គ្រូបង្វឹក​បាល់ទះ ចំនួន​៣០​រូប បានទទួល​ការបណ្ដុះបណ្ដាល​

297
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ដោយ​មានការ​ជ្រោមជ្រែង ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​នោះ វគ្គ​គ្រូបង្វឹក​បាល់ទះ​មួយ បាន​បើក​ឡើង នៅ​ព្រឹក​ថ្ងៃទី​២៨ សីហា ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​១ កញ្ញា ។​

ទិដ្ឋភាព​បើក​វគ្គ​

​លោក បឹង កឹម​តោ អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ឲ្យ​ដឹងថា វគ្គ​នេះ មាន​សិក្ខាកាម ចូលរួម​ចំនួន ៣០ រូប ដែល​មកពី ១២ រាជធានី ខេត្ត និង​ក្លិប​។ នេះ​គឺជា​វគ្គ​ដ៏​សំខាន់​មួយ ដែល​បង្រៀន​ដោយ​គ្រូ​ជនជាតិ​បង់​ក្លា​ដេ​ស គឺ​លោក Shameen .Al.Mamum ដែល​មកពី​សហព័ន្ធ​កីឡាបាល់បោះ​អន្តរជាតិ​។​

​លោក Shameen .Al.Mamum បាន​ថ្លែង​ក្នុងពេល​បើក​វគ្គ​ថា ដោយសារ​លោក ជា​គ្រូ​កម្រិត​អន្តរជាតិ លោក​ទាមទារ​ឲ្យ​វគ្គ​សិក្សា​នេះ មាន​អ្នកបកប្រែ ដើម្បី​ឲ្យ​ការផ្ទេរ​ចំណេះដឹង​ពី​លោក ទៅ​សិក្ខាកាម មាន​លក្ខណៈ​ងាយស្រួល ពិសេស​សិក្ខាកាម នឹង​ងាយ​ចាប់បាន​ទៀតផង​។​

​សិក្ខាកាម​ទាំងអស់ ត្រូវតែ​ខិតខំ​ក្រេប​យកចំណេះ​ដឹង ពី​លោក ឲ្យ​ខាងតែបាន ដើម្បី​យកទៅ​បង្រៀន​បន្ត ដល់​អ្នកជំនាន់ក្រោយ ឲ្យ​បានល្អ ជៀសវាង​នូវ​ភាពមិនច្បាស់លាស់ ។ ហេតុនេះ សិក្ខាកាម​ទាំងអស់ ត្រូវតែ​ព្យាយាម​ឲ្យ​បាន​ជោគជ័យ​ទាំងអស់គ្នា​។​

ទិដ្ឋភាព​បើក​វគ្គ​

​សូមបញ្ជាក់ថា វគ្គ​នេះ​សិក្សា​លម្អិត ទៅលើ​ការដឹកនាំ​ប្រកួត តួនាទី​របស់​គ្រូ មុនពេល​ហ្វឹកហាត់ ពេល​ហាត់ និង​ពេល​បញ្ចប់​ការហ្វឹកហាត់ ។ សិក្សា​ពី​មូលដ្ឋាន​បឋម នៃ​កីឡាបាល់ទះ កលល្បិច​នៃ​ការលេង ការការពារ ការធ្វើ​តេស្ត​ពី​សមត្ថភាព ការអនុវត្តន៍​វិធី​ដឹកនាំ​លេង លើ​ទីលាន​តូច (Mini-Volleyball) ជាដើម ។​

​លោក​អគ្គលេខាធិការ បឹង គឹម​តោ បាន​អះអាងថា នេះ​ជាវ​គ្គ​ទី​៦ ហើយ ដែល​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានទទួល ។ សម្រាប់​វគ្គ​នេះ ដែល​សិក្សា​រយៈពេល ៥ ថ្ងៃនោះ លោក​មាន​ជំនឿ​ចិត្ត​ថា សិក្ខាកាម ហ៊ាន​សាកសួរ​គ្រូ នូវ​រាល់​ចម្ងល់​នានា ដើម្បី​ឲ្យ​ខ្លួន​បាន​ក្លាយជា​គ្រូបង្វឹក ប្រកបដោយ​គុណភាព ៕v

ទិដ្ឋភាព​បើក​វគ្គ​