គ្រូមន្តអាគម​ម្នាក់​ស្លាប់​ក្នុង​ខ្ទះ​ក្តៅ បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​ខុស​បច្ចេកទេស​

39134

​បុរស​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា “​គ្រូមន្តអាគម​” បាន​ស្លាប់ បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​រហូតដល់​ឆ្អិន​ស្លាប់​ដោយ​ចៃដន្យ​នៅក្នុង​ខ្ទះ​ធំ ខណៈពេល​ព្យាយាម “​សម្អាត​កាយ​និង​ព្រលឹង​”​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៥ តុលា​។​

​លោក លឹម បា ដែល​គេ​ស្គាល់​ផងដែរ​ថា “​ឆ្កែ​ខ្មៅ​” បាន​អង្គុយពែនភ្នែន​នៅក្នុង​ខ្ទះ​ដែក​ដ៏​ធំ​មួយ​នៅ​វត្ត​ចិន​មួយ​នៅក្នុង​ភូមិ ស៊ូ​ឡា សាំង​ឡាង ដែលជា​ភូមិ​ឆ្នេរសមុទ្រ​តូច​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាឡេស៊ី​។​

​គម្រប​វែង​មួយ​ត្រូវ​បានដាក់​គ្របពីលើ​បុរស​អាយុ ៦៨ ឆ្នាំ​រូបនេះ ដើម្បី​ស្ងោរ ហើយ​គាត់​បានដាក់​ដៃ​សំពះ​ដើម្បី​អធិស្ឋាន​មុនពេល​ដុត​ភ្លើង​នៅ​ពីក្រោម​ខ្ទះ​នោះ​។​

​ប៉ុន្តែ​ក្រោយ​រយៈពេល ៣០ នាទី ការ​អធិស្ឋាន​នេះ​ក៏​ខុស​បច្ចេកទេស ហើយ​គ្រូមន្តអាគម​លឹម បា បាន​គោះ​សុំ​ឱ្យគេ​ជួយ​ទាំង​តក់ក្រហល់​នៅ​ខាងក្នុង​គម្រប​ដែក​។​

​ពេល​បើក​គម្រប​ឡើង លោក​លឹម​ត្រូវគេ​ប្រទះឃើញ​សន្លប់​បាត់ស្មារតី ហើយ​មាន​ចំហាយ​ទឹក​ហុយ​ជុំវិញ​គាត់​។ គាត់​ត្រូវបាន​ប្រកាសថា​ស្លាប់​ដោយសារ​រលាក​កម្រិត​ទី​ពីរ​និង​ការ​គាំងបេះដូង​។​

​កាសែត The Star របស់​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា កូនប្រុស​ពៅ​របស់លោក លឹម បា គឺ​លោក កាំ​ង ហួយ អាយុ ៣២ ឆ្នាំ​បាន​និយាយថា​ឪពុក​របស់គាត់​បាន​ស្ងោរ​ខ្លួនឯង​ទាំង​រស់​អស់​ជាង ១០ ឆ្នាំ​មកហើយ បើទោះបីជា​គ្រួសារ​របស់គាត់​មានការ​ព្រួយបារម្ភ​ក្តី​៕ ដោយ៖ កញ្ញាដាលីស

គ្រូមន្តអាគម លឹម បា ស្លាប់ បន្ទាប់ពី​ស្ងោរ​ខ្លួនឯង​ក្នុង​ខ្ទះ​ក្តៅ​ខុស​បច្ចេកទេស