គ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​អាមេរិក ៣៥០​នាក់ មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ និង​ឧបត្ថម្ភ​សម្ភារ​ពេទ្យ​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​ស្រុក​បារាយណ៍​-​សន្ទុក​

452
ចែករម្លែក
  • 434
    Shares

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: តាមរយៈ​ការសម្របសម្រួល​ពី​សំណាក់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក ៣៥០​នាក់ បានមក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ស្រុក​តាំងគោក ព្រមទាំង​បាន​ឧបត្ថម្ភ​សម្ភារ​បរិក្ខា​ពេទ្យ​ជាច្រើន​មានតម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​ផងដែរ​។​នេះ​បើតាម​បណ្តាញ​សង្គម​facebook​ក្រសួងទេសចរណ៍​បានអោយដឹង​នៅ​ថ្ងៃទី​10​ខែកុម្ភ​:​នេះ​។​

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​៣៥០​នាក់​ខាងលើ មកពី​អង្គការ​លើកកម្ពស់​សុខ​ភាព​ប្រកបដោយ​ចីរភាព ហៅ​កាត់ SHE (Sustainable Health Empowerment) និង​មកពី​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA)​។

​គិត​មកដល់​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៩​ហើយ ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​នេះ​បាន​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ចល័ត​តាម​បណ្តា​រាជធានី​-​ខេត្ត​ផ្សេងៗ​គ្នា មានដូចជា​រាជធានី​ភ្នំពេញ ខេត្តកោះកុង តាកែវ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រែ​វែង ស្វាយរៀង និង​លើក​ទី​៩​នេះ​នៅ​ខេត្តកំពង់ធំ​តែម្តង ដែល​ក្នុង​មួយឆ្នាំៗ គឺ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ៤-៥​ពាន់​នាក់​។ ដូច្នេះ​សរុប​ទាំង​៩​ឆ្នាំ (​បូក​នឹង​លើក​នេះ​) គឺ CHPAA បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា បាន​សរុប​ប្រមាណ ៤៥,០០០​នាក់​។ ដោយឡែក អង្គការ SHE គិត​មក​ត្រឹម​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​អង្គការ​នេះ​បានដាក់​កម្មវិធី​ប្រចាំឆ្នាំ​ចុះមក​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តែ​ចំនួន ៣​ខេត្ត​គោលដៅ​ប៉ុណ្ណោះ មានដូចជា​ស្រុក​កែវផុស និង​រាម ខេត្ត​ព្រះសីហនុ នៅ​ខេត្តសៀមរាប និង​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ក្នុង​មួយឆ្នាំៗ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ១,២០០​នាក់ ដូច្នេះ​សរុប​រយៈពេល​៥​ឆ្នាំ អង្គការ SHE បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​កម្ពុជា​បាន​ប្រមាណ ៦,០០០​នាក់​។​

​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​លើក​ទី​៩​នេះ ធ្វើឡើង​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក ចាប់ពី​ថ្ងៃទី​១១-១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​សហការ​ពី​សំណាក់​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក និង​កងកម្លាំង​សមត្ថកិច្ច​ក្នុងស្រុក​ផងដែរ​។​

​ក្នុង​ពិធី​បើក​ដំណើរការ​សកម្មភាព​ម​នុស្ស​ធម៌​ខាងលើ លោកស្រី Teri Tan និង​លោកស្រី Clark តំណាង​អង្គការ SHE បានឱ្យដឹងថា ការឧបត្ថម្ភ​ជូន​នូវ​សម្ភារ​បរិក្ខារ​សុខាភិបាល ដល់​មន្ទីរពេទ្យបង្អែក​បារាយណ៍​សន្ទុក នាពេលនេះ គឺ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បម្រើ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​បារាយណ៍ ស្រុក​ស្ទុ​ក និង​ស្រុក​តាំងគោក​។

​តំណាង​អង្គការ​ទាំងពីរ​បា​នប​ន្ត​ថា អង្គការ​របស់លោក​ស្រី​នឹង​មក​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​បន្តបន្ទាប់​ទៀត ពិសេស​នៅ​ស្រុក​បារាយណ៍ នឹង​ធ្វើឡើង​បន្តទៀត​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខ​។​

​លោក​វេជ្ជបណ្ឌិត Song Tan ប្រធាន​សមាគម CHPAA បានឱ្យដឹងថា សមាគម​របស់លោក​មិន​ត្រឹមតែ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចង់​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​ប្រទេសជាតិ ស្រលាញ់​សន្តិភាព និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ទៀត​ដែរ​។​

​ជាមួយគ្នា​នោះ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ស្រុក​ទាំងបី​ខាងលើ សូម​រួសរាន់​មក​ទទួល​សេវា​សុខាភិបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក ដែលមាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​។

​លោក​អភិបាលខេត្ត ក៏បាន​ដាស់តឿន​ដល់​ក្រុមគ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មកពី​សហរដ្ឋអាមេរិក​ឱ្យ​សស្រាក់សស្រាំ ហើយ​ត្រូវ​ពង្រឹង​យន្តការ​នៅ​មូលដ្ឋាន​ឱ្យបាន​ជាប្រចាំ ពីព្រោះ​ការចុះ​ជួយ​ពិនិត្យ​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ គឺ​គ្រាន់តែ​ជា​ការងារ​បណ្តោះអាសន្ន ដូច្នេះ​សំខាន់បំផុត​គឺ​ការងារ​ប្រចាំថ្ងៃ​នៅ​មូលដ្ឋាន​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បានធ្វើ​នូវ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ស្រុក​តាំងគោក នាពេលនេះ​។​

​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​សង្ស័យថា​ខ្លួន​មាន​ជំងឺ ឬ​កំពុងមាន​ជំងឺ សូម​រួសរាន់​មក​ពិនិត្យ​ព្យាបាល​ជំងឺ​របស់ខ្លួន ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មកពី​សហរដ្ឋអាមេរិក និង​ក្រុមគ្រូពេទ្យ​ខ្មែរ ដែលមាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍​-​សន្ទុក​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ យើង​ត្រូវការ​ចាំបាច់​ថែរក្សា​នូវ​សុខ​សន្តិ​ិ​ភាព ស្ថិរភាព​នយោបាយ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ដើម្បី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។ លោក​ក៏បាន​អំពាវនាវ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដដែល​នេះ សូម​បន្ត​ជួយ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទាំងបី និង​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​៕ ល​