ៉ូ​ណា​ល់​ដូ​បាន​ទាក់ទង​មក​ខ្ញុំ​។ សូ​រិ​នទី​ណូ​និយាយថា “​ខ្ញុំ​បានទទួល​សារ​គាំទ្រ​និង​ការ​ជូនពរ​ឱ្យ​ខ្ញុំ​ឆាប់​ជាសះស្បើយ​ពី​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​។ អរគុណ កំពូល​កីឡាករ​!”៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​បង្ហាញខ្លួន​លើកដំបូង​ជួយ Juventus ឈ្នះ ៣-២ នៅ​ទឹកដី Chievo តែ​បណ្តាលឱ្យ​អ្នកចាំទី​គូប្រជែង​ដេកពេទ្យ