គ្រូបង្រៀន​ម្នា​ក់នៅ​វិទ្យាល័យ​កោះកុង រង​ការចោទប្រកាន់ថា​បាន​លក់​វិញ្ញាសារ​មួយច្បាប់​១​ម៉ឺន​រៀល

1024
ចែករម្លែក
  • 46
    Shares

ដោយ:សុ​ផានី​តា​/​កោះកុង ​៖ អាណាព្យាបាល​សិស្ស​នៅ​វិទ្យាល័យ កោះកុង បាន សម្រេច​ចិត្ត​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពីពេល​ថ្មីៗ​នេះ​ដោយ​លើកឡើងថា បាន​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​តាមរយៈ​លក់​វិញ្ញាសារ​ប្រឡង​ឆមាស​១​សន្លឹក​១​ម៉ឺ​ន​រៀល ដែល​ផ្ទុយ​គោលការណ៍​កំណែទម្រង់រ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ជាង​មួយ​អាណត្តិ​មកនេះ​។

ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Touching Yim ដែលជា​អាណាព្យាបាល​សិស្ស​រៀន​នៅ​វិទ្យាល័យ កោះកុង ថ្នាក់​ទី​៧ A សរសេរ​រៀបរាប់​កាលពី​ថ្ងៃទី​២០ ធ្នូ ថា “បងប្អូន​ជួយ​គិត​មើល​ផង​! វិញ្ញាសារ​១​សន្លឹក​១​មឺ​ុ​ន​រៀល បើ​សិស្ស​ណា​មិន​ទៅយក​ដល់ផ្ទះ​! បើ​ទៅយក​ដល់ផ្ទះ​១​សន្លឹក តែ​៥​ពាន់​រៀល​ទេ​! បើ​គ្រូ​គ្រប់​តែ​គ្នា​ធ្វើបែបនេះ ចុះ​កូនអ្នកក្រ​មាន​លុយ​ឯណា​រៀន​ទៅ​!”។

​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏​ស្នើសុំ​ដល់​នាយក​វិទ្យាល័យ​កោះកុង ជួយ​មើល​បញ្ហា​នេះ​ផង​ចំពោះ​អ្នកគ្រូ​បង្រៀន​មុខ​វិទ្យា​សីលធម៌ និង​ពលរដ្ឋ ថ្នាក់​ទី​៧ A ឈ្មោះ លឹម សុវណ្ណនី ដែល​ទើបនឹង​ផ្ទេរ​មកពី​សាលាបឋមសិក្សា​។​

​ចំណែក​លោក ង៉ែត ឡឹង ប្រ​ធា​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង បានឲ្យ​រស្មី​កម្ពុជា​ដឹង​យ៉ាងខ្លី​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ថា លោក​បានទទួល​ព័ត៌មាន​នេះហើយ ហើយ​លោក​ចាត់​អោយ​នាយក​វិទ្យាល័យ​ដោះស្រាយ រួច​បញ្ចូល​រាយការណ៍​ទៅ​រូបលោក​វិញ​។ តប​សំណួរ​សាធារណជន​ដែរ​ថា តើ​អ្នកគ្រូ លឹម សុវណ្ណនី ជា​ក្មួយ​របស់លោក​ប្រធាន​មន្ទីរអប់រំ​មែនឬ​? លោក ង៉ែត ឡឹង ឆ្លើយថា ទោះជា​ក្មួយ​របស់លោក​ក៏ដោយ ក៏​លោក​នឹង​រក​យុត្តិធម៌​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​ខុសឆ្គង​ពី​គោលការណ៍​កំណែទម្រង់ រស្មី​កម្ពុជា នៅ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ម៉ែន ស៊ីថា​ត នាយក​វិទ្យាល័យ​កោះកុង និង​អ្នកគ្រូ លឹម សុវណ្ណនី បង្រៀន​មុខ​វិទ្យា​សីលធម៌ និង​ពលរដ្ឋ បាន​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី បាន​បញ្ជាក់ថា លោក​ពុំទាន់​ទទួល​ព័ត៌មាន​លម្អិត​ជុំវិញ​ករណីនេះ​យ៉ាងណាទេ ប៉ុន្តែ​លោក​សូម​អរគុណ​រស្មី​កម្ពុជា​ចំពោះ​ការ​ផ្តល់ព័ត៌មាន ទុក​លទ្ធភាព​ឱ្យ​ក្រសួង​ពិនិត្យ និង​ដោះស្រាយ​។ ទោះយ៉ាងណា រស្មី​កម្ពុជា នឹង​បន្ត​រាយការណ៍​ព័ត៌មាន​លម្អិត​នៅពេល​ក្រោយ​ទៀត​។​

គួរ​កត់សម្គាល់ថា ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ដឹកនាំ​ដោយ​លោក ហង្ស ជួនណា​រ៉ុ​ន ក៏​ធ្លាប់បាន​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​ជាច្រើន​។ ជាពិសេស ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រសួង​បានធ្វើការ​រឹតបន្តឹង ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) និង​ការដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​រស់​នៅមាន​ជីវភាព​សមរម្យ ព្រមទាំង​ពង្រឹងគុណភាព​សិក្សាអប់រំ ដោយ​ក្រសួង​បាន​ដំឡើង​បៀវត្ស​ជា​បន្តបន្ទាប់​។
​បើតាម​រយៈ​ការ​Comment របស់ លោក សុជាតិ ចាន់​វ​ឌ្ឍ​នា ពលរដ្ឋ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា ប្អូនប្រុស​របស់លោក​ក៏​ទិញ​ដែរ​មួយ​សន្លឹក​៥​ពាន់​រៀល គ្រូ​ពលរដ្ឋ​នឹង​។ ខ្ញុំ​មិន​ជឿ​តែ​មិន​ហ៊ាន​សួរ​គ្រូ គិតថា​ប្អូន​យកលុយ​ទៅ​ចាយ​ផ្តេសផ្តាស​ទៀត​។​

​លោក ជា វុទ្ធី ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត​បាន​ចូល​បញ្ចេញមតិ​ថា លោក​គាំទ្រ ព្រោះ​បើ​អត់​រៀន​សោះ ហើយ​ចាំតែ​បង់លុយ​យក​មេរៀន​មក​ទន្ទេញ​អោយ​ចាំ​ជាប់​នោះ​ស្មើនឹង​គ្មាន​ចំណេះ​ទេ​។ ដូច្នេះ​រឿងនេះ លោក​គិតថា យើង​គួរ​ទុកឱ្យ​គណៈនាយក​គ្រប់គ្រង​សាលារៀន​ដោះស្រាយ​ទៅ​។ អ្វីដែល​ខ្ញុំ​ចង់​និយាយ​ដោយ​មិន​ពេញចិត្ត​នោះ គឺថា យើង​ហាក់​ស្តី​បន្ទោ​ល​គ្រូ​ខ្លាំងៗ និង​មាន​អ្នកខ្លះ​ជេរ​ក្នុង​Comment ឧទាហរណ៍ ចង់​ដោះស្រាយ​រឿង​គ្រូ​លក់​មេរៀន​នោះ​ដូច​ពិបាក​ណាស់ កម្រិត​ប្រាក់ខែ​ទាប បើ​យើង​ធៀប​ទៅ​ប្រទេសជិតខាង​យើង​៕B/