គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ពិចារណា​ចាកចេញ​ពី​រៀល​ម៉ា​ឌ្រី​ដ​ទៅ​ចូលរួម​ជាមួយ Juventus

624
ចែករម្លែក

​ក្លឹប Juventus កាន់​តែមាន​ទំនុកចិត្ត​ក្នុងការ​សម្រេចចិត្ត​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។ រ៉ូ​ណា​ល់​ដូ បាន​ត្រៀមខ្លួន​ទទួលយក​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់ ២៦,៥​លាន​ផោន​ក្នុង​មួយឆ្នាំ​និង​បន្ត​រហូតដល់​កីឡាករ​រូបនេះ​មាន​វ័យ​៣៧​ឆ្នាំ​។​
​ ​
​សំណើ​នេះ​គឺ​ច្រើនជាង​ប្រាក់ចំណូល​ដែល រ៉ូ​ណា​ល់​ដូ វ័យ​៣៣​ឆ្នាំ​ទទួលបាន​ពី​រៀល​ម៉ា​ឌ្រី​ដ ១៨,៥​លាន​ផោន ដែល​នឹង​ចប់​នៅ​ឆ្នាំ​២០២១​។​
​ ​
​នៅពេលនេះ ក្លឹប Juventus កំពុងធ្វើការ​ងារ​លើ​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ផ្ទេរ​ជាមួយ​ក្លឹប រៀល​ម៉ា​ឌ្រី​ដ​។ រ៉ូ​ណា​ល់​ដូ មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​១​ពាន់​លាន​អឺរ៉ូ ប៉ុន្តែ​មាន​លក្ខខណ្ឌ​ដែល​អនុញ្ញាត ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​ផងដែរ ប្រសិនបើ​មាន​សំណើ​សមស្រប​។​
​ ​
​ជាមួយនឹង​អាយុ​របស់ រ៉ូ​ណា​ល់​ដូ ក្លឹប Juventus ជឿថា ទំហំ​ទឹកប្រាក់​៨៨​លាន​ផោន​អាច គ្រប់គ្រាន់​។​
​ ​
​ដោយសារតែ រ៉ូ​ណា​ល់​ដូ មិន​សប្បាយចិត្ត​នៅ​ពហុកីឡាដ្ឋាន Bernabeu ហើយ​រៀល​បាន​យល់ ព្រម​នឹង​លក្ខខណ្ឌ​ជាមួយ រ៉ូ​ណា​ល់​ដូ បានធ្វើ​ឲ្យ​ក្លឹប​យក្ស​អ៊ីតាលី Juventus ស្ទើរតែ​ជឿជាក់ថា រ៉ូ​ណា​ល់​ដូ អាច​នឹង​លេង​នៅ​ទីក្រុង​ទូ​រី​ន​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ប្រភព​ខ្លះ​បាន​អះអាងថា ក្លឹប​មានឱកាស​ខ្ពស់​៩៥​ភាគរយ​។ ពួកគេ​ដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល រ៉ូ​ណា​ល់​ដូ គំរាម​ចាក​ចេញពី​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ ដែល​បាន​ចូលរួម​កាលពី​ឆ្នាំ​២០០៣ ក្នុងតម្លៃ​ផ្ទេរ​ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​៨០​លាន​ផោន ប៉ុន្តែ​នៅ​ទីបំផុត​បាន​ប្តូរ​ចិត្ត​វិញ​។​
​ ​
​រ៉ូ​ណា​ល់​ដូ បានធ្វើ​ឲ្យ​មាន​ភាព​សង្ស័យ​ជុំវិញ​អនាគត​នៅ​ពហុកីឡាដ្ឋាន Bernabeu បន្ទាប់ពី រៀល​ម៉ា​ឌ្រី​ដ​យកឈ្នះ​ក្រុម​លី​វើ​ភូ​ល​៣-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​កាលពី​ខែឧសភា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)​