ដោយៈ មេសា/ភ្នំពេញៈ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប សំពះព្រះខែ និង អកអំបុក នាថ្ងៃទី ២១ ដល់ ២៣ ខែ វិច្ឆិកា នេះ ក្រសួងសុខាភិបាលបានប្រកាសថា ក្រសួងបានត្រៀមក្រុមគ្រូពេទ្យ និង រថយន្តសង្គ្រោះចល័តតាមគោលដៅចំនួន ៣៨ គ្រឿង និង មានបោះតង់ ១២ កន្លែង ដើម្បីរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ ២៤ ម៉ោង លើ ២៤ ម៉ោង និង ត្រៀមរថយន្តសង្គ្រោះបន្ទាន់ ២៤ គ្រឿងបន្ថែមទៀតប្រចាំការនៅក្រសួងសុខាភិបាល ដើម្បី ប្រើប្រាស់ក្នុងករណីចាំបាច់ ។ ដូច្នេះសរុបរថយន្តសង្គ្រោះដែលត្រូវបានត្រៀមគឺ ៦២ គ្រឿង ។
ទីតាំងបោះតង់ទាំង ១២ នោះ គឺ៖ ១. កោះពេជ្រ ២. ស្តូបមិត្តភាពកម្ពុជា-វៀតណាម ៣. សួនច្បារមុខនាយកដ្ឋានអង្គរក្ស ៤. នៅបរិវេណសណ្ឋាគាររណសិរ្យ ៥. នៅមុខគណៈកម្មការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ៦. នៅក្បែរវេទិកាកិត្តិយសខាងត្បូង ៧. នៅក្បែរវេទិកាកិត្តិយសខាងជើង ៨. នៅមុខវត្តឧណ្ណាលោម ព្រះគន្លង ៩. នៅផែថ្មរាជធានីភ្នំពេញ ១០. នៅគល់ស្ពានបាឡេត្រើយខាងលិច ១១. នៅខាងត្បូងគល់ស្ពានបាឡេត្រើយខាងកើត និង ១២. នៅខាងជើងស្ពានជ្រោយចង្វា ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបន្ថែមថា លើសពីអ្វីដែលបានលើកឡើងខាងលើនេះទៅ ក្រសួងក៏បានត្រៀមឱ្យមានក្រុមគ្រូពេទ្យចល័តក្នុងហ្វូងប្រជាពលរដ្ឋ ដោយស្លៀកពាក់ឯកសណ្ឋានពេទ្យ ដើម្បី ជួយប្រជាពលរដ្ឋ ដែលគាត់អាចមានបញ្ហាសុខភាព ហើយមិនអាចទៅរកតង់ ឬ រថយន្តសង្គ្រោះបាន ។
ចំណែកលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មន្ទីរសុខាភិបាល មានរថយន្តសង្គ្រោះប្រចាំការចំនួន ១៥ ក្រុម និង ក្រុមគ្រូពេទ្យចល័តចំនួន ១៦ក្រុម ។ ក្រុមគិលានសង្គ្រោះបំពេញភារកិច្ចនៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលមានក្រុមគ្រូពេទ្យជិត ៨០០នាក់ និង រថយន្តសង្គ្រោះបន្ទាន់ ១៥គ្រឿង និង រៀបចំបោះតង់ពិនិត្យសុខភាព ៨ ទីតាំងដែរ គឺ ៖ ១. កោះពេជ្រ ២. ស្តូបមិត្តភាពកម្ពុជា-វៀតណាម ៣. បរិវេណសណ្ឋាគាររណសិរ្យផ្នែកខាងកើត ៤. មុខព្រះគម្លង់ ៥. ផែថ្មខាងជើងភោជនីយដ្ឋានទីតានិក ៦. ទីលានប្រជាធិបតេយ្យទល់មុខឃ្លាំងសាំងសូគីមិច ៧. ត្រើយខាងកើតទន្លេសាបនៅខាងជើងគល់ស្ពានជ្រោយចង្វារ និង ៨. នៅរង្វង់មូលនាងមច្ឆាគល់ស្ពានបាឡេ។
ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបដែលមកកម្សាន្តក្នុងពិធីបុណ្យអុំទូក នៅពេលមានអការៈ ធេងធោង វិលមុខ ក្អួតចង្អោរ ឬបញ្ហាសុខភាពកើតឡើងដោយប្រការណាមួយ អាចស្វែងរកស្តង់សុខាភិបាល ដើម្បី បានសម្រាក និង ព្យាបាលជំងឺ ដោយឥតគិតថ្ងៃ ដែលមានគ្រូពេទ្យប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដោយឥតគិតថ្លៃ ។
ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨ នេះ ក្រសួងទេសចរណ៍ រំពឹងថាភ្ញៀវទេសចរណ៍ច្រើនជាង ២លាននាក់នឹងចូលរួមទស្សនាកម្សាន្ត ក្នុងពិធីបុណ្យជាតិដ៏ធំមួយនេះ ។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ជនានុជ ឱ្យចេះថែរក្សាសុខភាពរបស់ខ្លួន ដើម្បី បង្ការការឆ្លងមេរោគនានា ការពារជំងឺរាគរូស ឬ ពុលចំណីអាហារ បរិភោគអាហារដែលចម្អិនឆ្អិនល្អ បរិភោគទឹកស្អាត ឬ ទឹកដាំពុះ ហើយជាពិសេសកុំច្រាន ឬ កុំប្រជ្រៀតគ្នាដើម្បីចៀសវាងការដួលសន្លប់ជាយថាហេតុ ៕ Kh