គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅ​ឃុំ​រកា ប្ដឹង​ឧទ្ធរណ៍​ឲ្យ​បន្ធូរ​បន្ថយទោស​

1051
ចែករម្លែក

ភ្នំពេញ​៖ ក្នុង​សវនាការ នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១៧ សីហា គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅ​ឃុំ​រកា ដែល​ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​ផ្ដន្ទាទោស​ក្រោយពី​ចោទប្រកាន់ថា បាន​ចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ បានស្នើ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ឲ្យ​បន្ធូរ​បន្ថយទោស​លោក ពី​២៥​ឆ្នាំ មក​ត្រឹម ១០​ឆ្នាំ​។ ជាមួយគ្នានេះ មេធាវី​របស់លោក​ស្នើ​ប្ដូរ​បទ​ចោទ​ចំនួន ៣​ករណី មកជា​១​ករណី គឺ​ត្រឹម​ជា​បទ​ចោទ​ឃាតកម្ម​ដោយ​អ​ចេតនា​។​

​ក្រោយ​សវនាការ​បញ្ចប់ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​នេះ ទៅ​ថ្ងៃទី​៨ កញ្ញា ឆ្នាំ​២០១៧​។​

​គ្រូពេទ្យ យ៉ែម ជ្រិ​ន ត្រូវបាន​សាលាដំបូង​ខេត្តបាត់ដំបង ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​៣ ខែធ្នូ​ឆ្នាំ​២០១៥ ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់គុក ២៥​ឆ្នាំ ក្រោម​បទចោទប្រកាន់​ចំនួន ៣​ករណី គឺ​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល បទ​អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម និង​បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកដទៃ​ដោយ​ចេតនា​៕L ដោយ​៖ លីន​ណា​