គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ត្រូវ​ព្យួរទោស​២​ឆ្នាំ​និង​ពិន័យ​ប្រាក់​២១​លាន​ដុល្លារ​

396
ចែករម្លែក

​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ បាន​ញញឹម​ពព្រាយ​ក្រោយ​ចាក​ចេញពី​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មករា​ទោះជា​ដំណើរ​មក​ឆ្លើយ​ទទួលទោស​កំហុស​នៅ​ក្រុង​ម៉ា​ឌ្រី​ត​​នេះ​មិនជា​អ្វីដែល​លោក​ចង់​ក្តី​។​

​ខ្សែប្រយុទ្ធ​ក្លឹប​Juventus រូបនេះ​ដែល​ប្រឈម​ការចោទប្រកាន់​ពីបទ​គេចវេះ​ពន្ធ​តាំងពី​លោក​នៅ​ក្លឹប​Real Madrid​បាន​ចំណាយពេល​៤៥​នាទី​នៅក្នុង​តុលាការ​ដើម្បី​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែលនាំអោយ​លោក​បាត់បង់​ប្រាក់​២១,៦​លាន​ដុល្លារ ជា​ប្រាក់​ពិន័យ​។​លោក​ក៏ត្រូវ​តុលា​ការសំរេច​ព្យួរទោស​២​ឆ្នាំ​ផងដែរ​។​

​រ៉ូ​ណា​ល់​ដូ នឹងមិន​ត្រូវ​ដេក​គុក​ទេ ដោយសារ​ចៅក្រម​នៅ​អេ​ស្ប៉ា​ញ​អាច​ព្យួរទោស​២​ឆ្នាំ ឬ​ក្រោម​នេះ​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​លើកដំបូង​។​

​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​បានមក​ដល់​តុលាការ​ក្នុង​រថយន្ត​ខ្មៅ ពា​ក់វែន​តាខ្មៅ ខោ​ខ្មៅ​អា​ខ្មៅ​និង​ស្បែកជើង​ស​។​លោក​បាន​ឈប់​ដើម្បី​ចុះហត្ថលេខា​ជា​អនុស្សាវរីយ៍​​មុន​ឡើងជណ្តើរ​ទៅកាន់​បន្ទប់​តុលាការ​។​លោក​ត្រូវបាន​អមដំណើរ​ដោយ​មេធាវី​និង​ដៃគូ នាង​ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ហ្ស៍ ខណៈ​អ្នកកាសែត​រាប់រយ​នាក់​នៅ​រង់ចាំ​ខាងក្រៅ​។​

​សូម​រំលឹកថា រ៉ូ​ណា​ល់​ដូ​បានធ្វើ​កិច្ចព្រមព្រៀង​ទទួលកំហុស​ជាមួយ​រដ្ឋអាជ្ញា​និង​អាជ្ញាធរ​ពន្ធ​កាលពី​ឆ្នាំមុន​។​នៅ​ឆ្នាំ​២០១៧ រ៉ូ​ណា​ល់​ដូ​ត្រូវបាន​រដ្ឋអាជ្ញា​ម្នាក់​ចោទប្រកាន់​៤​ករណី​ពាក់ព័ន្ធ​ការ​គេចពន្ធ​ចាប់ពី​ឆ្នាំ​២០១១​ដល់​២០១៤​ដែលមាន​តំលៃ​១៦,៧​លាន​ដុល្លារ​។​គាត់​ត្រូវបាន​ចោទប្រកាន់ថា​ប្រើ​ក្រុមហ៊ុន​តំណាង​នៅក្រៅ​អេ​ស្ប៉ា​ញ​ដើម្បី​​លាក់បាំង​ចំណូល​៕​ដោយ​៖​វាសនា​