គ្រូធំ​សាសនា​ឥណ្ឌា​ជាប់គុក ២០ ឆ្នាំ ពីបទ​រំលោភ​ស្ត្រី​ពីរ​នាក់​

709

​តុលាការ​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​សីហា​បាន​កាត់ទោស​មេដឹកនាំ​សា​សនា​ដ៏​ចម្រូងចម្រាស់​ម្នាក់​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ​ពីបទ​រំលោភ​អ្នក​គោរព​ប្រ​ណិ​ប​តន៍​សាសនា​របស់គាត់​ចំនួន​ពីរ​នាក់ ពោលគឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ពួក​ជឿ​សាសនា​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ដែល​បានសម្លាប់​មនុស្ស ៣៨ នាក់​។​

​បុរស​ឈ្មោះ គូ​មី​ត រ៉ាំ រ៉ា​ហ៊ីម ស៊ី​ង (Gurmeet Ram Rahim Singh) អាយុ ៥០ ឆ្នាំ ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​សុក្រ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ពីររូប​នៅឯ​ទីស្នាក់ការ​កណ្តាល​នៃ​សាសនា​តេ​រ៉ា​សា​ចា​ស៊ូ​ដា (Dera Sacha Sauda) ដ៏​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​រដ្ឋ​ហារី​យ៉ាណា ភាគ​ខាងជើង​ក្នុងករណី​រំលោភ តាំងពី​ជាង ១៥ ឆ្នាំមុន (​ក្នុង​ឆ្នាំ​២០០២)​។​

​មេធាវី​ការពារ​ក្តី​លោក អូត​សាវ ស៊ី​ង បេន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​លោក​រ៉ាំ រ៉ា​ហ៊ីម ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ២០ ឆ្នាំ​”​។​

​លោក ស៊ី​ង បេន មេធាវី​សម្រាប់​ជនរងគ្រោះ​បាន​និយាយថា​លោក​នឹង​ស្វែងរក​ការកាត់ទោស​ឱ្យបាន​យូរ​ជាង​នេះហើយ​បានស្នើ​សុំ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​ឥណ្ឌា​ស៊ើបអង្កេត​ករណី​រំលោភ​រាប់សិប​ទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​។​

​លោក​បេន​បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា “​យើង​នឹងដាក់​បណ្តឹងសាទុក្ខ​ពីរ​ក្នុងពេល​ឆាប់ៗ​នេះ​។ មួយ​គឺ​សម្រាប់​បង្កើន​ការដាក់ទណ្ឌកម្ម និង​មួយទៀត​សម្រាប់​ការស៊ើបអង្កេត​បន្ថែមទៀត​។ យើង​ជឿជាក់ថា​យ៉ាងហោចណាស់​មាន​ជនរងគ្រោះ ៤៨ នាក់​ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ​និង​អាច​ត្រូវបាន​សម្លាប់​ឬ​ភ័យខ្លាច​ពេក​មិន​ហ៊ាន​ចេញមក​ផ្តល់​សក្ខីកម្ម​ប្រឆាំងនឹង​លោក​រ៉ាំ រ៉ា​ហ៊ីម​” ។​

​ក្រុម​អាជ្ញាធរ​បាន​បង្កើន​សន្តិ​សុខ​ខ្លាំងក្លា​នៅលើ​ទីក្រុង​រ៉ូ​តាក់ (Rohtak) ជា​កន្លែង​ដែល​លោក ស៊ី​ង ត្រូវបាន​ឃុំឃាំង​ដោយសារ​ព្រួយបារម្ភ​ថា​អំពើហិង្សា​ដូច​កាលពី​ថ្ងៃ​សុក្រ​កើតឡើង​ជាថ្មី នៅពេលដែល​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាន​ដុត​រថយន្ត​និង​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ ជាហេតុ​បណ្តាលឱ្យ​ស្លាប់​មនុស្ស ៣៨ នាក់​និង​ជាង ២០០ នាក់​រងរបួស​នៅក្នុង​អំពើហិង្សា​នៅ​រដ្ឋ​ហារី​យ៉ាណា​៕ ដោយ៖ កញ្ញាដាលីស

គូ​មី​ត រ៉ាំ រ៉ា​ហ៊ីម ស៊ី ព្រះគ្រូ​សាសនា តេ​រ៉ា​សា​ចា​ស៊ូ​ដា ជាប់គុក ២០ ឆ្នាំ​ពីបទ​រំលោភ​ស្ត្រី​ពីរ​នាក់​កាលពី​ឆ្នាំ​២០០២
​នៅ​ទីស្នាក់ការ​របស់គាត់​នៅ​ទីក្រុង​សៀ​សា