គ្រូបង្វឹក​កម្ពុជា និង​ម៉ាឡេស៊ី និយាយ​អ្វីខ្លះ ក្រោយ​ការប្រកួត​?

548
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
បន្ទាប់ពី​ប្រកួត​ឈ្នះ ក្រុម​ម៉ាឡេស៊ី ៣​ទល់​១ នោះ លោក Felix G.Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ U 22 កម្ពុជា បានបង្ហាញ​នូវ​ក្ដី​រំពឹង ចង់​ជួប​ក្រុម​ជម្រើសជាតិ U 22 មី​យ៉ាន់​ម៉ា ម្ដងទៀត ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី ៣០ នៅ​ហ្វីលីពីន​។​

​លោក Felix បាន​លើកឡើងថា ទោះបី​លទ្ធផល មិន​ដូច​ការចង់បាន តែ​កូនក្រុម​លោក បាន​ខំប្រឹង​អស់ពី​លទ្ធភាព​ហើយ ហេតុនេះ លោក​បានស្នើ​ឲ្យ​អ្នកគាំទ្រ បន្ដ​លើកទឹកចិត្ត​ដល់​ពួកគេ​។ លើសពីនេះ ការប្ដេជ្ញា​ដឹកនាំ​ក្រុម រក​លទ្ធផល​ល្អ ឲ្យ​ខាន​តែ​បាន ក្នុងការ​ប្រកួត ចុងក្រោយ ជាមួយ​ក្រុម U 22 ម៉ាឡេស៊ី ដើម្បី​ប្រជែង​កៅអី​វគ្គ​បន្ដ​នោះ លោក​ក៏​ធ្វើបាន​សម្រេច​ដែរ​។ ពិសេស​លោក​ចង់​ជួប​ក្រុម U 22 មី​យ៉ាន់​ម៉ា ម្ដងទៀត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

គ្រូ​កម្ពុជា លោក Felix G.Dalmas

​ដោយឡែក លោក Ong Kim Swee គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ម៉ាឡេស៊ី អាយុ​ក្រោម​២២​ឆ្នាំ បានបង្ហាញ​នូវ​ក្ដី​សោកស្ដាយ ក្រោយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ ភ្ជាប់​ជាមួយ​ការ​ថ្លែង​បញ្ជាក់ថា ការប្រមូលផ្ដុំ​របស់​ក្រុម​លោក មាន​រយៈពេល​ខ្លី គឺជា​មូលហេតុ នាំ​ឲ្យ​ជ្រុះ​ចេញពី ព្រឹត្តិការណ៍​កីឡា អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩ នេះ​។ ការនិយាយ​ដូច្នេះ គឺ​ក្រោយ​ក្រុម​រហស្សនាម ខ្លាដំបង​របស់លោក បាន​រង​បរាជ័យ ក្រោម​ថ្វី​ជើង គោព្រៃ​កម្ពុជា ដោយ​លទ្ធផល​ដ៏​តានតឹង ៣-១ កាលពី​យប់ ថ្ងៃទី​៤ ខែធ្នូ ម្សិលមិញ នៅ​កីឡដ្ឋាន Rizal Memorial Stadium ក្នុងជំនួប​ចុងក្រោយ ប្រចាំ​ពូ​ល A លើ​ប្រភេទ​កីឡាបាល់ទាត់ វិញ្ញាសា បាល់ទាត់​បុរស​។​

​លោក Ong Kim Swee បានលើកឡើង ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការរៀបចំ​ក្រុម ក្នុង​រយៈពេល​ខ្លី ជាហេតុ​ជំរុញ​ឲ្យ​ក្រុម បរាជ័យ ក្នុងការ​រួមបញ្ចូល​គ្នា ដ៏​ល្អ​បំផុត​មួយ មុនពេល​ធ្វើដំណើរ មកកាន់​ទីក្រុង​ម៉ានីល​នេះ តែ​យ៉ាងណា លោក​ក៏​សម្ដែង​នូវ​ការសរសើរ ក៏ដូចជា​អបអរ​ដល់​កម្ពុជា ដែល​ធ្វើបាន​យ៉ាង​ល្អ ក្នុង​ជ័យជម្នះ​នេះ​។​

គ្រូ​ម៉ាឡេស៊ី លោក Ong Kim Swee និង​គ្រូ​ជំនួយ​

​គ្រូបង្វឹក​សញ្ជាតិ ម៉ាឡេស៊ី​រូបនេះ បាន​ថ្លែង​ដំបូង​យ៉ាង​ដូច្នេះ​ថា​៖ «​អបអរសាទរ​ដល់ក​ម្ពុ​ជា​។ ពិតណាស់ យើង​លេង​មិនបាន​ល្អ ដូច​កម្ពុជា​នោះទេ យើង​បាន​ប្រឹងប្រែង​ហើយ នៅពេល​ប្រកួត ខ្ញុំ​គិតថា យើង​មិនបាន​បំបែក ឱកាស​របស់​យើង​បាន នៅពេលដែល​យើង មានឱកាស​ល្អៗ នៅ​វគ្គ​ទី​២​។​»

​គ្រូបង្វឹក​រូបនេះ បាន​បន្ថែមថា​៖ «​ពួកគេ​ខ្លះ បាន​លេង​ទៀងទាត់ ហើយ​ខ្លះទៀត មិនបាន​លេង​ទេ នៅ​លី​គ ដូច្នេះ​យើង នៅសល់តែ ២-៣ ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពី​វគ្គ​ជម្រុះ បាល់ទាត់​ពិភពលោក ( FIFA World Cup ) ដើម្បី​ឲ្យ​ពួកគេ បាន​លេង​ជុំគ្នា​។ ក្នុងស្ថានភាព​បែបនេះ យើង​ពិតជា​ត្រូវការ​ពេលវេលា ច្រើន​ទៀត​។ ព្យាយាម​ប្រាប់​ខ្ញុំ​ថា តើ​កម្ពុជា ត្រៀម​រយៈពេល​ប៉ុណ្ណា​? តើ​មី​យ៉ាន់​ម៉ា និង ហ្វីលីពីន ត្រៀម​ប៉ុណ្ណា​ដែរ​? ទោះបីជា​យើង មាន​កីឡាករ​ល្អ​ក៏ដោយ យើង​ត្រូវតែ​ឲ្យ​ពួកគេ នៅ​ជាមួយគ្នា ឲ្យ​បានយូរ​។ យើង​មិន​អាចមក​តែ ២ ឬ ៣​ថ្ងៃ ហើយ​បន្ទាប់មក ប្រកួត​នោះទេ ហើយ​ពិតណាស់ វា​នឹងមាន​បញ្ហា​។​»

​លោក​ក៏បាន​ថ្លែង​កោតសរសើរ​ផងដែរ អំពី​កម្រិត​លេង​របស់​ក្រុម ដូចជា កម្ពុជា​, ហ្វីលីពីន និង ឡាវ នាពេល​បច្ចុប្បន្ន គឺ​មិន​ដូច​ទៅនឹង​ពួកគេ កាលពី ២ ឬ ៤ ឬក៏ ៦ ឆ្នាំមុន​នោះទេ ដ្បិត​ពីមុន ងាយស្រួល​ប្រកួត​ជាមួយ ប៉ុន្តែ​ពេលនេះ គឺ​មិន​ដូច្នេះ​ទេ​។​

​សូមបញ្ជាក់ថា ម៉ាឡេស៊ី បានបញ្ចប់ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើ​ប្រភេទ​កីឡាបាល់ទាត់ ដោយ​ទទួលបាន ចំណាត់ថ្នាក់​លេខ​៤ ប្រចាំ​ពូ​ល A ក្រោយ​ប្រកួត ៤​ដង ឈ្នះ​១ ស្មើ​១ និង​ចាញ់ ២ រកបាន​តែ ៤ ពិន្ទុ ពុំ​គ្រប់គ្រាន់ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ ស្របពេល​ពូ​ល A នេះ មី​យ៉ាន់​ម៉ា ជាមួយ កម្ពុជា គឺជា​ក្រុម​ដែល​ត្រូវ​ឡើង​វគ្គ​បន្ត​៕v