គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​កូរ៉េ ពិនិត្យ​ជំងឺ​និង​ផ្ដល់​ថ្នាំ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​នៅ​ក្នង​ឃុំ​សសរស្តម្ភ

219
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សមាគម​ឈុន​ប៊ូ​ក​មកពី​ប្រទេស​កូរ៉េ ចំនួន​៥០​នាក់ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អាន់ ឈី​ហ្ស​ក់ និង មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត , មណ្ឌល​សុខភាព​ស្រុក​ពួក និង​អាជ្ញាធរ​ឃុំ​សសរស្ដម្ភ បាន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ ចែ​កវែ​នតា និង​ផ្តល់​ថ្នាំ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ជាទូទៅ​ជិត​២​ពាន់​នាក់ មកពី​១៤​ភូមិ​ក្នុង​ឃុំ​សសរស្តម្ភ​។​

​ការចុះពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ បានធ្វើ​ឡើង​នៅ បរិវេណ​សាលាបឋមសិក្សា​សសរស្តម្ភ ក្នុង​ឃុំ​សសរស្ដម្ភ កាលពី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​លោក លី សំ​រិ​ទ្ឋ អភិបាលរង​ខេត្តសៀមរាប ។​

​លោក ពិន ប្រាកដ បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​សកម្ម​ភាពចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ឃុំ​សសរស្តម្ភ របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សមាគម​ឈុន​ប៊ូ​ក នាពេលនេះ ថា​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពិការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​មូលដ្ឋាន​ជនបទ ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ដែល​បាន​យក​ចិ​ត្ដ​ទុកដាក់​ពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ជាសំខាន់​។​

​លោក​បាន​បន្តថា សម្រាប់​ការពិនិត្យ​និង​ព្យាបាល​លើ​ជំងឺ​ទូទៅ​នេះ បាន​ពិនិត្យ​ភ្នែក , ពិនិត្យ​មាត់​ធ្មេញ ,​ពិនិត្យ​រោគ​ស្ត្រី , វាស់​សម្ពាធ​ឈាម , វាស់​ចង្វាក់បេះដូង , ពិនិត្យ​និង​ព្យាបាល​ដោយ​ចលនា​លើ​ជំងឺ​ឈឺចង្កេះ ឈឺជង្គង់​តាម​សន្លាក់ , ចាក់​ម្ជុល​វិទ្យាសាស្ត្រ រុំ​ដំបៅ ជាដើម ហើយ​បន្ថែម​ពីនេះ ក្រុមគ្រូពេទ្យ​បានផ្តល់​ថ្នាំសង្កូវ​ទៅតាម​អាការៈរោគ និង ក្រោយ​ការពិនិត្យ​ភ្នែក ក៏​ផ្តល់ជូន​វ៉ែនតា​ក្រោយ​ការ​វាស់​កម្រិត​ភ្នែក និង​ផ្តល់​អង្ករ​ដល់​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក​ក្នុង​ជីវភាព​ផងដែរ​។​

​លោក​បាន​បន្តទៀតថា សកម្មភាព​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ ខេត្តសៀមរាប​នេះ គឺជា​ការងារ​មនុស្សធម៌ និង ការងារ​សង្គម ហើយក៏​ជាការ​ជួយ​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​សេវា​ព្យាបាល ប៉ុន្តែ​ប្រការ​សំខាន់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចេះ​ថែទាំ​សុខភាព​សុខភាព​ប្រចាំ​របស់ខ្លួន និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។​

​លោក​វេជ្ជបណ្ឌិត អាន់ ឈី​ហ្ស​ក់ ប្រធាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មានប្រសាសន៍​ឱ្យដឹងថា នេះ​ជា​លើក​ទី​៧​នៃ​សកម្មភាព​ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​នៅ​ខេត្តសៀមរាប បាន​ចំនួន​៥​លើក និង​២​លើក នៅ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​រឹតចំណង​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ប្រសើរឡើង​ថែមទៀត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ និង ដើម្បី​សុខមាលភាព​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នករស់នៅ​ទីជនបទ​ដែល​ជួប​ការលំបាក​។​

​លោក​វេជ្ជបណ្ឌិត មានប្រសាសន៍​ឱ្យដឹងទៀតថា ថវិកា​ចំណាយ​លើ​ថ្នាំសង្កូវ និង​សេវា​ធ្វើដំណើរ​មក​កម្ពុជា​ម្តងៗ គឺ​បានមកពី​ការ​រៃអង្គាស និង​ការចូលរួម​បរិច្ចាក​ពី​សប្បុរសជន​នៃ​ប្រជាជន​កូរ៉េ និង​អ្នកស្ម័គ្រចិត្ត​ដើម្បី​ជួយ​សហគមន៍​ប្រទេស​ក្រីក្រ ដែល​ក្នុង​មួយ​លើកៗ​ចំណាយ​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ ហើយ​បើតាម​ការពិនិត្យ និង​បទពិសោធន៍​ក្នុងការ​ពិនិត្យ​ព្យាបាល បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​កើត​បញ្ហា​ជំងឺ​សន្លាក់​ដៃជើង , កប់ស​សៃ , ស្រវាំងភ្នែក​មើល​មិនសូវ​ច្បាស់ , មាន​ភ្នែក​ឡើងបាយ និង​ដុះ​កន្ទុយ​ផ្លែ​ន បញ្ហា​ទាំងនេះ​ច្រើន​កើតមាន​លើ​មនុស្ស​ដែលមាន​វ័យ​ចំណាស់​៕