គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ រកបាន​គ្រាប់​បាល់​ទី ៧០០ ក្នុង​អាជីព​ដ៏​ត្រចះត្រចង់​

190
ចែករម្លែក

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) រកបាន​គ្រាប់​ទី​៧០០​ក្នុង​អាជីព​របស់ខ្លួន​ប៉ុន្តែ​មិនអាច​ជួយ​ក្រុម ព័រ​ទុយ​ហ្គា​ល់​ឲ្យ​គេច​ផុតពី​បរាជ័យ​បានទេ​។ ក្រុម​ព័រ​ទុយ​ហ្គា​ល់​ប្រកួត​ចាញ់​ក្រុម​អ៊ុយ​ក្រែ​ន​២-១ អំឡុង​ការប្រកួត​ជម្រុះ Euro 2020 កាលពី​យប់​ថ្ងៃ​ច័ន្ទ​។​
​ ​
​ក្រុម​អ៊ុយ​ក្រែ​ន​នាំមុខ​មុន​២-០ មុនពេល រ៉ូ​ណា​ល់​ដូ សាង​ប្រវត្តិសាស្ត្រ​ដោយ​រកបាន​មួយ​គ្រាប់​ដោយ​ការទា​ត់បាល់ ប៉េ​ណា​ល់​ទី និង​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ប្រាំមួយ​នាក់​ដែល​រកបាន​៧០០​គ្រាប់​ឬ​ច្រើនជាង​នេះ ក្នុង​ប្រវត្តិ​បាល់ទាត់​។​
​ ​
​គេ​នៅចាំ​មើលថា តើ រ៉ូ​ណា​ល់​ដូ អាច​រកបាន​ប៉ុន្មាន​គ្រាប់​ទៀត​មុនពេល​ចូល​និវត្ត ប៉ុន្តែ​ប្រាកដ​ណាស់​ថា គេ​នឹង​ចងចាំ កីឡាករ​រូបនេះ​ថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​។​
​ ​
​រ៉ូ​ណា​ល់​ដូ រកបាន​គ្រាប់​បាល់​ច្រើន​សម្រាប់​ក្លិប​រៀល​ម៉ា​ឌ្រី​ត ទី​ដែល​កីឡាករ​រូបនេះ​រកបាន​៤៥០​គ្រាប់​ក្នុង​៩​រដូវ កាល​នៅ​ពហុ​កីឡដ្ឋាន Bernabeu ។ រ៉ូ​ណា​ល់​ដូ ក៏​រកបាន​១១៨​គ្រាប់​ផងដែរ អំឡុងពេល​បង្ហាញមុខ​នៅ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩​។​
​ ​
​រ៉ូ​ណា​ល់​ដូ ក៏បាន​សាង​ឯតទគ្គ​កម្ម​ផ្សេងៗ​ផងដែរ ដូចជា​កីឡាករ​ដែល​អាច​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​និង​ជា​កីឡាករ​ដែល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​ស្របពេល​ជា​កីឡាករ​ដែល​លេង​ឲ្យ​ជម្រើស ជាតិ​ព័រ​ទុយ​ហ្គា​ល់​ច្រើនជាងគេ​។ រ៉ូ​ណា​ល់​ដូ លើក​ពាន​បាល់​មាស Ballon d`Ors ៥​លើក ស្មើនឹង​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)