គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បដិសេធ​មិន​បញ្ជាក់ថា ខ្លួន​នឹង​ចូល​និវត្ត​ពី​ជម្រើសជាតិ​ឬ​យ៉ាងណាទេ បន្ទាប់ពី​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​វើ​ល​ខាប់​

665
ចែករម្លែក

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បាន​បដិសេធ​មិន​បញ្ជាក់ថា ខ្លួន​នឹង​ចូល​និវត្ត​ពី​អាជីព​ជម្រើសជាតិ​ឬ​យ៉ាងណា​នោះទេ បន្ទាប់ពី​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ខ្ទាត​ចេញ ពី​ព្រឹត្តិការណ៍​វើ​ល​ខាប់​។​
​ ​
ខ្សែប្រយុទ្ធ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​រូបនេះ​ដែល​ឈានចូល​វ័យ​៣៣​ឆ្នាំ​បាន​ជួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ហើយ​ប្រកួត​ជាមួយ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
​ ​
​ប៉ុន្តែ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​មិនអាច​រារាំង​កីឡាករ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) មិន​ឲ្យ រក​គ្រាប់​បាល់​នោះទេ ហើយ កា​វ៉ា​នី រកបាន​២​គ្រាប់​ជួយ​ឲ្យ​ក្រុម​អ៊ុយ​រូ​ហ្គា​យ ឡើងទៅ​វគ្គ​៨​ក្រុម ចុងក្រោយ​ទី​ដែល​ពួកគេ​ត្រូវ​ជួប​ក្រុម​បារាំង​។
​ ​
​លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ជា​គូប្រជែង​យូរអង្វែង​របស់ រ៉ូ​ណា​ល់​ដូ ក៏បាន​ខ្ទាត​ចេញ ពី​ព្រឹត្តិការណ៍​នេះ​នៅ​ថ្ងៃ​តែមួយ​ផងដែរ ហើយ​នៅពេលនេះ​មានការ​ប៉ាន់ប្រមាណ​ថា អាច​នឹង​ចូល និវត្ត​ពី​ក្រុម​ជម្រើសជាតិ​។​
​ ​
​រ៉ូ​ណា​ល់​ដូ និង ម៉េ​ស​ស៊ី នឹង​ឈានចូល​វ័យ​៣៧​ឆ្នាំ​និង​៣៤​ឆ្នាំ​រៀងៗ​ខ្លួន​នៅ​រដូវ​វើ​ល​ខាប់​លើក​ក្រោយ ហើយ​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​ពួកគេ​នឹង​នៅ​ជា​ផ្នែក​នៃ​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​រៀងៗ ខ្លួន​ឬ​យ៉ាងណា​នៅពេលនោះ​។​
​ ​
​នៅពេល​សួរនាំ​ពី​អនាគត​របស់ខ្លួន បន្ទាប់ពី​បរាជ័យ​នេះ រ៉ូ​ណា​ល់​ដូ បាន​ប្រាប់​អ្នកកាសែត​ថា “​វា​មិនមែនជា​ពេលវេលា​ដែល​ត្រូវ​និយាយ​អំពី​អនាគត​នោះទេ​។ ក្រុម​នេះ​នឹង​បន្ត​ក្លាយជា​ក្រុម​ឆ្នើម បំផុត​ក្នុង​ពិភពលោក ដោយមាន​កីឡាករ​មានគុណ​ភាព វ័យក្មេង​និង​មានការ​រួបរួម​”​។​
​ ​
​រ៉ូ​ណា​ល់​ដូ បាន​ក្លាយជា​កីឡាករ​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នៅ​រុស្ស៊ី ហើយ​រកបាន​៣​គ្រាប់ សម្រាប់​ក្រុម​ព័រ​ទុយ​ហ្គា​ល់​នៅ​ប្រកួត​ដំបូង​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)