គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ប្រឈម​នឹង​ការពិន័យ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ប្រសិនបើ​ផ្តល់​ឥណទាន​មិន​ច្បាស់លាស់​ដល់​ពលរដ្ឋ​

1310

(​ភ្នំពេញ​)៖​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​តែមាន​វិធានការ​ចាត់ការ​ចំពោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា ដែល​មិន​ទទួលខុសត្រូវ ក្នុងការ​ផ្ដល់​ឥណទាន​ដល់​ពលរដ្ឋ​ព្រោះតែ​មិន​ទទួលបាន​ការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ មុននឹង​សម្រេចចិត្ត​ផ្តល់​ឥណទាន​ទៅដល់​ពលរដ្ឋ ធ្វើ​ឲ្យ​ការផ្តល់ប្រាក់​កម្ចី​ក្លាយ​កា​ជំពាក់​បំណុល​វណ្ឌ​ក របស់​ពលរដ្ឋ​។

​លោកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤​របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្ដីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា «​ធនាគារជាតិ​ស្នើរ​ឲ្យ​គ្រប់​គ្រឹះស្ថាន ទាំងអស់​អប់រំ​ដល់​ពលរដ្ឋ ឲ្យ​យល់ដឹង​ពី​ការប្រើប្រាស់​កម្ចី​ឲ្យ​ត្រូវ​នឹង​គោលដៅ និង​គោរព​កាតព្វកិច្ច​ខ្ចីប្រាក់ មានន័យថា​ខ្ចី​ត្រូវតែមាន​ភារកិច្ច​សង​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​»​។​

​លោកស្រី បាន​បន្តថា «​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​នេះ ដោយ​មើល​ទិដ្ឋភាព​ទាំងសងខាង​ទាំង​ខាង​អ្នក​ខ្ចី និង​អ្នកផ្ដល់​កម្ចី ដោយ​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​យល់ដឹង​ពី​តួនាទី និង​កាតព្វកិច្ច​របស់ខ្លួន (​ខ្ចី​គេ​ត្រូវតែ​សង​) ហើយ​ពួកគាត់​មាន​សិទ្ធ​តវ៉ា ​តថ្លៃ​ជាមួយ​តម្លៃ​។ អ្វីដែល​សំខាន់​ធនាគារជាតិ​បាន​ព្យាយាម​ធ្វើយ៉ាងណា អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹងថា ឥណទាន​បើ​ខ្ចី​ខុស​គោលដៅ គួរតែ​កុំ​ខ្ចី គួរតែ​ខ្ចី​ឲ្យ​ត្រូវ​គោលដៅ មានន័យថា​ខ្ចី​ទៅ​ដើម្បី​បាន​ចំណូល​មកវិញ​»​។​

​លោកស្រី​បាន​បន្ថែមថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ពង្រឹង​ពី​ការទទួលខុសត្រូវ របស់​ស្ថាប័ន​ហិរញ្ញ​វត្ថ​ផ្ទាល់​តែម្ដង​ដោយ​ចាត់​​វិធានការ​ខ្លាំង​ទៅដល់​ស្ថាប័ន​ណា​​ដែល​មិនបាន​អប់រំ​ដល់​បុគ្គលិក​របស់ខ្លួន​ឲ្យ​សិក្សា​លម្អិត​ពី​លទ្ធភាព​អ្នក​ខ្ចី មុននឹង​ឲ្យ​កម្ចី ព្រោះ​គ្រឹះស្ថាន​ទាំងនេះ​បានដាក់​ទិសដៅ ​ដល់​បុគ្គលិក​របស់ខ្លួន​ថា ប្រសិនបើ​បញ្ចេញ​ឥណទាន​បាន​ច្រើន និង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ច្រើន​ដូចគ្នា​។ អីចឹង​ហើយ​បាន​មន្ត្រី​ទាំងនោះ ធ្វើយ៉ាងណា​រុញ គ្រាន់តែ​រក​វិធី​ធ្វើយ៉ាងណា​រុញ​ឥណទាន​ចេញ​ឲ្យ​បាន​ច្រើនតែ​ប៉ុណ្ណោះ​។ នេះ​ជា​ហា​នី​ភ័យ​មួយ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​។​

​អ្នកស្រី​បញ្ជាក់ទៀតថា ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការផ្ដល់​កម្ចី ដោយ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ពី​លទ្ធភាព​របស់​អ្នក​ខ្ចី ប្រសិនបើ​អ្នក​ខ្ចី​មិនមាន​លទ្ធភាព​សង​មកវិញ​ទេនោះ តែ​បែរជា​ផ្ដល់​កម្ចី​ដល់​គាត់ នោះ​មិនមែនជា​ការជួយ​ដល់​ពួកគាត់​ទេ​តែ​ជាការ​ជាន់​ពួកគាត់​ទម្លាក់​ទឹក​ទៅវិញ​។ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​ទៅដល់​គ្រឹះស្ថាន​មី​​ក្រូ​ហិរញ្ញវត្ថុ និង​ធន​គា​រណា​ដែល​មិនមាន​ការទទួលខុសត្រូវ​ក្នុងការ​ផ្ដល់​ឥណទាន​។

​ចំណែក​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នឹង​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​យន្តការ​មួយចំនួន​ដូចជា ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា បន្ត​លើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ តាមរយៈ​ការធ្វើ​យុទ្ធនាការ “​តោះ ! និយាយ​ពី​លុយ​” អភិវឌ្ឍ​យន្តការ​ចែករំលែក​ពត៌មាន​ឥណទាន ពង្រឹង​កិច្ចការពារ​អតិថិជន បង្កើត​ប្រព័ន្ធ​Hotline ក្នុងការ​ឆ្លើយតប​នឹង​ដោះស្រាយ​ដោយផ្ទាល់ ជូន​សាធារណជន ពង្រឹង​ច្បាប់​បទ​បញ្ញា​តិ និង ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពង្រឹងគុណភាព​ទិន្នន័យ​៕ ដោយ​-​បញ្ញា​សាស្ត្រ​/sn
​ ​
​លោកជំទាវ នាវ ច័ន្ទ​ថា​ណា ថ្លែង​ក្នុង​ពិធី​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៤ របស់​ធនាគារជាតិ​នៃ​កម្ពុជា​
​ ​

​ ​ ​