គ្រូបង្រៀន​ថៃ​ម្នាក់​ធ្វើតេស្ត DNA ដើម្បី​បើក​ឆ្នោត​រង្វាន់​ជិត ១ លាន​ដុល្លារ ព្រោះ​សន្លឹកឆ្នោត​គាត់​ត្រូវបាន​អតីត​ប៉ូលិស​ម្នាក់​រើស​បាន

183

​ការធ្វើ​តេស្ត DNA នឹង​សម្រេច​ពី​ជោគវាសនា​នៃ​រង្វាន់​ឆ្នោត​ជិត ១ លាន​ដុល្លារ បន្ទាប់ពី​គ្រូ​ជនជាតិ​ថៃ​ម្នា​ក់បាន​និយាយថា​គាត់​បាន​បាត់​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​នេះ ដែល​ក្រោយមក​ត្រូវ​អតីត​ប៉ូលិស​ម្នាក់​មក​បើក​លុយ​ជំនួស​។​

​ជម្លោះ​ផ្លូវច្បាប់​ដ៏​ជូរចត់​មួយ​បាន​កើតឡើង បន្ទាប់ពី​គ្រូបង្រៀន ឈ្មោះ ព្រី​ចា ក្រៃ​គ្រួ​ន (Preecha Kraikruan) អាយុ ៥០ ឆ្នាំ​បានដាក់​ពាក្យបណ្តឹង​ថា គាត់​បាន​បាត់​សន្លឹកឆ្នោត​ចំនួន ៥ ដែល​បានឈ្នះ​ក្នុងការ​ចាប់ឆ្នោត​កាលពី​ខែ​មុន​។​

​អាជ្ញាធរ​បាន​រកឃើញ​ថា ប្រាក់រង្វាន់ ៣០ លាន​បាត (៩២០.០០០ ដុល្លារ​) ត្រូវបាន​ប៉ូលិស​ចូលនិវត្តន៍​ឈ្មោះ ចា​រុន វី​ម៉ុ​ន (Charoon Wimon) អាយុ ៦២ ឆ្នាំ នៅ​ខេត្ត​កាន់​ចា​ណា​បុរី ភាគ​ខាងលិច មក​បើក​យក​បាត់ទៅហើយ​។​

​ដោយ​ភាគី​ទាំងសងខាង​អះអាងថា​សាច់ប្រាក់​រង្វាន់​នោះ​ជា​របស់​ពួកគេ​រៀងៗ​ខ្លួន​នោះ ឥឡូវ​ប៉ូលិស​ផ្នែក​កោសល្យ​វិ​ច្ច័​យ​កំពុង​ចូល​ជួយ​ធ្វើ​អន្តរា​គម​ដើម្បី​កំណត់​មើលថា​តើ​ស្នាម​ម្រាមដៃ​របស់​អ្នកណា ដែល​ត្រូវ​នឹង​សន្លឹកឆ្នោត​ត្រូវ​រង្វាន់​នេះ​។​

​លោក គ្រី​ស្នា សាប់​ដិត មេបញ្ជាការ​ប៉ូលិស​រង​ខេត្ត​កាន់​ចា​ណា​បុរី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​គ្មាន​នរណាម្នាក់​ត្រូវបាន​ចោទប្រកាន់​នៅឡើយ​ទេ​ក្នុងករណីនេះ​។ យើង​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ DNA សិន​”​។​

​មន្ត្រី​កោសល្យ​វិ​ច្ច័​យ​នៅ​នាយកដ្ឋាន​យុត្តិធម៌​បាន​និយាយថា លទ្ធផល​រំពឹង​ចេញ​នៅ​ខែក្រោយ​៕ ដោយ៖ កញ្ញាដាលីស