គ្រូពេទ្យ​ស្ម័គ្រចិត្ត​អាមេរិក​-​កម្ពុជា​បាន​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ជិត​១​ពាន់​នាក់​នៅ​ស្រុក​ចំនួន​២

1431
ចែករម្លែក

ដោយ​មូល​សម្បត្តិ​-​ភ្នំពេញ​៖​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បារាយណ៍​និង​ស្រុក​តាំងគោក​នា​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក​និង​ក្រុមគ្រូពេទ្យ​កម្ពុជា​នៅ​មូលដ្ឋាន​ផ្ទាល់​បាន​ចុះ​ពិនិត្យ​សុខភាព​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ទាំងពីរ​ខាងលើ​។​ក្នុង​នោះគេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១​ពាន់​នាក់ បាន​ចូលរួម​ពិនិត្យ​ព្យាបាល​ជំងឺ​យ៉ាង​ពេញចិត្ត​។​

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក​នេះ​គឺ​មកពី​អង្គការ​លើកកម្ពស់​សុខ​មាល​ភាព​ប្រកបដោយ​ចីវ​ភាព ឬ​ហៅថា Sustainable HealthEmpowerment(SHE)​។​ពាក់ព័ន្ធ​នឹង​កម្មវិធី​ពិនិត្យ​ព្យាបាល​ជំ​
​ងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទាំងពីរ គឺមាន​សកម្មភាព និង​ប្រភេទ​ជំងឺ​ដែល​ត្រូវ​ពិនិត្យ​ព្យាបាល​ពេញ​១​ថ្ងៃ ក្នុងនោះ​មានដូចជា​ការអប់រំ​ស្តីពី​អនាម័យ និង​សុខភាព ពិនិត្យ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ ពិនិត្យ​ជំងឺ​ស្ត្រី ពិនិត្យ​ភ្នែក និង​ផ្តល់​វ៉ែនតា ពិនិត្យ​សម្ពាធ​ឈាម ពិនិត្យ​ជំងឺ​ទូទៅ (​ដោយ​ពេទ្យ​កម្ពុជា​) ការពិនិត្យ និង​ផ្តល់​ដៃជើង​សិប្បនិម្មិត​ដល់​ជនពិការ​។​

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខាងលើនេះ​ជា​ក្រុមគ្រូពេទ្យ និង​និស្សិត​មកពី​អាមេរិក ក្នុងនោះ​មាន​វេជ្ជបណ្ឌិត ៨​នាក់ និស្សិត​ពេទ្យ ១៥​នាក់​។ ចំណែកឯ​ក្រុមគ្រូពេទ្យ និង​និស្សិត​កម្ពុ​ជាមាន​ចំនួន ១៨​នាក់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា ៣-៥​នាក់ ក្រៅពីនោះ​មាន​ក្រុមគ្រូពេទ្យ​នៅ​បារាយណ៍​ចំនួន ៨​នាក់​ទៀត​។​

​សូមជម្រាបថា​គិត​មកដល់​ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ​ដែល​អង្គការ​នេះ​បានដាក់​កម្មវិធី​ប្រចាំឆ្នាំ​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តែ​ចំនួន ៣​ខេត្ត​គោលដៅ​ប៉ុណ្ណោះ​។ មានដូចជា​នៅ​កែវផុស និង​រាម​ខេត្ត​ព្រះសីហនុ​ខេត្តសៀមរាប​និង​នៅ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ដោយ​ក្នុង​មួយឆ្នាំៗ​ពួកគេ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ​១.២០០​នាក់​។​ដូច្នេះ​សរុប​ទាំង​៥​ឆ្នាំ​មកនេះ​អង្គការ​SHE​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៦.០០០​នាក់​ហើយ​។​

​មិនតែប៉ុណ្ណោះ អង្គការ SHE ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​ការសាងសង់​អណ្តូងស្នប់​ចំនួន ១០​កន្លែង នៅ​ស្រុក​បារាយណ៍​និង​ស្រុក​តាំងគោក​។​អង្គការ​នេះ​បាន​ជួយឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​ដែល​គិត​ជា​ថវិកា​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ធ្វើការ​វិច​ខ្ចប់​និង​ដឹកជញ្ជូន​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដល់​ចុងខែ​មករា ឆ្នាំ​២០១៩ (​មាន​រយៈពេល​ពីរ​ខែ​)​។​

​អង្គការ​SHE​ក៏មាន​គម្រោង​ចង់​ជួយឧបត្ថម្ភ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ស្រុក​បារាយណ៍​និង​ស្រុក​តាំងគោក​ទៀតផង​ដែរ​ក្នុងនោះ​រួមមាន​៖​បន្ត​រៀបចំ​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ស្រុក​បារាយណ៍​ជា​រៀងរាល់ឆ្នាំ​។​ បន្ត​ឧបត្ថម្ភ​ថវិកា ដើម្បី​ធ្វើ​អណ្តូងស្នប់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តទៀត​។​
*​លោកស្រី​Terry​ដែលជា​ប្រធាន​អង្គការ​SHE​ក៏​ចង់​នាំ​ប្រព័ន្ធ​ទឹកស្អាត​និង​អ្នកជំនាញ​ពី​អាមេរិក​មកជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន (​ដូចជា​ធ្វើ​អណ្តូង និង​ប្រព័ន្ធ​ទឹកស្អាត​ធំ​មួយ​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​ភូមិ ឬ​ឃុំ​ណាមួយ​)​នាពេល​អ​នា​គត់​៕S/​