គ្រូបង្រៀន​ពីរ​វេន​ចោទ​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​បាភ្នំ​ថា គាប​យកលុយ​ពី​គ្រូ​

1726
ចែករម្លែក

ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​លោកគ្រូ អ្នកគ្រូ​មួយចំនួននៅ​ស្រុក​បាភ្នំ​ខេត្តព្រៃវែងបាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ខ្សឹប​ខ្សៀវ លួច​ខឹងសម្បារ​ទៅលើ​លោក​ប្រធានការិយាល័យ​អប់រំ​ស្រុក​បាភ្នំ​ដោយ​ចោទថា​ខាង​ការិយាល័យ​កំណត់​ឲ្យ​ពួកគាត់​បង់លុយ​ប្រាក់ខែ​ចំនួន​មួយខែ​ជូន​ការិយាល័យ ជា​កំហិត​សម្រាប់​គ្រូ​ណា​ដែល​បង្រៀន​ពីរ​វេន​ក្នុង​រយៈពេល​មួយឆ្នាំ​ម្ដង​។ ប៉ុន្តែ​លោក​ប្រធាន​ដែល​រង​នូវ​ការចោទប្រកាន់​នេះ​បាន​បដិសេធ​។​

​ការកំណត់​បែបនេះ​បានធ្វើ​ឲ្យ​គ្រូបង្រៀន​មួយចំនួន​នៅ​ស្រុក​បាភ្នំ​ទាំង​គ្រូ​ជាប់កិច្ចសន្យា​និង​គ្រូ​ពេញ​សិទ្ធ​តឹងទ្រូង​និយាយ​មិន​ចេញ​ស្ដាយ​លុយ​ស្ដាយ​ពលកម្ម​បាក់​ទឹកចិត្ត​ដែល​ខំប្រឹង​បង្រៀន​ឲ្យ​សិស្ស​ចេះដឹង​ប៉ុន្តែ​ប្រាក់ខែ​របស់​ពួកគាត់​មិន​គ្រប់​ចំនួន​។​

​លោកគ្រូ​ម្នា​ក់នៅ​សាលាបឋមសិក្សា ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា​កាលពី​ដើម ខែមិថុនា​នេះ​លោក ចាន់ ជីន ប្រធានការិយាល័យ អប់រំ​ស្រុក​បាភ្នំ​ទើប​ឡើង​ថ្មី បានរៀបចំ​វិធី​ឲ្យ​គ្រូបង្រៀន បង្រៀន​ពីរ វេន គឺ​ព្រឹក​និង​ល្ងាច ទៅតាម​សាលា​ណា ដែល​ខ្វះ​គ្រូ ឬ​សាលា​ដែលមាន​បន្ទប់​តិច​សិស្ស​ច្រើន​ជាដើម ។​ល​។​
​ទន្ទឹមនឹងនោះ គេ​រៀបចំ​ឲ្យ​គ្រូ​ណា​ដែល​ចេះ​រក្សា​ការសម្ងាត់ មាត់ជិត​បិទបាំង គឺ​បាន​ប្រាក់ខែ​ឌុប​មួយ​គុណ​ជា​ពីរ ហើយ​ភាគច្រើន​ជា​គ្រូ​ជាប់កិច្ចសន្យា ត្រូវ​បង់​មួយខែ​មុន ដែល​សុទ្ធសឹង​ខាង​ការិយាល័យ យក​ពី ឃុំរ​ក្សជ័យ មក​ឲ្យ​បង្រៀន​នៅ​ឃុំ​ធា​យ ធ្វើ​ឲ្យ​គ្រូ​ពេញ​សិទ្ធ​នៅទីនេះ​ខ្លះ​មិន​សប្បាយចិត្ត​។​

​សព្វថ្ងៃ​ប្រាក់ខែ​គ្រូបង្រៀន ចាប់ពី​៧០​ម៉ឺន​រៀល​ទៅ ១​លាន ៣០​ម៉ឺន​រៀល គឺ​ទៅតាម​ស្ថានភាព​គ្រួសារ​មាន​សមាជិក ច្រើន​ឬ​តិច​។

​អ្វីដែល​ហួសចិត្ត គឺ​ខាង​ការិយាល័យ បានកំណត់​ឲ្យ​គ្រូ ដែល​ស្ម័គ្រចិត្ត​បង្រៀន​២​វេន ត្រូវតែ​បង់លុយ​ប្រាក់ខែ មួយ​​ខែ​ដំបូង ក្នុង​រយៈពេល​មួយឆ្នាំ​ម្ដង ឲ្យ​មក​ការិយាល័យ​។ បើទោះបីជា​បច្ចុប្បន្ន​គ្រូៗ បើក​លុយ​ពី​ធនាគារ​ក៏​ដោយ នៅពេល​បើក​លុយ​រួច​ភ្លាម​គឺ​ត្រូវ​យកលុយ​ទៅជូន​ដល់​ការិយាល័យ​ដោយ​ស្ងាត់ៗ​។​បើ​គ្រូ​ណា​មិន​ព្រម​បង់​លុយ​តាម​កំណត់ គេ​នឹង​ចាត់​គ្រូ​ផ្សេង​ដែល​ព្រម​បង់ ឲ្យ​បង្រៀន​ជំនួស​។​

​ប្រភព​បញ្ជាក់​ការបង់​លុយ​នេះ មិនមែន​បង់​គ្រប់​គ្រូ​ទេ ។ គ្រូ​ដែល​បង្រៀន​មួយ​វេន គឺ​អត់​បង់​ឡើយ​។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើ លោក ចាន់ ជីន ប្រធានការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​បាភ្នំ បាន​​​ឲ្យ​​ដឹងថា ខាង​លោក​មិន​ហ៊ាន​ធ្វើ​បែប​នោះទេ​។ រីឯ​លោក ឈុន សុផល ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តព្រៃវែង បាន​បកស្រាយ​ថា លោក​មិន​បានដឹង​ទេ​រឿងនេះ ចាំមើល​លោក​ស៊ើបសួរ​សិន​៕​មន​