គ្រាន់តែ​សម្តេច​តេ​ជោ​បង្កើត​ក្រុម​មេធាវី​ការពារ​ក្តី​ស្ត្រី​ក្រីក្រ​ភ្លាម​, ទទួល​ជនរងគ្រោះ​ភ្លែ​ត​មិន​បង្អង់​យូរ​

328
ចែករម្លែក
  • 1.4K
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: សមាគម​ឯកជន ប្រជាពលរដ្ឋ និង មហាជន​លើ​បណ្តាញ​សង្គម បាន​សាទរ​ចំពោះ​ស្នាដៃ​ថ្មី​ក្នុង​ការជួយ​សង្គម​កម្ពុ​ជា​ដោយ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​បង្កើត “​ក្រុម​មេធាវី​ការពារ​ក្តី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​សម្តេច​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​ក្រីក្រ​”​។

​គ្រាន់តែ​សម្តេច​តេ​ជោ​ឯកភាព​បង្កើត​ក្រុម​មេធាវី​ដោះស្រាយ​បញ្ហា​ស្ត្រី​និង​ក្មេង កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ភ្លាម​បានតែ​ប៉ុន្មាន​សោះ ស្រាប់​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ​ទទួល​ប្តឹង​ភ្លេ​ត​ដោះស្រាយ និង​ធ្វើការ​តាម​អនុ​សាស្ត្រ​របស់​សម្តេច​មិនឱ្យ​មហាជន​ខកបំណង​និង​ខ្វល់ខ្វាយ​ឡើយ​។​

​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​រៀបចំ​និង​ដឹកនាំ​ដោយ លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដោះស្រាយ និង​ការពារ​ក្តី​ជូន​ស្ត្រីជន​រងគ្រោះ​ជា​លើកដំបូង ខណៈ​លោក​កំពុងដំណើរការ​រៀបចំ​បង្កើត​ក្រុម​មេធាវី​តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​តំណាង​ក្រុម​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​ជា​ស្ត្រី​ក្រីក្រ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​ទូរ​សព្ទ​ថា ក្រោយ​បាន​បង្កើត​និង​ឯកភាព​ពីស​ម្តេច​តេ​ជោ​ភ្លាម ក្រុមការងារ​នេះ ទទួលបាន​ករណី​ទី​១ ដោយ​ជួយ​ដល់​ជនរងគ្រោះ​ជា​ស្ត្រី​ចំណាស់ ឈ្មោះ ភី យឿន មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។ ចៅ​របស់​ស្ត្រី​វ័យ​ចំណាស់​រូបនេះ ត្រូវបាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន រយៈពេល​២​ថ្ងៃ​មកហើយ ដោយសារតែ​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​។ ប៉ុន្តែ​ជនសង្ស័យ​នេះ ត្រូវបាន​ដោះលែង​វិញ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់ពី​មានការ​ធានា​ការពារ​ដោយ ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​ជាមួយគ្នា​នោះ អ្នកស្រី ភី យឿន ដែល​មករក​ក្រុម​មេធាវី​សម្តេច​តេ​ជោ បាន​លើក​សំពះ​ថ្លែង​អំរ​គុណ​ដល់​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​រឿងក្តី​របស់​ចៅ​អ្នកស្រី ព្រមទាំង​ផ្តល់​សោហ៊ុយ​ឱ្យធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​ថែមទៀត​។ អ្នកស្រី​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ និង ជូនពរ​សម្តេច​ទទួល​ពុទ្ធពរ​ទាំង​៤​ប្រការ​ផងដែរ​។

​សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​» កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​អំពី​បំណង​របស់​សម្តេច ក្នុងការ​បង្កើត «​ក្រុម​មេធាវី​ការពារ​ក្តី​» ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ដល់ ជនរងគ្រោះ​ជា​ស្ត្រី​ក្រីក្រ​។ បន្ទាប់ពី​ប្រកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចាត់តាំង លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​រៀបចំ​បង្កើត​ក្រុម​មេធាវី​នេះ ដើម្បី​ការពារ​ក្តី​ជូន​ស្ត្រី​ក្រីក្រ​ទូទាំងប្រទេស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រហូតមកដល់​ពេលនេះ សម្តេច​មាន​កញ្ចប់​ថវិកា​ប្រមាណ​៥០​ម៉ឺន​ដុល្លារ នៅក្នុង​ដៃ ដើម្បី​ត្រៀម​សម្រាប់​ការរៀបចំ​ក្រុម​មេធាវី​សម្តេច​តេ​ជោ​នេះ ។ ក្រុម​មេធាវី​របស់​សម្តេច​នឹង​មាន​សមាជិក​រហូតដល់​៥០​រូប ដាក់​គ្រប់​ខេត្ត​ក្រុង​ទូរ​ទាំង​ប្រទេស ។ ថវិកា​ក្នុង​ចំណាយ​លើ​ដំណើរ​ការងារ​ថ្មី​របស់​សម្តេច​លើក​នេះ​ជា​ថវិកា​ផ្ទាល់​របស់​សម្តេច​ខំ​ប្រមូល​មក​ដើម្បី​ជួយ​ដោះស្រាយ​ដល់​ស្ត្រី​រងគ្រោះ​និង​មាន​វិបត្តិ ដែល​មិនមាន​លទ្ធភាព​តតាំង​ក្តី នៅ​តុល​ការ ឬ ប្តឹងទៅ​តុលាការ​។

​សារ​ពីស​ម្តេច​តេ​ជោ ក្នុង​វេទិកាសាធារណៈ បាន​ថ្លែង​បញ្ជាក់ថា សម្តេច​នឹងដាក់​ប្រធាន​១ និង​អនុប្រធាន​៤ ដោយសារតែ​កម្ពុ​ជាមាន​សាលាឧទ្ធរណ៍​៤​ភូមិភាគ ដូច្នេះ អនុប្រធាន​ទាំង​៤ គឺ​កាន់​ការងារ​នៅតាម​ភូមិភាគ ដើម្បី​ការពារ​ឱ្យ​ស្ត្រី​។ សម្តេច​តេ​ជោ សូមឱ្យ​បងប្អូន​កូនក្មួយ​ក​កម្មការិនី ស្ត្រី កុមារី ដែលមាន​បញ្ហា​មិនមាន​លទ្ធភាព រក​មេធាវី កុំ​បារម្ភ​ទៀត ហើយ​រត់​មករក “​ក្រុម​មេធាវី​ការពារ​ក្តី​សម្តេច​តេ​ជោ​” នឹង​ដោះស្រាយ​ជូន​ភ្លាម​៕ ល​