គ្រូពេទ្យ​កម្ពុជា​ពីររូប​ទៅ​រៀន​ជំនាញ​ព្យាបាល​ពិសពស់​នៅ​ចិន​

1091
ចែករម្លែក

​ដោយ:​យោធិន​/ក្រុង​វូ​ចូ​វ ៖ ​គ្រូពេទ្យ​ខ្មែរ​ពីររូប​បាននិងកំពុង​ទទួល​ការបណ្តុះបណ្តាល លើ​ជំនាញ​ផ្នែក​ព្យាបាល​​អ្នកជំងឺ​ពស់​ចឹក នៅ​មន្ទីរពេទ្យ​ចិន​សែ​ក្រុង​វូ​ចូ​វ ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ជា​លើកដំបូង ខណៈ​ឱសថ​បុរាណ​ក្នុងការ​ផ្សំ​ព្យាបាល ក៏មាន​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត លើ​ទឹកដី​កម្ពុជា​ដែរ​។​

សិក្ខាកាម​គ្រូពេទ្យ​ទាំងពីរ​រូបនោះ​រួមមានៈ​លោក វេជ្ជបណ្ឌិត សៀង ប៊ុនថន ផ្នែក​សង្គ្រោះបន្ទាន់ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី និង​លោក​វេជ្ជបណ្ឌិត ចាង ម៉េង​ឃីម មកពី​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ទទួល​ការបណ្តុះ​បណ្តាល​រយៈពេល​៣​ខែ ហើយ​មកទល់ពេលនេះ​បាន​រយៈពេល​២​ខែ នៅសល់​មួយខែ​ទៀត​បានបញ្ចប់​។​

លោក​សាស្ត្រាចារ្យ ឡ ស៊ីវ​តុង ប្រធាន​មន្ទីរពេទ្យ​ចិន​សែ​ក្រុង​វូ​ចូ​វ ខេត្ត​ក្វាង​ស៊ី បាន​ប្រាប់​ឲ្យ​ដឹង​ក្នុងជំនួប​ជាមួយ​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​ក្នុង​មន្ទីរពេទ្យ​ខាងលើនេះ​ក្នុ្ង​ង​ឱកាស​ដែល​ប្រតិភូ​អ្នក​សារ​ពត៍​មាន​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​អំឡុង​ចុងខែ តុលា និង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅនោះ​ថាៈ មានការ​ស្រាវជ្រាវ​តាម​ផ្នែក​វិទ្យាសាស្ត្រ​យ៉ាង​ត្រឹមត្រូវ ដោយបាន​ប្រើប្រាស់​ថ្នាំ ក្នុងការ​ព្យាបាល​រវាង​ថ្នាំបុរាណ និង​ថ្នាំបារាំង​យ៉ាង​ពិសេស ដោយ​ទទួលបាន​ជោគជ័យ​។​

​លោក​លោក​សាស្ត្រាចារ្យ​បន្តថ មាន​ពលរដ្ឋ​នៅ​តំបន់​អាស៊ាន​ប្រមាណ​ជា​១​ម៉ឺន​នាក់ ត្រូវបាន​ពស់​ចឹក ហើយ​ជំងឺ​នេះ​បាន​ក្លាយជា​បញ្ហាសំខាន់​នៅតាម​បណ្តា​ប្រទេស​អាស៊ាន ។ ក្នុងនោះ​ពស់​ចឹក​មាន​ប្រភេទ​ខុសៗ​គ្នា នៅតាម​តំបន់​អាស៊ាន ខណៈ​មិនទាន់មាន​ការព្យាបាល​ត្រឹមត្រូវ​នៅឡើយ​ទេ​។​ ​ដោយសារ​ឃើញ​បញ្ហា​ទាំងអស់នេះ ទើប​ប្រធាន​មន្ទីរ​រូបនេះ មាន​គោលបំណង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាពិសេស​កម្ពុជា​ផងដែរ​។​

​លោក​សាស្ត្រាចារ្យ ឡ ស៊ីវ​តុង បន្ត​បញ្ជាក់ថាៈ “​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ចិន​-​កម្ពុជា ក៏បាន​ផ្តល់ឱកាស​ឈានទៅដល់​វគ្គ​បណ្តុះបណ្តាល​ទៅលើ​គ្រូពេទ្យ​កម្ពុជា​ចំនួន​ពីររូប ដែល​កំពុង​សិក្សា ហើយ​ពួកគេ​នឹង​យក​ជំនាញ​ទៅ​ព្យាបាល​អ្នកជំងឺ​ពស់​ចឹក​”​នៅ​កម្ពុជា​បន្ទាប់ពី​ពួកគេ​ស​ម្រ​ច​បាន​ជោគជ័យ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ប្រឆាំងនឹង​ពស់​ពិស​ដ៏​សាហាវ​នេះ ។​ ​ជាមួយគ្នានេះ លោក​បាន​អះអាងថា មន្ទីរពេទ្យ​របស់លោក ក៏​ព្យាបាល​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ផងដែរ ដោយ​ទទួលបាន​ការព្យាបាល​ជាសះស្បើយ​ជា​បន្តបន្ទាប់​។​

​លោកស្រី វេន ឌី​វី គ្រូពេទ្យ​ប្រចាំ​របស់​មន្ទីរពេទ្យ បាន​លើកឡើងថា ដោយ​សារភាព​ល្បីឈ្មោះ​ខាង​ព្យាបាល​ជំងឺ​ពស់​ចឹក​នេះ មន្ទីរពេទ្យ​ក៏ត្រូវ​បានការ​ទទួលស្គាល់​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​(WHO)​។​ ​ចំពោះ​លោកគ្រូ​ពេទ្យ​ផ្សំ​ថ្នាំ​វិញ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ថ្នាំបុរាណ​ភាគច្រើន​មាន​វត្តមាន​នៅលើ​ភ្នំ​។ លោក​អះអាងថា ថ្នាំ​ព្យាបាល​ជំងឺ​ពស់​ចឹក​នេះ​ក៏មាន​ក្នុង​ឫស​ឈើ ដែល​ស្ថិតនៅ​បរិវេណ​ប្រាសាទអង្គរវត្ត លើ​ទឹកដី​កម្ពុជា និង​នៅលើ​ភ្នំ​នានា​ផងដែរ​។​

​បើតាម​គ្រូពេទ្យ​ដដែល ពស់​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ទៅដល់​អ្នកជំងឺ​ក្នុងការ​ព្យាបាល​។ សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​វិញ គឺ​ខាង​មន្ទីរពេទ្យ​ចង់​នាំចេញ ប៉ុន្តែ​ប្រភេទ​ថ្នាំ​ជា​ឱសថ​នេះ​គឺមាន​ការលំបាក​ជាខ្លាំង​ក្នុងការ​នាំចេញ​។​ ​សម្រាប់​វេជ្ជបណ្ឌិត សៀង ប៊ុន​ថង ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ថ្នាំ​នេះ​មិនទាន់​ចេញលក់​ជា​សាធារណៈ​ទេ គឺ​មានតែ​នៅក្នុង​មន្ទីរពេទ្យ​ប៉ុណ្ណោះ​។ ថ្នាំ​ព្យាបាល មាន​ថ្នាំ​គ្រាប់​និង​ថ្នាំ​ទឹក​។ លោក​បាន​អះអាង​មកដល់​សព្វថ្ងៃ​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល គឺ​បានដឹង​រុក្ខជាតិ​ខ្លះៗ​សម្រាប់​ផ្សំ​ក្នុងការ​ព្យាបាល​។ លោក​ថា នឹង​យក​ចំណេះដឹង​ទាំង​ទៅ​ព្យាបាល​អ្នកជំងឺ​ពស់​ចឹក​នៅ​មាតុភូមិ​កម្ពុជា​នៃ​យើង ខណៈ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ក៏មាន​ករណី​រងគ្រោះថ្នាក់​ដោយ​សត្វ​អ​សិរ​ពិស​ច្រើន​ល្មម​ដែរ​។​

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦០ ហើយ​ក្រុមគ្រូពេទ្យ​បានចាប់ផ្តើម​ព្យាបាល​ផ្នែក​ពស់​ចឹក ឆ្នាំ​១៩៨០ ដោយ​គ្រូពេទ្យ ឈ្មោះ ឈន ឆៀក ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅលើ​ពិភពលោក​។ នៅ​ឆ្នាំ​១៩៨៣​បាន​ក្លាយទៅជា​ស្ថាប័នរដ្ឋ​។ ជាមួយគ្នានេះ​ក៏មាន​គ្រូពេទ្យ​ជប៉ុន​ល្បីឈ្មោះ​មកសុំ​រៀនសូត្រ​នៅ ឆ្នាំ​១៩៩០​។​ឆ្នាំ​២០១៦​ក្លាយជា​មូលដ្ឋាន​បណ្តុះ​បណ្តុះ​គ្រូពេទ្យ​។ បច្ចុប្បន្ន មន្ទីរពេទ្យ​មាន​ថ្នាំ​ព្យាបាល​ប្រហែល​៦០​មុខ​មាន បន្ទប់​សម្រាប់​បណ្តុះបណ្តាល គ្រូពេទ្យ​មកពី​បណ្តា​ប្រទេស​អាស៊ាន៕B/

​ជួប​ជាមួយ​គ្រូពេទ្យ​ខ្មែរ​ពីររូប​ដែល​កំពុង​រៀន​ជំនាញ​ព្យាបាល​ពស់​ពិស​ចឹក​នៅ​មន្ទីរពេទ្យ​ដ៏​ល្បី​មួយ​នៅ​ក្រុង​វូ ចូ​វ