គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ច្រានចោល​ការចោទប្រកាន់​អំពី​ការរំលោភ​ថា​ជា “​ដំណឹង​ក្លែងក្លាយ​”

1153
ចែករម្លែក

​តារាបាល់ទាត់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​ច្រានចោល​ការចោទប្រកាន់​ពី​សំណាក់​ស្ត្រី​អាមេរិក​ម្នាក់​ដែល​ចោទប្រកាន់ថា​នាង​ត្រូវបាន​កីឡាករ​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ចាប់រំលោភ​កាលពី​ឆ្នាំ ២០០៩​។​

​នៅក្នុង​វីដេអូ Instagram រ៉ូ​ណា​ល់​ដូ​បាន​និយាយថា “​ពួកគេ​ចង់​ផ្សព្វផ្សាយ [​ខ្លួនឯង​] ដោយ [​ប្រើប្រាស់​] ឈ្មោះ​របស់ខ្ញុំ​។ វា​ជា​រឿង​ធម្មតា​”​។​

​មេធាវី​របស់​រ៉ូ​ណា​ល់​ដូ​និយាយថា ពួកគេ​នឹង​ប្តឹង​ទស្សនា​វ​ដ្តី Der Spiegel របស់​អាល្លឺម៉ង់​ដែល​បាន​រាយការណ៍​អំពី​ការចោទប្រកាន់​នេះ​មុនគេ​។​

​ទស្សនា​វ​ដ្តី​នេះ​បានសរសេរថា នាង ខា​ទ្រី​ន ម៉ា​យ័រ​ហ្គា (Kathryn Mayorga) បាន​អះអាងថា រ៉ូ​ណា​ល់​ដូ អាយុ ៣៣ ឆ្នាំ​បាន​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ​ឡាស​វេ​ហ្គាស​។​

​នាង ម៉ា​យ័រ​ហ្គា អាយុ ៣៤ ឆ្នាំ​ត្រូវបាន​គេ​រាយការណ៍​ថា​បានដាក់​ពាក្យបណ្តឹង​អំពី​ការរំលោភ​សេពសន្ថវៈ​ជាមួយ​ប៉ូលិស​ក្រុង​ឡាស​វេ​ហ្គាស​ភ្លាមៗ​បន្ទាប់ពី​ឧបទ្ទវ​ហេតុដែល​បាន​ចោទប្រកាន់​នេះ​។​

​ក្នុង​ឆ្នាំ ២០១០ នាង​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ឈានដល់​ការដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ​រ៉ូ​ណា​ល់​ដូ​ពាក់ព័ន្ធ​នឹង​ការបង់ប្រាក់​ចំនួន ៣៧៥.០០០ ដុល្លារ​សម្រាប់​ការយល់ព្រម​មិន​ទម្លាយ​ការចោទប្រកាន់​នេះ​ជា​សាធារណៈ​។​

​មេធាវី​របស់​នាង​កំពុង​ស្វះ​ស្វែងរក​ការ​ប្រកាសថា កិច្ចព្រមព្រៀង​ដែល​មិនបាន​លាតត្រដាង​នេះ​គឺ​ចាត់ទុកជា​មោ​ឃៈ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ មេធាវី​របស់​រ៉ូ​ណា​ល់​ដូ លោក គ្រី​ស្ទា​ន សឺត បាន​និយាយថា “​របាយការណ៍​នៅក្នុង​ទស្សនា​វ​ដ្តី Spiegel គឺ​ខុសច្បាប់​យ៉ាងច្បាស់​ក្រឡែត​”​។​

​គាត់​បាន​បន្ថែមថា គាត់​ត្រូវបាន​ណែ​នាំឱ្យ​ស្វែងរក​ប្រាក់​សំណង​សម្រាប់ “​ការខូចខាត​ផ្លូវចិត្ត​” ជុំវិញ “​ការរំលោភបំពាន​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ទៅលើ​សិទ្ធិ​ផ្ទាល់ខ្លួន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​”៕ ដោយ៖ កញ្ញាដាលីស

គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ
#