គ្រូពេទ្យ ត្រូវខិតខំបង្កើនសមត្ថ ភាពវិជ្ជាជីវៈរបស់ខ្លួន

216
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានក្រើនរំឭកដល់គ្រូពេទ្យទាំងអស់បង្កើនសមត្ថភាពរបស់ខ្លួនថា “កន្លងទៅ មានគ្រូពេទ្យមួយចំនួន នៅតាមមន្ទីរពេទ្យ នៃ បណ្ដាខេត្តផ្សេងៗ បានបញ្ជូនអ្នកជំងឺ ដែលមានអក្ការៈស្រាលទៅមន្ទីរពេទ្យភ្នំពេញ ជាច្រើនករណី ដែលចំណុចនេះសបញ្ជាក់ឲ្យឃើញថា ចំណេះដឹងវិជ្ជាជីវៈវេជ្ជសាស្ត្ររបស់ពេទ្យទាំងនោះ នៅមានកម្រិត ហើយប្រការនេះ អាចធ្វើឱ្យប្រជាពលរដ្ឋខ្វះទំនុកចិត្ត និង ងាកទៅព្យាបាលនៅបរទេស ជាពិសេសនៅ ប្រទេសជិតខាង ខណៈដែលពួកគេមានជំងឺតិចតួចប៉ុណ្ណោះ គឺចំណុចនេះហើយដែលអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយគ្រូពេទ្យនៃប្រទេសកម្ពុជារបស់យើង ។

ដូច្នេះគ្រូពេទ្យយើងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីអាចឈានទៅព្យាបាលសុខភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយសគ្រូពេទ្យទាំងអស់គ្នា ក៏ដូចជា កិត្តិ យសប្រទេសជាតិរបស់យើងទាំងមូលផងដែរ “។

លោក ធា គ្រុយ លើកឡើងដូច្នេះ នៅក្នុង ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១០ ធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០១៩ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងដែរថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាម បានចុះបញ្ជិកាសឹងតែ ១០០ ភាគរយហើយ គឺ នៅសេសសល់មួយចំនួនតិចបំផុត ពិសេសគ្រូពេទ្យទើបចេញថ្មីៗ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានណែនាំបន្ថែមដល់ប្រធានមន្ទីរពេទ្យ ប្រធានការិយា​លយ័សុខាភិបាលស្រុកឱ្យយកចិត្តទុកដាក់ ប្រមូលគ្រូពេទ្យដែលនៅសេសសល់នេះឲ្យរួស​រាន់មកដាក់ពាក្យសុំចុះឈ្មោះ ក្នុងបញ្ជីគណៈគ្រូពេទ្យ ដើម្បី ឆ្លើយតបទៅ នឹងការគោរពច្បាប់វិជ្ជាជីវៈសុខាភិបាល ហើយលោកបានក្រើនរំលឹកដោយសង្កត់ធ្ងន់ថា ដល់រាល់អាជីវកម្មគ្រប់ប្រភេទរបស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល មិនត្រូវធ្វើឲ្យហួសពីដែនកំណត់របស់ច្បាប់អនុញ្ញាតឡើយ ។

បើទោះជាទទួលស្គាល់ថា សមត្ថភាពគ្រូពេទ្យខ្លះនៅមានកម្រឹតក្តី ក៏លោកប្រធានមន្ទីរសុខាភិបាលរូបនេះ បានឱ្យតម្លៃ លើសីលធម៌ និងជំនាញសមត្ថភាព គ្រូពេទ្យដែលមានមកដល់ពេលនេះ គឺមានជំហានអភិវឌ្ឍន៍ល្អ ដោយសារការចូលរួមក្នុងការសិក្សាផ្តោះប្តូរបទពិសោធន៍លើចំណេះដឹង តាមរយៈទិវាអភិវឌ្ឍន៍ និង សិក្ខាសិលា បច្ចេកទេសផ្សេងៗដែលរួមចំណែកកាត់បន្ថយបាននូវភាពថ្នាំងថ្នាក់ និងហានិភ័យដល់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានសន្យាក្នុងនាមថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តថា នឹងបន្តជួយជ្រោមជ្រែងដល់គណៈគ្រូពេទ្យដើម្បីបន្តបេសកកម្ម ដ៏មានសារសំខាន់នេះ ឱ្យកាន់តែទទួលបានជោគជ័យថ្មីៗទៀត ជាគុណប្រយោជន៍ ចំពោះសុខភាពសុខុមាលភាពប្រជាពលរដ្ឋ៕B/