គ្រាន់​ដោយសារ​កូ​រ៉ូ​ណា​ធ្វើឱ្យ​ខួបកំណើត​របស់ខ្លួន​ត្រូវ​លុបចោល​បុរស​ម្នាក់​គំរាម​ចាក់​សាំង ដុត​សម្លាប់ខ្លួន

98
ចែករម្លែក

បុរស​ចំណាស់​ម្នា​ក់នៅ​ប្រទេស​ចិន បាន​ចាក់​សាំង​ស្រោច​ជោក​លើ​ខ្លួន​ហើយ​ចង​ផាវ​ជុំវិញ ចង្កេះ​ក្នុង​បំណង​ធ្វើអត្តឃាត ដោយសារតែ​អាជ្ញាធរ​លុបចោល​ពិធី​បង់​កេ​ខួបកំណើត របស់ខ្លួន​ព្រោះ​ខ្លាច​វីរុស​កូ​រ៉ូ​ណា (coronavirus) ឆ្លង​រាលដាល​។

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ (Xinhua) បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ​ថា បុរស​វ័យ ៥៩ ឆ្នាំមាន​ត្រកូល វ៉ាង (Wang) ដែល​រស់នៅ​ក្រុង​ឆុង​ឈី​ង (Chongqing) ខាងលើនេះ បាន រៀប​គម្រោង​ធ្វើ​ពិធី​បង់​កេ​ខួបកំណើត​ដោយ​អញ្ជើញ​ភ្ញៀវ ១០ តុ​កាលពី​ចុងខែ​កន្លងទៅ​។​

​ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​ទូទាំង​ប្រទេស​ចិន បាននិងកំពុង​រឹតបន្តឹង​រាល់​ការប្រមូល​ម្ដុំ​គ្នា ជា​សាធារណៈ​ដើម្បី​ទប់​ការឆ្លង​រាលដាល មន្ត្រី​បាន​ប្រាប់​ឱ្យ​លោក វ៉ាង​លុបចោល​កម្មវិធី បង់​កេ​នេះ ទើប​ធ្វើឱ្យ​គាត់​ខូចចិត្តខូចថ្លើម​ដល់​ថ្នាក់​លែង​ចង់​រស់​គួរឱ្យ​ហួសចិត្ត​។​

​សូមបញ្ជាក់ថា ប្រជាជន​រាប់ពាន់​លាន​នាក់​ទូទាំងប្រទេស​ចិន កំពុង​ប្រឈម​ការ​រឹតបន្តឹង​នានា ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការរស់នៅ​របស់​ពួកគេ​ដោយសារតែ​កិច្ចប្រឹង ប្រែង​ទប់​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​រហូត​មកទល់ពេលនេះ​បាន​ឆ្លងទៅ​មនុស្ស​ជាង ៤៤.៦០០ នាក់ និង​ផ្ដាច់ជីវិត មនុស្ស​ជាង ១.១០០ នាក់​៕ ប្រែ​សម្រួលៈ​ខុម​