ដោយ:សុខុម/ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីក្រោមឱវាទយកផ្លែត្នោតចំនួន៣០.០០០គ្រាប់ ទៅដាំនៅតាមសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅស្រុកបុរីអូរស្វាយសែនជ័យនិងស្រុកសៀមប៉ាងកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៩។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាដើមត្នោតគឺជារុក្ខជាតិដែលផ្តល់គុណសម្បត្តិច្រើនយ៉ាង ជួយដល់ពលរដ្ឋខ្មែរ តាំងពីសម័យបុរាណ។ម្យ៉ាងទៀតក៏ចាត់ទុកថាជាដួងព្រលឹងជាតិដែលប្រជាជនខ្មែរទុកជាសម្គាល់ នូវទេសភាពស្រស់ស្អាតទឹករបស់កម្ពុជាយើង។
លោកអភិបាលខេត្តបានចាត់ទុកថា ការដាំដើមត្នោតខ្មែរគឺជាសកម្មភាពប្រវត្តិសាស្ត្ររបស់ខេត្តក្នុងការបង្ហាញពីវប្បធម៌របស់ជាតិ។ ការថែរក្សាអត្តសញ្ញាណជាតិ ដួងព្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិត ដល់អ្នកជំនាន់ក្រោយ ឱ្យចេះស្រឡាញ់នូវអត្តសញ្ញាណជាតិ។
លោក ព្រំ ចាន់ថាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងបានបញ្ជាក់ថាគ្រាប់ត្នោតត្រូវបានយកទៅដាំចំនួន៣០.០០០គ្រាប់។ នេះគឺជាលើកទី២ហើយ ដែលបានដាំដូចគ្នាកាលពីឆ្នាំមុន។
ក្រៅពីនេះពលរដ្ឋខ្មែរ បានទុកជាប្រយោជន៍ច្រើនយ៉ាងដូចជា ពេលគ្រាប់ត្នោតដុះលូតលាស់ធំពេញរូបរាង គេអាចផលិតជាទឹកត្នោត ស្ករត្នោត យកស្លឹកមកប្រក់ផ្ទះ បាំងជញ្ជាំងស្លឹកត្នោត ធ្វើជាកន្ទេល សម្លគមត្នោត នំត្នោត ចាហួយត្នោត កំពីងត្នោត ម្សៅត្នោត សាច់ត្នោតខ្ចី ត្នោតទុំទុត ខ្សែធាងត្នោត ខ្សែជក់ត្នោត រនូតដើមត្នោតមកក្រាលផ្ទះ និងធ្វើជាអំបោសជក់ត្នោត៕B/