គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ ប្រមាណ​១០០​នាក់ ទទួល​ការបណ្តុះបណ្តាល​ភាសា​ចិន​

549
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​អង្គរ ក្រុង​សៀមរ​ខេត្តសៀមរាប មាន​រៀប ចំ​បើក​វគ្គ​បណ្តុះបណ្តាល​ភាសា​ចិន​សម្រាប់​គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោក ប៉ាក់ សុខុម រដ្ឋលេខា ធិ​ការ​ក្រសួងទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ , លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប , លោក CHEN Dehai អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន , លោក LUI Zhiji ប្រធាន​កា​រិ​យា ល័យ​កុង​សុល​ចិន​ប្រចាំខេត្ត​សៀមរាប , លោក ថោង រដ្ឋ​ស័ក អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ ព្រមទាំង​មានការ​ចូលរួម​ពី​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​ភាសា​ចិន​សម្រាប់​គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ក្រោម​ការឧបត្ថម្ភ​គាំទ្រ​បច្ចេកទេស​សិក្សា ពី​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​។​

​លោក​បាន​បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ បាន​ផ្តោត​សំខាន់​ទៅលើ ៖ ១- ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ដោយ​ផ្អែកទៅលើ​វិធីសាស្ត្រ​ថ្មី ក្នុងការ​បណ្តុះបណ្តាល​ភាសា​ចិន និង​ការបណ្តុះបណ្តាល​គ្រូ​បង្គោល , ២- ការអភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ភាសា​ចិន​លក្ខណៈ​ជា​ប្រព័ន្ធ សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន , ៣- ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​សាកលវិទ្យាល័យ​ទេសចរណ៍​ក្នុង​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន , ៤- ការពង្រឹង​កម្រិត​សមត្ថភាព​ជំនាញ​ភាសា​ចិន ដល់​គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ក្នុង​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន និង ៥- ការពង្រឹង​សមត្ថភាព​ជំនាញ​ភាសា​ចិន ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ក៏ដូចជា​យល់ដឹង​ស៊ីជម្រៅ​ពី​វប្បធម៌​ចិន​៕ ល​