គ្រាន់តែ​ហ្វូងបក្សី កូរ៉េខាងត្បូង​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ និង​ប្រកាសអាសន្ន​

559
ចែករម្លែក

​ភាព​ជ្រួលច្របល់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ភ្លែត​បាន​ចប់​ទៅវិញ ក្រោយ​ពី​យោធា​កូរ៉េខាងត្បូង​បាន​ប្រកាសថា​តាមពិត​វា​ជា​ហ្វូង​សត្វ​ស្លាប​ទេ ដែល​មុននេះ​បណ្តាល​អោយ​មាន​ការ​​បញ្ជូន​ចេញ​យន្តហោះ​ប្រយុទ្ធ និង​ចេញ​សារ​ព្រមាន​សល់​អ្នកកាសែត​ថា ខ្លួន​(​យោធា​)​បាន​ចាប់​បាន​សញ្ញា​វត្ថុ​មិនអាច​កំណត់​អត្តសញ្ញាណ​ហោះ​លើ​ព្រំដែន​ជាប់​កូរ៉េខាងជើង​កាល​​ពី​ថ្ងៃ​ចន្ទ​ទី​០១​កក្កដា​។​

​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​មុន​នោះ​អំពី​វត្ថុ​ហោះ បណ្តាល​អោយ​បណ្តា​អង្គការ​សារព័ត៌មាន​ប្រញាយ​គ្នា​ចុះផ្សាយ​ដោយសារតែ​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​តែ​មួយ​ថ្ងៃ​គត់​​ក្រោយ​ពី​មេដឹកនាំ​អាម៉េរិក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​កូរ៉េ​ទាំង​២ លោក​គីម ជុង​អ៊ុន​និងមូន ជែ​អ៊ិន បង្ហាញ​វត្តមាន​រួមគ្នា​នៅ​ទីនោះ​។​

​សូមបញ្ជាក់​ថា យោធា​កូរ៉េខាងត្បូង​បាន​ស្ថិត​ក្រោម​ការរិះគន់​ចំពោះ​ការខ្វះចន្លោះ​សន្តិសុខ​ក្រោយពី​ទូក​មួយ​ដែល​ដឹក​ជនជាតិ​កូរ៉េ​ខាងជើង​បាន​ទៅ​ដល់​កំពង់ផែ​កូរ៉េខាងត្បូង​​មួយ​ដោយ​គ្មាន​ចាប់​បាន​សញ្ញា​អ្វី​សោះ​កាលពី​ពេល​ថ្មីៗ​។​ពួក​អ្នកសង្កេតការណ៍ និយាយថា យោធា​កូរ៉េខាងត្បូង​បង្ខំចិត្ត​បញ្ចេញ​ព័ត៌មាន​អំពី​វត្ថុ​ហោះ​ទៅកាន់​សារព័ត៌មាន​ដើម្បី​​ជៀសវាង​ការរិះគន់​ដូចគ្នា​អំពី​សកម្មភាព​យកការណ៍​របស់ខ្លួន​។​

​នាយសេនាធិការ​កងទ័ព​ចម្រុះ​របស់​កូរ៉េ​ខាងត្បូង មុន​នេះ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា រ៉ា​ដា​បាន​រកឃើញ​«​ដាន​ហោះ​របស់​វត្ថុ​មិន​អាច​កំណត់​អត្តសញ្ញាណ​មួយ​»​នៅ​ពី​លើ​ផ្នែក​​កណ្តាល​នៃ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។​

​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង ដែល​ស្រង់​ប្រភព​ពី​មន្ត្រី​យោធា បាន​ប្រញាប់​ចុះផ្សាយ​ថា វា​ទំនងជា​ឧទ្ធម្ភាគចក្រ​កូរ៉េខាងជើង​ហោះ​កាត់​ព្រំដែន​ចូល​ខាង​កូរ៉េ​ខាងត្បូង​​។​តែ​អាកាសយានិក​នៃ​យន្តហោះ​ប្រយុទ្ធ​ដែល​ត្រូវបាន​បញ្ជូន​ចេញ​ជាច្រើន មិន​បាន​រកឃើញ​វត្ថុ​ហោះ​អី ក្រៅ​តែ​ពី​សត្វ​ស្លាប​ប្រមាណ​២០​ក្បាល​៕​ប្រែ​សម្រួល​៖​វាសនា​